អត្ថបទ៖ សំនៀង
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងនៅលើទំពរហ្វេសបុកផ្លូវការរបស់លោកថា ជាធម្មតាថ្លៃស្រូវ OM ដែលជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ៨០០៛-១០០០៛ ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ ចំណែកឯថ្លៃខ្ពស់កាលពីឆ្នាំ២០២៣គឺជាករណីពិសេសតែប៉ុណ្ណោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ យើងសង្កេតឃើញថាថ្លៃស្រូវសែនក្រអូប ដែលជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា នៅបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះកំពុងមានតម្លៃល្អខ្លាំងបើធៀបនឹងស្រូវ OM គឺ ១៤០០៛ ក្នុងមួយគីឡូស្រូវសើម។
ឯកឧត្តម បានបន្តទៀតថា កសិករខ្មែរគួរពិចារណាងាកមកប្រើប្រាស់ពូជក្នុងស្រុករបស់យើងវិញទើបប្រសើរជាង និងបានទាំងតម្លៃល្អ ហើយប្រសិនបើមានបញ្ហារឿងថ្លៃ យើងមានយន្តការអាចជួយអន្តរាគមន៍ភ្លាមៗបាន ខុសពីការប្រើប្រាស់ពូជរបស់គេ តែគេមិនទិញឬគេបង្អាប់ទិញក្នុងតម្លៃថោក យើងគ្មានអ្វីក្រៅពីទ្រាំទទួលយកនោះទេ។ ការវិភាគថ្លៃស្រូវ គួរធ្វើឡើងដោយប្រុងប្រយ័ត្ន ដោយត្រូវប្រើប្រាស់ទិន្នន័យក្នុងពេលតំណាលគ្នានៃឆ្នាំនីមួយ គេមិនត្រូវយកថ្លៃស្រូវខែវស្សាទៅធៀបនឹងថ្លៃស្រូវខែប្រាំងឡើយ។ ការលើកឡើងរបស់ឯកឧត្តមនេះ ក្រោយមានការចេញផ្សាយនូវតារាងអំពីផលធៀបថ្លៃស្រូវសើមក្នុងខែកញ្ញាសម្រាប់រយៈពេល៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០២០ ដល់ ២០២៤។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានប្រាប់បៃតងប៉ុស្តិ៍ថា ការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម គឺជារឿងដែលល្អប្រសើរមួយ ជាពិសេសការជំរុញឲ្យកសិករប្រើពូជស្រូវសែនក្រអូបនេះ ព្រោះវាមានតម្លៃល្អសមស្រប និងការទទួលបានទិន្នផលខ្ពស់ មិនមានការខាតបង់នៅពេលមានការធ្លាក់ថ្លៃ ប៉ុន្តែអ្វីដែលចង់ឱ្យក្រសួងមានការយកចិត្តទុកដាក់នោះ គឺថាពូជស្រូវនេះពរដ្ឋគួទៅរកទិញនៅកន្លែងណាបាន ក៏ដូចជាការរៀបចំចរាចរនៃការលក់ពូជស្រូវសែនក្រអូបនេះឱ្យបានទូលំទូលាយ ដូចជានៅក្នុងកម្រិតភូមិ ឬនៅតាមមូលដ្ឋាន ដើម្បីបង្កភាពងាយស្រួលដល់កសិករក្នុងការរកទិញពូជស្រូវ និងមានកំណត់តម្លៃឲ្យបានច្បាស់លាស់ ព្រោះនៅតាមទីជនបទមួយចំនួនកសិករពិបាកក្នុងការរកទិញ និងមានតម្លៃថ្លៃទៀតផង។
លោកបានបន្តថា ដើម្បីបង្កភាពងាយស្រួលដល់កសិករបែបនេះ តើក្រសួងគួធ្វើដូចម្ដេចដើម្បីផ្សព្វផ្សាយ និងសហការជាមួយក្រសួងពាណិជ្ជកម្មក្នុងការចែកចាយពូជស្រូវរបស់កម្ពុជា ហើយត្រូវជំរុញឱ្យប្រជាពលរដ្ឋធ្វើការផ្លាស់ប្ដូរឥរិយាបថពីការប្រើប្រាស់ពូជស្រូវ OM របស់វៀតណាម មកប្រើប្រាស់ពូជស្រូវសែនក្រអូបរបស់ខ្មែរយើងវិញ ដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ និងតម្លៃថ្លៃ។
សូមបញ្ជាក់ថា ស្រូវសែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ៕
28-វិច្ឆិកា-2024 - ម៉ោង 10:33:AM
25-វិច្ឆិកា-2024 - ម៉ោង 03:28:PM
11-វិច្ឆិកា-2024 - ម៉ោង 04:03:PM
16-តុលា-2024 - ម៉ោង 11:55:AM