អត្តបទ៖យូ វាសនា
យោងតាមប្រភពហ្វេសប៊ុករបស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី កាលពីពេលថ្មីៗនេះបានផ្សព្វផ្សាយសារសូមឱ្យប្រជាពលរដ្ឋជួយគាំទ្រផលិតផលបន្លែ ផ្លែឈើក្នុងស្រុក ដោយលើកឡើងថាការជួយទិញនិងគាំទ្របន្លែផ្លែឈើក្នុងស្រុក គឺជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិ។
សារនេះទទួលបានការគាំទ្រពីអង្គការសង្គមស៊ីវិលដែលធ្វើការជាមួយកសិករ ដោយលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានមានប្រសាសន៍ថា សារនេះគឺជាគម្រូមួយល្អ និងបង្ហាញពីគំនិតជាតិនិយមមួយគាំទ្រ និងលើកទឹកចិត្តកសិករខ្មែរ។ លោកបន្តថា ការផ្សព្វផ្សាយសារនេះគឺហាក់ដូចជាការជួយដល់ទីផ្សារផលិតផលកសិកម្មរបស់កម្ពុជាផងដែរ។
ជាគំនិតរបស់លោក ថេង សាវឿន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរតែធ្វើការជាមួយអ្នកដែលមានឥទ្ធិពលលើបណ្ដាញសង្គម ដើម្បីឱ្យពួកគាត់ចូលរួមក្នុងការបង្កើតមាតិកាផ្សព្វផ្សាយឱ្យមានការគាំទ្រលើផលិតផលកសិកម្មរបស់ជាតិផងដែរ។
ករណីនេះ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បៃតងប៉ុស្តិ៍ថា ការពង្រីកការផលិតបន្លែក្នុងស្រុក គឺជាកាងារអាទិភាពមួយរបស់ក្រសួងទាក់ទងនឹងសុវត្ថិភាពស្បៀង និងចំណីអាហារសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងនោះការដាំដុះបន្លែក្នុងផ្ទះសំណាញ់ គឺជាការពង្រឹកនូវការដាំដុះបន្លែសុវត្ថិភាពមួយដ៏សំខាន់។
ឯកឧត្តម បញ្ជាក់ថា បន្លែត្រូវបានបែងចែកជា៣ប្រភេទ គឺបន្លែសរីរាង្គ បន្លែសុវត្ថិភាព និងបន្លែទូទៅដែលមានប្រភពមិនច្បាស់លាស់ ដែលបន្លែទាំង៣ប្រភេទនេះគឺមានតម្លៃខុសៗគ្នា ក្នុងនោះបន្លែសរីរាង្គមានតម្លៃខ្ពស់ជាងគេ និងបន្ទាប់មកគឺបន្លែសុវត្ថិភាព និងចុងក្រោយគឺបន្លែដែលគ្មានប្រភពច្បាស់លាស់ ជាមួយគ្នានេះតម្លៃបន្លែក៏មានភាពខុសគ្នាតាមរដូវកាលផងដែរ។
បើតាមឯកឧត្តម យ៉ង សាំងកុមារ ដើម្បីជំរុញការផលិតបន្លែក្នុងស្រុក ក្រសួងកសិកម្មបានពង្រាយមន្ត្រីកសិកម្មឃុំដើម្បីជួយផ្ដល់បច្ចេកទេសដាំដុះជូនដល់ប្រជាកសិករខ្មែរផងដែរ៕
រូបភាព៖ បណ្ដាញសង្គម
28-វិច្ឆិកា-2024 - ម៉ោង 10:33:AM
25-វិច្ឆិកា-2024 - ម៉ោង 03:28:PM
11-វិច្ឆិកា-2024 - ម៉ោង 04:03:PM
16-តុលា-2024 - ម៉ោង 11:55:AM