សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

មន្ត្រីជាន់ខ្ពស់ផ្នែកកសិកម្មអះអាងថាសត្វដង្កូវហ្វូងហាក់ថមថយ ខណៈ រុយស នៅវាយប្រហារដំណាំនៅឡើយ

17-កក្តដា-2024 - ម៉ោង 09:44:AM

អត្ថបទ៖ សំនៀង

 

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បៃតងប៉ុស្តិ៍ថា ប្រភេទដង្កូវហ្វូងដែលបានបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋនេះបានកើតឡើងមួយរយៈមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះចាត់ទុកថាអាចគ្រប់គ្រងបានហើយ ដោយសារក្រុមការងាររបស់ក្រសួងកសិកម្មបានចុះធ្វើអន្តរាគមន៍ក្នុងការកម្ចាត់ជូនប្រជាពលរដ្ឋ ហើយក៏ស្ថិតក្នុងដំណាក់កាលមួយដែលមិនមែនជាបញ្ហាប្រឈមនោះទេ ស្របពេលដែលដំណាំដែលរងការប៉ះពាល់នោះ រហូតមកដល់ពេលនេះក៏មានការលូតលាស់ឡើងវិញធម្មតា។

 

ឯកឧត្តមបានបន្ថែមថា ប្រភេទដង្កូវហ្វូងនេះជាប្រភេទមេអំបៅ ដែលមានវដ្តជីវិតវិលជុំ ដោយពេលនៅតូចវាជាដង្កូវ ពេលធំធាត់ទៅជាឌុកឌឿ រួចហើយក៏វិវដ្ដទៅជាមេអំបៅ ហើយពងកូនជាដង្កូវមកវិញ។ បើសិនជានៅក្នុងរដូវធម្មតាវដ្ដជីវិតរបស់វាមានរយៈពេលវែង ប៉ុន្តែដោយសារកន្លងមកអាកាសធាតុមានការប្រែប្រួលទើបធ្វើឲ្យវដ្ដជីវិតលូតលាស់លឿនមានរយៈពេលខ្លីមកត្រឹម៣០ថ្ងៃ ប៉ុន្តែដោយសារមានការចុះអន្តរាគមន៍ និងភាពអំណោយផលពីធម្មជាតិ ទើបធ្វើឲ្យការបំផ្លាញដោយសារដង្កូវនេះមានការថយចុះឡើងវិញ។ ឯកឧត្តមក៏បានលើកឡើងបន្ថែមទៀតថា កន្លងមកប្រភេទដង្កូវហ្វូងនេះបានបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋនៅស្ទើរទូទាំងប្រទេស ប៉ុន្តែចំនួននៃការបំផ្លាញនោះគឺក្រសួងមិនអាចកំណត់ឲ្យជាក់លាក់ពីចំនួននៃផលប៉ះពាល់នោះទេ អាចត្រឹមចន្លោះពី២ទៅ៣ម៉ឺនហិចតា ហើយភាគច្រើនប៉ះពាល់ទៅលើដំណាំស្រូវ ដំឡូងមី ពោត និងសណ្ដែក ហើយបើទោះបីជាទំហំនៃផលប៉ះពាល់មានច្រើនម៉ឺនហិកតា តែបើគិតពីទំហំនៃការខូចខាតគឺមិនដល់១០%នោះទេ។

 

ជាមួយគ្នានេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្រោយពីក្រសួងបានបញ្ចប់នូវការកំចាត់ដង្កូវហ្វូងរួចមក នៅក្នុងពេលថ្មីៗក៏មានប្រភេទរុយស បាននិងកំពុងបំផ្លាញដំណាំស្រូវរបស់កសិករនៅក្នុងខេត្តចំនួន៥ គឺខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្ដាល និងខេត្តត្បូងឃ្មុំ ដែលផលប៉ះពាល់មានជាង៥ម៉ឺនហិកតា តែការខូចខាតមានទំហំតូចនៅឡើយ ហើយភាគច្រើនគឺនៅខេត្តព្រៃវែង។ ឯកឧត្តមបញ្ជាក់ថា ការរាតត្បាតរបស់ពពួកសត្វចង្រៃទាំងនោះ មានស្ថានភាពអាចគ្រប់គ្រងបាន មិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភនោះទេ៕

ព័ត៌មានទាក់ទង

សហគមន៍ដីធ្លីមកពីស្រុកចំនួន៣នៅក្នុងខេត្តស្វាយរៀង ប្រារព្ធទិវាសិទ្ធិមនុស្សក្រោម ប្រធានបទ«ឆ្ពោះទៅសិទ្ធិកសិករ និងគាំពារសង្គម » តំណាងកសិករខ្នាតតូចស្នើសុំអន្តរាគមន៍ពីក្រសួងការងារេចំនួន៨ចំនុចដើម្បីសម្រួលដល់ជីវភាពរស់នៅ វេទិកាកសិករថ្នាក់ជាតិលើកទី១៣ បានប្រារព្ធឡើងក្រោមប្រធានបទ «កសិកម្មប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា» រដ្ឋមន្ត្រីក្រសួងកសិកម្មចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សហគមន៍ដីធ្លីនៅខេត្តកោះកុងបើកយុទ្ធនាការ ១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន ក្រសួងដែនដី ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន២ ក្នុងឃុំបួរ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យកសិករធ្វើស្រូវសែនក្រអូបជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា ជាជាងការធ្វើពូជស្រូវ OM របស់វៀតណាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្ហាញវីដេអូចំនួន១២ ពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦ មន្ត្រីជំនាញជលផលបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកជាង ៥ពាន់ម៉ែត្រ ក្រោយចុះបង្រ្កាបបទល្មើសនេសាទ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម