អត្ថបទ៖ សំនៀង
ថ្លែងក្នុងវេទិកាសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ដីពី«ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យកសិ-ចំណីអាហារដំឡូងមី និងស្វាយចន្ទីនៅកម្ពុជា» ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជាដោយថា ក្រសួងកសិកម្មទទួលស្គាល់ថា ដោយសារតែមានការដឹកនាំល្អរបស់រាជរដ្ឋាភិបាល ការប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា រួមនឹងកិច្ចសហការ និងការជួយជ្រុំជ្រែងរបស់ដៃគូអភិវឌ្ឍទាំងអស់ ធ្វើឲ្យកម្ពុជាអាចដោះស្រាយបាននូវផលិតកម្មស្រូវ ដែលជាអាហារសំខាន់របស់ជាតិចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះកម្ពុជាមានលទ្ធភាពអាចផលិតស្រូវបានជាង១២លានតោន មានន័យថាលើសពីសេចក្ដីត្រូវការនៅក្នុងស្រុកប្រមាណជាពាក់កណ្ដាល។ ការនាំចេញស្រូវ ដំឡូងមី ពោត និងកសិផលផ្សេងៗជាច្រើនទៀតទៅកាន់បរទេសមានន័យថា កម្ពុជាមានលទ្ធភាពរួមចំណែកធ្វើឱ្យមានសន្តិសុខស្បៀងនៅក្នុងពិភពលោក។ ទោះជាដូច្នេះក្ដី កម្ពុជានៅតែមានការនាំចូលនូវបន្លែ ផ្លែឈើ ត្រី សាច់ជាច្រើនពីបរទេស ហើយកម្ពុជាក៏កំពុងតែយកចិត្តទុកដាក់ពីការនាំចូលទាំងនោះមានបង្កប់នូវសារធាតុមិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាជន។
ឯកឧត្តមបន្ថែមថា ការង្កើតឱ្យមានសហគមន៍កសិកម្មទំនើបគឺដើម្បីជួយដល់កសិករក្នុងការបង្កើនតម្លៃកសិផល និងកាត់បន្ថយការនាំចូល ប៉ុន្តែដោយបច្ចុប្បន្ននេះការបង្កើកសិកម្មដូចជាសហគមន៍នេះ មិនទាន់មានដំណើរការល្អ ដោយនៅពឹងផ្អែកលើរដ្ឋ និងគម្រោងនានា ទាំងសមត្ថភាព បច្ចេកទេស និងថវិកា មិនមានសមត្ថភាពផលិតជាពិសេសទៅតាមកិច្ចសន្យាជាទ្រង់ទ្រាយធំ ហើយក៏មិនមានសុវត្ថិភាព។ នៅឆ្នាំ២០២២ ក្រសួងកសិកម្មបានវាយតម្លៃថាក្នុងចំណោមសហគមន៍ជាង ១២០០នៅទូទាំងប្រទេស មានសហគមន៍ប្រមាណជា១៧% រឹងមាំ ៦០%មធ្យម និង១៦%ខ្សោយ ហើយភាពរឹងមាំនៃសហគមន៍ទាំងអស់នេះភាគច្រើនគឺពឹងផ្អែកទៅលើមុខរបរឥណទាន និងការលក់ធាតុចូលជាសមាជិករបស់ខ្លួន។ ដោយសារតែគំនិត ឬកម្មវិធីគោលនយោបាយស្ដីពីសហគមន៍កសិកម្មទំនើបថ្មីនៅតែសំខាន់ រដ្ឋាភិបាលបាននៅតែបន្តនូវការបង្កើតនូវសមាគមន៍កសិកម្មទំនើបតាមគោលការណ៍ស្ម័គ្រចិត្ត ដោយដាក់តាមគោលការណ៍ស្រែចម្ការជាទុន គឺមិនដាក់ប្រាក់ជាទុនដូចពីមុននោះទេ ក្នុងករណីនេះមានន័យថា មិនមែនការដាក់ស្រែចម្ការចូលដាច់នេះទេ គឺនៅតែជាកម្មសិទ្ធរបស់ពលរដ្ឋ គឺគ្រាន់តែអនុវត្តទៅតាមប្រធានសហគមន៍ ហើយប្រសិនបើមើលឃើញថាការចូលរួមរបស់គាត់មិនមានភាពរីកចម្រើនជាងការធ្វើម្នាក់ឯង កសិករអាចដក់ខ្លួនចេញវិញបាន។ ម៉្យាងវិញទៀត ក្រសួងក៏ជួយក្នុងការរៀបចំរចនាសម្ព័ន្ធនៅក្នុងសហគមន៍ ដើម្បីឱ្យមានដំណើរការល្អ ដោយមានអ្នកដឹកនាំច្បាស់លាស់ ដូចជានាយកប្រត្តិបត្ត គណនេយ្យ និងជំនួយការជាដើម ដែលអ្នកទាំងអស់នេះគ្រប់គ្រងការផលិត ការធ្វើអាជីវកម្ម រួមទាំងការខ្ចីនិងសងដើមទុន ហើយកិច្ចការទាំងអស់នោះត្រូវធ្វើប្រកបដោយសម្ថភាព និងតម្លាភាព។ ចំពោះការបែងចែកភាគលាភ គឺត្រូវធ្វើដោយមានតម្លាភាព និងភាពស្មោះត្រង់ គឺទៅតាមសមាមាត្រ និងផលដែលទទួលបាន។ លើសពីនេះ ក៏មានការគាំទ្រពីសំណាក់ក្រសួងកសិកម្ម ដោយក្រសួងនឹងជួយបង្កើត ជួយរកដើមទុន ជួយកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ស្រះទឺក ប្រឡាយ ជួយផ្ដល់នាយកប្រត្តិបត្ត និងបុគ្គលិកចាំបាច់ និងប្រាក់ខែពីរដ្ឋក្នុងកំឡុងពេល២ឆ្នាំដំបូង ដើម្បីឱ្យសហគមន៍មានភាពរឹងមាំក្នុងការដំណើរការបានដោយខ្លួនឯង។ ក្រៅពីនោះក្រសួងនៅតែបន្តផ្ដល់ជាបច្ចេកទេស ទាំងកសាងនិងអនុវត្តផែនការអាជីវកម្ម ការគ្រប់គ្រងសហគមន៍ ការគ្រប់គ្រងផលិតកម្ម ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយនិងអ្នកនាំធាតុចូល និងអ្នកផ្គត់ផ្គង់ទិញក្នុងការរកទីផ្សារជូនសហគមន៍ជាដើម។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានប្រាប់បៃតងប៉ុស្តិ៍ថា ការបង្កើតសហគមន៍កសិកម្មទំនើបនេះជារឿងមួយដែលល្អ ប៉ុន្តែអ្វីដែលត្រូវគិតនោះគឺថា តើមានពលរដ្ឋប៉ុន្មាននាក់ដែលគាត់បានយល់ដឹងអំពីផលចំណេញ និងផលខាត រួមជាមួយនឹងព័ត៌មានអំពីយន្តការ វិធីសាស្ត្រ និងនិតិវិធីនៃការគាំទ្ររបស់រដ្ឋាភិបាលក្នុងការបង្កើតកសិកម្មទំនើបនេះ។ ដូច្នេះត្រូវទាមទារឲ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយត្រូវមានការកំណត់នូវទិសដៅឱ្យបានច្បាស់លាស់ដល់កសិករនៅតាមទីជនបទ។ លោកបានបន្ថែមទៀតថា ការបង្កើតសហគមន៍កសិកម្មទំនើបនេះគួតែមានការគាំពារដល់កសិករផ្សេងៗដែលមិនមានលទ្ធភាពក្នុងការចូលរួមក្នុងគម្រោងនេះផងដែរ ដើម្បីឲ្យកសិករទាំងអស់បានទទួលនូវប្រយោជន៍ស្មើរៗគ្នា គឺមិនសំដៅលើតែសហគមន៍កសិកម្មទំនើបនោះទេ៕
រូបភាព៖ បណ្ដាញសង្គម
28-វិច្ឆិកា-2024 - ម៉ោង 10:33:AM
25-វិច្ឆិកា-2024 - ម៉ោង 03:28:PM
11-វិច្ឆិកា-2024 - ម៉ោង 04:03:PM
16-តុលា-2024 - ម៉ោង 11:55:AM