អត្ថបទ៖ យូ វាសនា
យោងតាមទំព័រហ្វេសបុកផ្លូវការបស់ក្រសួងកសិកម្ម ដែលបានផ្សាយថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងឱកាសនេះ ឯកឧត្តម ឌិត ទីណា បានសម្ដែងក្តីសោមនស្សជាអនេក ដែលបានចូលរួមកម្មវិធីដាំដើម ឈើដែលរៀបចំឡើងក្រាមកិច្ចសហការរវាងរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងរដ្ឋបាលខេត្តកំពង់ធំនាពេលនេះ។
ឯកឧត្តមរដ្ឋមន្ដ្រី សង្កត់ធ្ងន់ថា ការដាំដើមឈើនៅទីនេះពិតជាមានសារៈសំខាន់ ដែលទាមទារការចូលរួមពីយើងទាំងអស់គ្នា ទាំងក្នុងការដាំ និងការចូលរួមថែរក្សាការពារព្រៃឈើ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់អំពីគោលនយោបាយវិស័យកសិកម្មកម្ពុជាធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត ដែលបានគិតគូរយ៉ាងវែងឆ្ងាយ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ពាក់ព័ន្ធនឹងការពារអភិរក្ស ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តឱ្យប្រជាកសិករត្រូវកែប្រែឥរិយាបថកាប់ព្រៃឈើយកដីដាំដំឡូងមី និងការទន្ទ្រានដីរដ្ឋផ្សេងៗ មកគិតគូរពីនិរន្តរភាពព្រៃឈើ និងបរិស្ថានសម្រាប់កូនចៅយើងនាថ្ងៃមុខ។
តាមរយៈការចូលរួមការពារព្រៃឈើ និងដាំដើមឈើឡើងវិញ ឯកឧត្តមរដ្ឋមន្ដ្រី សង្ឃឹមថា នាពេលអនាគត កម្ពុជានឹងបន្តមានព្រៃឈើជាច្រើនសម្រាប់អាស្រ័យផល ទាក់ទាញទឹកភ្លៀងសម្រាប់ការធ្វើកសិកម្ម និងអាចប្រើប្រាស់បានជាប្រយោជន៍រួមទាំងអស់គ្នា៕
រូបភាព៖ ក្រសួងកសិកម្ម
28-វិច្ឆិកា-2024 - ម៉ោង 10:33:AM
25-វិច្ឆិកា-2024 - ម៉ោង 03:28:PM
11-វិច្ឆិកា-2024 - ម៉ោង 04:03:PM
16-តុលា-2024 - ម៉ោង 11:55:AM