អត្ថបទ៖ កែវរតនៈ
លោក នៅ ភារុណ ហៅភា ប្រជាកសិករដែលដាំទុរេន នៅក្នុងភូមិដំបងរំពាក់ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រាប់បៃតងប៉ុស្តិ៍ថា លោកបានដាំដំណាំធុរេនចំនួន២០០ដើមលើផ្ទៃដីទំហំ១,៥ ហិចតារយៈ៧ឆ្នាំមកហើយ ប៉ុន្តែទើបតែប្រមូលផលបាន២ឆ្នាំប៉ុណ្ណោះ។ លោកបន្តថា រដូវកាលណាដែលទិន្នផលល្អលោកអាចប្រមូលផលបាន៤០ទៅ៥០ផ្លែក្នុង១ដើមដោយក្នុងមួយផ្លែទម្ងន់ចន្លោះ២គីឡូក្រាម ហើយធុរេននេះគឺចាប់ប្រមូលផលបានក្នុងចុងខែឧសភារហូតដល់អំឡុងខែមិថុនា។ លោកអះអាងថា ធុរេនរបស់គាត់គឺដាំរបៀបធម្មជាតិមិនមានប្រើជីគីមី និងមិនបាញ់ថ្នាំលើផ្លែដើម្បីឱ្យឆាប់ធំនោះទេ។ លោកបន្ថែមថា បើជាទុរេននៅឆ្នាំ២០២៤នេះកាន់មានតម្លៃថោកជាងឆ្នាំមុនៗពោលគឺមានតម្លៃតែជាង ១ម៉ឺនរៀលក្នុង១គីឡូក្រាមក្តី ក៏លោកនៅតែបន្តដាំបន្ថែមដោយសង្ឃឹមថាទិន្នផលទុរេនរបស់លោកនឹងបានទិន្នផលខ្ពស់ជាមុននៅឆ្នាំក្រោយៗព្រមទាំងមានតម្លៃសមរម្យជាងនេះ។ យ៉ាងនេះក្តីលោកបង្ហាញភាពជឿជាក់ថា អ្នកដែលបានភ្លក់ទុរេនរបស់លោកហើយនឹងពេញចិត្តពោលគឺរសជាតិឆ្ញាញ់ជាងទុរេនដែលនាំចូលពីបរទេស។
អ្នកស្រី វាន់ វីដា គឺជាអ្នកប្រមូលទិញទុរេនពីចម្ការរបស់លោក នៅ ភារុណ។ អ្នកស្រីបានឱ្យដឹងថា អតិថិជនដែលបានទិញទុរេនដែលចេញពីចម្ការរបស់លោក នៅ ភិរុណ យកទៅហូបហើយគឺចង់ទិញយកទៅហូបទៀតដោយសារតែទុរេនគាត់មានរសជាតិផ្អែម ស្រួយ ល្មួតព្រោះគាត់មិនប្រើប្រាស់ជីគីមីក្នុងការដាំដុះ នេះជាមូលហេតុដែលគាត់តែងតែមកប្រមូលទិញធុរេនពីចម្ការរបស់លោក។ អ្នកស្រីបន្តថា សម្រាប់រដូវកាលដែលទុរេនប្រមូលផលនៅកម្ពុជាគឺចាប់ពីខែមីនារហូតដល់ខែមិថុនាគឺទុរេនដែលដាំដុះនៅខេត្តកំពត អាចប្រមូលផលបាននិងបន្ទាប់មកទៀតគឺទុរេននៅទឹកដីខេត្តកំពង់ចាម ត្បូងឃ្មុំ និងចុងក្រោយគេគឺទុរេនដែលមកពីខេត្តពោធិ៍សាត់។
លោក ឡៃ រ៉ា ជំទប់ទី១ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ក្នុងឃុំវាលម្លូរគឺជាភូមិសាស្ត្រដែលមានដីក្រហម ហើយមានដំណាំចំបងចំនួន៤ គឺកៅស៊ូ ស្វាយចន្ទី ម្រេច និងទុរេនដែលប្រជាសិករជ្រើសរើសក្នុងការដាំដុះក្នុងនោះកសិករដែលដាំដុះទុរេនប្រមាណ២០គ្រួសារដោយក្នុងមួយគ្រួសារមានទំហំដីដែលដាំទុរេនចាប់ពី១,៥ រហូត៥ហិចតា។ លោកបន្តថា កសិករបានចាប់ផ្ដើមដាំពីឆ្នាំ២០១៣ ហើយក៏មានះកសិករបន្តដាំដំណាំនេះជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះទុរេនគឺជាផ្លែឈើ ដែលអតិថិជននិយមបរិភោគបើទោះជាផ្លែឈើប្រភេទនេះហាក់មានតម្លៃថ្លៃជាងផ្លែឈើមួយចំនួនទៀតក្តី៕
28-វិច្ឆិកា-2024 - ម៉ោង 10:33:AM
25-វិច្ឆិកា-2024 - ម៉ោង 03:28:PM
11-វិច្ឆិកា-2024 - ម៉ោង 04:03:PM
16-តុលា-2024 - ម៉ោង 11:55:AM