សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាច្រានចោលការអះអាងរបស់ថៃ ជំរុញឱ្យបន្តការកំណត់ព្រំដែនគោក ខណៈដំណើរការ UNCLOS បន្តដោយឡែក

8 ម៉ោងមុន

ភ្នំពេញ៖ កម្ពុជាបានច្រានចោលការអះអាងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលថាការសម្រេចរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបិទផ្លូវនៃការចរចាព្រំដែនគោករវាងប្រទេសទាំងពីរ ដោយអះអាងថា ការលើកឡើងនេះ "មិនមែនជាការពិត" ហើយបានអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកបន្តការងារកំណត់ព្រំដែនតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ដោយសុចរិត។

 

នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបទៅនឹងការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកែវកែវ (Sihasak Phuangketkeow) ដែលបានថ្លែងនៅទីក្រុងប៉េកាំងថា ការដែលកម្ពុជាប្រើប្រាស់យន្តការផ្សះផ្សាក្រោម UNCLOS បានធ្វើឱ្យការចរចាព្រំដែនគោករវាងប្រទេសទាំងពីរជាប់គាំង។

ក្រសួងការបរទេសកម្ពុជាបានចាត់ទុកការលើកឡើងនេះថា ជាការបកស្រាយខុសពីការពិត ដោយបញ្ជាក់ថា បញ្ហាព្រំដែនសមុទ្រ និងព្រំដែនគោក ស្ថិតក្រោមក្របខណ្ឌច្បាប់ និងយន្តការទ្វេភាគីខុសគ្នា ហើយមិនគួរត្រូវបានភ្ជាប់ជាបញ្ហាតែមួយនោះទេ។

 

«ការប្រើប្រាស់យន្តការក្រោម UNCLOS របស់កម្ពុជា គឺពាក់ព័ន្ធតែបញ្ហាព្រំដែនសមុទ្រប៉ុណ្ណោះ។ ព្រំដែនសមុទ្រ និងព្រំដែនគោក ស្ថិតក្រោមក្របខណ្ឌច្បាប់ និងយន្តការទ្វេភាគីផ្សេងគ្នា» អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់។

 

ក្រសួងបានបន្តថា UNCLOS គឺជាយន្តការអន្តរជាតិដែលទទួលស្គាល់សម្រាប់ដោះស្រាយវិវាទដែនសមុទ្រដោយសន្តិវិធី ហើយមិនអាចយកមកធ្វើជាហេតុផលដើម្បីផ្អាកការងារកំណត់ព្រំដែនគោក តាមរយៈ គណៈកម្មការព្រំដែនចម្រុះ (JBC) ដែលប្រទេសទាំងពីរបានឯកភាពបង្កើតក្រោម អនុស្សរណៈនៃការយោគយល់គ្នា (MoU) ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ នោះឡើយ។

 

«UNCLOS គឺជាមធ្យោបាយដែលមានការឯកភាពគ្នា និងមានលក្ខណៈសន្តិវិធីសម្រាប់ដោះស្រាយវិវាទដែនសមុទ្រ។ វាមិនអាចត្រូវបានចាត់ទុកដោយសមហេតុផលថា ជាមូលហេតុសម្រាប់ផ្អាកការងារកំណត់ព្រំដែនគោក តាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) នោះទេ» សេចក្តីថ្លែងការណ៍បានបញ្ជាក់។

កម្ពុជាបានរំលឹកថា ការងារកំណត់ព្រំដែនគោកត្រូវបានភាគីទាំងពីរបញ្ជាក់ជាថ្មីនៅក្នុង កិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយបានអះអាងថា មិនមានមូលហេតុផ្នែកច្បាប់ ឬការអនុវត្តណាមួយ ដែលអាចយកមកធ្វើជាហេតុផលពន្យារពេលការងាររបស់ JBC ខណៈដំណើរការផ្សះផ្សាក្រោម UNCLOS កំពុងដំណើរការដោយឡែក។

 

