សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងធម្មការ និងសាសនាចេញសេចក្តីណែនាំចំនួន ៥ចំណុច ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

20-មិនា-2024 - ម៉ោង 04:08:PM

អត្ថបទ៖ កែវ រតនៈ 

យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនាដែលចេញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះបានឱ្យដឹងថា ជារៀង​​រាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោ​​សញ្ចេត​​នាសប្បាយរីករាយនិងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ។

ពិធីនេះប្រារព្ធឡើងដើម្បីទទួលអំណរស្វាគមន៍ឆ្នាំថ្មីនិងសម្ដែងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះពរ និងប្រគេនពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជា​​គណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរកត ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងគោរពជូនពរ ថ្នាក់ដឹក​​នាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ និងមាតា បិតា គ្រូឧបជ្ឈាយាចារ្យ ចាស់ ព្រឹទ្ធាចារ្យ បង្កើតបាននូវមនោសញ្ចេតនាគោរពស្រឡាញ់សាមគ្គីភាពស្និទ្ធស្នាល និងទទួលបានសព្ទសាធុការ​​ពរជ័យ ពីបុព្វការីជននិងទេវតាឆ្នាំថ្មី។

ដើម្បីរៀបចំពិធីបុណ្យឱ្យរក្សាបានប្រពៃណីទំនៀមទម្លាប់របស់ជាតិគង់វង្ស និងប្រកបដោយភាពរុងរឿងនោះ ក្រសួងសូម ណែនាំមន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ដូចខាងក្រោម៖

- ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្តអារាម ឱ្យយកព្រះហឫទ័យទុកដាក់សម្អាតនិងតុបតែងលម្អវត្តអារាមដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបានសមរម្យ និងសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធី បុណ្យសាសនាតាមវត្តអារាមស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធី ស្រោចស្រពសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។

- ណែនាំទៅគ្រប់វត្តអារាមចាត់តាំងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋាន ស្តូបតាមវត្តអារាម។

- ណែនាំគ្រប់វត្ដអារាមឱ្យសហការនិងបង្កលក្ខណៈងាយស្រួលជូនក្រសួង ស្ថាប័ន អង្គភាព មន្ទីរ ពាក់ពន័្ធគ្រប់លំដាប់ថ្នាក់ រៀបចំលេងល្បែងប្រជាប្រិយនានាក្នុងវត្តអារាមដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ហើយរាល់ការលេងល្បែងនិងរបាំប្រជាប្រិយឱ្យត្រឹមត្រូវតាមក្បួនខ្នាត លក្ខណៈប្រពៃណីជាតិខ្មែរ និងប្រកបដោយសុវត្ថិភាព

- ណែនាំគ្រប់វត្តអារាមមិនត្រូវឱ្យមានការលេងល្បែងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាត​​ម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើម

-ណែ​​នាំនៅគ្រប់វត្តអារាមយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ

-គ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រមព្រះពុទ្ធសាសនា ត្រូវរៀបចំតាំងព្រះឆាយាលក្ខណ៍ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងប្រារព្ធពិធីបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះមហាសង្ឃរាជទព វង្ស។

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ គ.ស.២០២៤ ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្ដដូចតទៅ៖ ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស.២០២៤ មហាសង្ក្រាន្ត ម៉ោង ២២:១៧នាទី ២៤ វិនាទី ជាថ្ងៃចូលឆ្នាំរោង ឆស័ក។ ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ.ស.២០២៤ ជាវារៈវ័នបត។ ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស.២០២៤ ជាវារៈវ័នបត។ ថ្ងៃអង្គារ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ មេសា គ.ស.២០២៤ វេលាម៉ោង ០២ និង១៥នាទី ០០វិនាទី ជាវារៈឡើងស័ក គម្រប់៤ថ្ងៃស្រេចបរិបូណ៌ចូលឆ្នាំរោង ឆស័ក មហាសករាជ ១៩៤៦ ចុល្លសករាជ១៣៨៦ តទៅ៕

 

 

ព័ត៌មានទាក់ទង

កម្ពុជាអំពាវនាវសហគមន៍អន្តរជាតិការពារប្រាសាទព្រះវិហារ ខណៈអះអាងថារងការខូចខាតពីការវាយប្រហាររបស់កងទ័ពថៃ សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន រដ្ឋាភិបាលផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ឆ្នាំ២០២៦ កម្មវិធី «សប្តាហ៍កម្ពុជា ២០២៦» បានបង្ហាញវប្បធម៌ខ្មែរ លើឆាកអន្តរជាតិឡើងវិញក្នុងប្រទេសជប៉ុនបន្ទាប់ពីអវត្តមាន ៨ ឆ្នាំ អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិច​នៃបារាយ​ណ៍​យសោធរតដាក វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង បានប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម