អត្ថបទ៖ កែវ រតនៈ
យោងតាមការផ្សព្វផ្សាយរបស់ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងបាននិងកំពុងដាក់ពង្រាយមន្រ្តីកសិកម្មនៅគ្រប់ឃុំ សង្កាត់មានសក្តានុពលកសិកម្មទាំងអស់នៅទូទាំងប្រទេស ដែលក្នុងនោះក៏មានចំនួន ១៥៣ នាក់នៅគ្រប់ឃុំទាំងអស់នៃខេត្តទាំង៤ នៃតំបន់ CLV-DTA នៅក្នុងឆ្នាំ២០២៤ និង២០២៥ ដើម្បីសម្របសម្រួលការអភិវឌ្ឍកសិកម្ម និងដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ។
ករណីនេះ ឯកឧត្តម យ៉ង សាំងកុមារ បានលើកឡើងថា យុវជនដែលស្រឡាញ់ទឹកដីនិងស្រឡាញ់ការងារកសិកម្មត្រៀមដាក់ពាក្យប្រឡងដើម្បីក្លាយជាមន្រ្តីកសិកម្មឃុំល្អបម្រើកសិករ និងប្រទេសជាតិ ជាពិសេសនៅតាមឃុំជាប់ព្រំដែន។
ឯកឧត្តម យ៉ង សាំងកុមារ បញ្ជាក់ថាគម្រោង CLV-DTA គ្រាន់តែជាការសហការគ្នារវាងខេត្តជាប់គ្នានៃប្រទេសទាំង ៣ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តគោលដៅដោយប្រទេសនីមួយៗនៅរក្សាអាធិបតេយ្យជាតិរៀងខ្លួន។ គម្រោង CLV នេះមានអាយុ២៥ ឆ្នាំរួចមកហើយ។ មកដល់ពេលនេះភូមិឃុំស្រុកក្រុងនៃខេត្តទាំង ៤ អត់មានបាត់ទៅណា ហើយក៏នឹងមិនបាត់ទៅណាដែរនាពេលខាងមុខ។
ផ្ទុយទៅវិញ ខេត្តទាំង ៤ មានការផ្លាស់ប្តូរមុខមាត់ច្រើន ជាពិសេសការអភិវឌ្ឍផ្លូវតភ្ជាប់គ្នាក្នុងខេត្ត និងពីខេត្តមួយទៅខេត្តមួយ និងទៅតំបន់ព្រំដែន ការរៀបចំឲ្យមានប្រព័ន្ធបណ្តាញអគ្គិសនី ការកើនឡើងផលិតកម្មកសិកម្មនិងចំនួនទេសចរដោយសារការសម្រួលខាងផ្លូវគមនាគមន៍ និងអគ្គិសនី។ ជាក់ស្តែងខេត្តមណ្ឌលគីរីមានការអភិវឌ្ឍច្រើនជាងគេខាងវិស័យទេសចរណ៍។ ឯចំនួនប្រជាពលរដ្ឋពីខេត្តផ្សេងៗក៏ទៅរស់នៅខេត្តទាំង ៤នេះកាន់តែច្រើនដែរ ជាពិសេសនៅខេត្តរតនគីរី។
តែទន្ទឹមនឹងនេះក៏នៅមានការប្រឈមមួយចំនួនដែរ ជាពិសេស វិស័យកសិកម្ម និងជីវភាពកសិករ។ គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំនៅគ្រប់ភូមិឃុំ និង ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប គឺដើម្បីងាយស្រួលដោះស្រាយបញ្ហា ទុន ទីផ្សារ ទឹក បញ្ហាប្រឈមនានារបស់កសិករ ដែលនឹងនាំមកនូវការបង្កើនផលិតកម្មកសិកម្មផ្សារភ្ជាប់មកទីផ្សារ និងប្រាក់ចំណូលជូនកសិករ។
បើតាមអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងមានផែនការពង្រាយមន្ត្រីកសិកម្មឃុំ ចំនួន ១ ៦០០ នាក់ ក្នុងបេសកកម្មធ្វើការបម្រើកសិករ ១,៦ លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជន ៧,៥ លាននាក់ នៅគ្រប់ភូមិ ឃុំទូទាំងប្រទេស ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨៕
28-វិច្ឆិកា-2024 - ម៉ោង 10:33:AM
25-វិច្ឆិកា-2024 - ម៉ោង 03:28:PM
11-វិច្ឆិកា-2024 - ម៉ោង 04:03:PM
16-តុលា-2024 - ម៉ោង 11:55:AM