សេចក្តីថ្លែងការណ៍ក៏បានចោទប្រកាន់ថា ប្រទេសថៃជាភាគីដែលបានដកខ្លួនជាឯកតោភាគីចេញពីក្របខណ្ឌចរចាទ្វេភាគីលើបញ្ហាព្រំដែនសមុទ្រ ទោះបីកម្ពុជាបានស្នើសុំឱ្យបន្តយន្តការនោះក៏ដោយ។ ក្រសួងបានបន្ថែមថា កន្លងមក ថៃក៏ធ្លាប់បង្ហាញបំណងប្រើប្រាស់ UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រផងដែរ ដូច្នេះការរិះគន់កម្ពុជានៅពេលនេះ គឺមិនស្របគ្នានឹងជំហរដែលថៃធ្លាប់ប្រកាន់កន្លងមកឡើយ។

 

«កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ការបង្កើតលេស ដើម្បីពន្យារពេលដោយចេតនា ហើយវិលត្រឡប់មកបន្តដំណើរការកំណត់ព្រំដែន ដែលប្រទេសទាំងពីរបានឯកភាពរួចហើយ ដោយសុចរិត» អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍។

 

ក្នុងសេចក្តីថ្លែងការណ៍ដដែល កម្ពុជាក៏បានលើកឡើងពីការគាំទ្រពីសហគមន៍អន្តរជាតិ ដោយយោងទៅលើសេចក្តីសម្រេចរបស់ សភារដ្ឋសភាប្រើភាសាបារាំង (Assemblée Parlementaire de la Francophonie – APF) ដែលអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ សេចក្តីសម្រេចនោះបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា អំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង និងគាំទ្រការបន្តការងាររបស់គណៈកម្មការព្រំដែនចម្រុះ។

 

កម្ពុជាក៏បានអំពាវនាវឱ្យថៃគោរពសាលក្រមរបស់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ស្តីពីប្រាសាទព្រះវិហារ ព្រមទាំងការកំណត់ព្រំដែនស្របតាម សន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានភាគីទាំងពីរទទួលស្គាល់ឡើងវិញនៅក្នុងអនុស្សរណៈឆ្នាំ២០០០។

 

នៅក្នុងការបញ្ចប់សេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានព្រមានថា ការពន្យារពេលការកំណត់ព្រំដែនគោកដោយគ្មានកាលកំណត់ ដើម្បីធ្វើឱ្យការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្លាយជាអចិន្ត្រៃយ៍ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើ ធម្មនុញ្ញអង្គការសហប្រជាជាតិ និង ធម្មនុញ្ញអាស៊ាន ហើយមិនគួរត្រូវបានអនុញ្ញាតឱ្យបន្តកើតមាននោះឡើយ។

 

សេចក្តីថ្លែងការណ៍នេះបង្ហាញពីការបន្តភាពតានតឹងផ្នែកការទូតរវាងកម្ពុជា និងថៃ ជុំវិញបញ្ហាព្រំដែន ខណៈកម្ពុជាបន្តជំរុញការដោះស្រាយវិវាទដែនសមុទ្រតាមយន្តការច្បាប់អន្តរជាតិ ក្រោម UNCLOS និងទទូចឱ្យការងារកំណត់ព្រំដែនគោកតាមរយៈ គណៈកម្មការព្រំដែនចម្រុះ (JBC) បន្តដំណើរការដោយឡែក ស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។

 

ព័ត៌មានទាក់ទង

កម្ពុជាច្រានចោលការអះអាងរបស់ថៃ ជំរុញឱ្យបន្តការកំណត់ព្រំដែនគោក ខណៈដំណើរការ UNCLOS បន្តដោយឡែក កម្ពុជារក្សាជំហរដោះស្រាយវិវាទដោយសន្តិវិធីទាំងដែនទឹក និងដែនគោក ខណៈជប៉ុនផ្តល់ជំនួយសន្តិសុខជាតិលើកដំបូង កម្ពុជា-ថៃ ឯកភាពផ្តល់ពេលបន្ថែមដល់អ្នកផ្សះផ្សា ដើម្បីជ្រើសរើសប្រធានគណៈកម្ម​ការ​ផ្សះ​ផ្សា​វិវាទដែនសមុទ្រ ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានភាពជនផ្លាស់ទីលំនៅនៅខេត្តព្រះវិហារ គ្រាដែលកម្ពុជាអំពាវនាវឱ្យពន្លឿនការវាស់វែងព្រំដែន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គ មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ ផ្តល់យោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តឧត្តរមានជ័យ ក្រសួងការងារបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម