សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

មន្ត្រីជំនាញជលផលបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកជាង ៥ពាន់ម៉ែត្រ ក្រោយចុះបង្រ្កាបបទល្មើសនេសាទ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប

13-សីហា-2024 - ម៉ោង 04:09:PM

អត្ថបទ៖ យូ វាសនា

 

យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងខេត្តសៀមរាប។

 

ឯកឧត្តម ប៉ែន ផល្លីកា បញ្ជាក់ថា នៅខេត្តកំពង់ធំ ក្រុមការងារបានល្បាតពីចំណុចបាឡត រហូតដល់ចំណុចកំព្រាម ក្នុងភូមិសាស្រ្តឃុំពាមបាង ស្រុកស្ទោង និងពីចំណុចផ្សោត ដល់ចំណុចកោះតាបរ ក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងខេត្តសៀមរាប នៅចំណុចជ្រោយស និងចំណុចមាត់ខ្លា ក្នុងភូមិសាស្រ្តឃុំអន្លង់សំណរ ស្រុកជីក្រែង។ បន្ថែមពីនេះ កម្លាំងចម្រុះក៏បានចុះពិនិត្យស្ថានភាពកន្លែងអភិរក្សជលផលទន្លេឆ្មារ កន្លែងអភិរក្សជលផលបាឡត (អតីតឡូត៍នេសាទលេខ៤) និងកន្លែងអភិក្សជលផលព្រែកខ្សាច់ (អតីតឡូត៍លេខ២)។

 

នៅក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានបង្រ្កាប និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងចំនួន ៥ករណី ដោយបានដកហូតឈ្នាងអូសលៀស-ខ្ចៅអូសដោយកម្លាំងម៉ាស៊ីនក្នុងរដូវបិទនេសាទចំនួន ៨គ្រឿង របាំងសាច់អួនក្រឡាញឹក ១៤របាំង ប្រវែងប្រមាណ ៥ ២០០ម៉ែត្រ លូសាច់អួនក្រឡាញឹកចំនួន ៣៤មាត់ ឡុកចំនួន ២៧គ្រឿង បង្គោលចម្រឹងចំនួន ២ ៦៥០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញប្រមាណ ២៥០គីឡូក្រាម។

ឯកឧត្តម ប៉ែន ផល្លីកា បន្តថា ក្រុមការងារនឹងបន្តអនុវត្តការងារនេះពេញមួយសប្តាហ៍ជាប់គ្នា ក្នុងគោលបំណងទប់ស្កាត់បទល្មើសជលផលដែលបង្កមហន្តរាយដល់មច្ឆជាតិធម្មជាតិ ក៏ដូចជា ជីវចម្រុះគ្រប់ប្រភេទដែលកំពុងពងកូន និងចល័តទីនារដូវទឹកតម្លើង ពោលគឺរដូវបិទនេសាទ។ តាមការពិនិត្យជាក់ស្តែងក្នុងការទប់ស្កាត់បទល្មើសជលផល ក្រុមការងារសង្កេតឃើញថា កូនត្រីប្រានិងត្រីពោ មានកំណើនច្រើនជាងឆ្នាំមុនផងដែរ។

 

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានប្រាប់បៃតងប៉ុស្តិ៍ថា ការបង្ក្រាបបទល្មើសនេសាទនេះ គឺជាអ្វីដែលសមត្ថកិច្ចបានធ្វើជារៀងរាល់ថ្ងៃព្រោះក្រសួងមានក្រុមការងារនៅទូទាំងប្រទេសពោលគឺមិនមែនចាំតែមានបទល្មើសទើបចុះបង្ក្រាបនោះទេគឺមានយន្តការតាមដានបន្ទាប់ពីទទួលព័ត៌មាន និងឈានទៅដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំពោះករណីដែលមានថ្នាក់ដឹកនាំក្រសួងចុះដឹកនាំបង្ក្រាបដោយផ្ទាល់នេះគឺជាការងារអធិការកិច្ច។

 

បើតាមឯកឧត្តម ឃឹម ហ្វីណង់ បទល្មើសនេសាទគឺកើតឡើងតាមរដូវកាលគឺមិនអាចកំណត់បានថាកើតនៅតំបន់ណាច្រើនជាងតំបន់ណានោះទេ៕

 

ព័ត៌មានទាក់ទង

សហគមន៍ដីធ្លីមកពីស្រុកចំនួន៣នៅក្នុងខេត្តស្វាយរៀង ប្រារព្ធទិវាសិទ្ធិមនុស្សក្រោម ប្រធានបទ«ឆ្ពោះទៅសិទ្ធិកសិករ និងគាំពារសង្គម » តំណាងកសិករខ្នាតតូចស្នើសុំអន្តរាគមន៍ពីក្រសួងការងារេចំនួន៨ចំនុចដើម្បីសម្រួលដល់ជីវភាពរស់នៅ វេទិកាកសិករថ្នាក់ជាតិលើកទី១៣ បានប្រារព្ធឡើងក្រោមប្រធានបទ «កសិកម្មប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា» រដ្ឋមន្ត្រីក្រសួងកសិកម្មចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សហគមន៍ដីធ្លីនៅខេត្តកោះកុងបើកយុទ្ធនាការ ១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន ក្រសួងដែនដី ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន២ ក្នុងឃុំបួរ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យកសិករធ្វើស្រូវសែនក្រអូបជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា ជាជាងការធ្វើពូជស្រូវ OM របស់វៀតណាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្ហាញវីដេអូចំនួន១២ ពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦ មន្ត្រីជំនាញជលផលបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកជាង ៥ពាន់ម៉ែត្រ ក្រោយចុះបង្រ្កាបបទល្មើសនេសាទ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម