សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋាភិបាល និងដៃគូរជំរុញការងារសមរម្យសម្រាប់កម្មករក្រៅប្រព័ន្ធ

11 ម៉ោងមុន

ខេត្តសៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការសង្គមស៊ីវិល សហជីព និងវិស័យឯកជន បានអំពាវនាវឱ្យពង្រឹងកិច្ចសន្ទនាសង្គម និងពង្រីកការគ្របដណ្តប់ប្រព័ន្ធគាំពារសង្គម សម្រាប់កម្មករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈរដ្ឋាភិបាលបន្តជំរុញការអនុវត្តគោលនយោបាយ ដើម្បីធ្វើឱ្យវិស័យនេះកាន់តែមានភាពផ្លូវការ និងទទួលបានអត្ថប្រយោជន៍សង្គមកាន់តែទូលំទូលាយ។

 

ការអំពាវនាវនេះ ធ្វើឡើងក្នុងវេទិកាសន្ទនាសង្គមស្តីពី «ឆ្ពោះទៅការងារសមរម្យ និងគាំពារសង្គមសម្រាប់កម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម» ដែលរៀបចំដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សហការជាមួយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អង្គការបន្ទាយស្រី និងអង្គការអុកស្វាមកម្ពុជា (Oxfam Cambodia)។

 

វេទិកានេះមានអ្នកចូលរួមជាង ៥០០នាក់ ដែលក្នុងនោះប្រមាណ ៦៥ភាគរយជាស្ត្រី រួមមានតំណាងក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន សហជីព អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នកលក់ដូរតាមដងផ្លូវ អ្នកធ្វើការតាមផ្ទះ អ្នកដឹកជញ្ជូន កសិករខ្នាតតូច និងម្ចាស់សហគ្រាសធុនតូច និងមធ្យម។

 

ថ្លែងបើកវេទិកា លោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨ និងបង្កើតថ្នាលឌីជីថលសម្រាប់ចុះបញ្ជីអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យការចូលប្រើសេវារដ្ឋមានភាពងាយស្រួល និងកាត់បន្ថយនីតិវិធីរដ្ឋបាល។

 

លោកបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ មានអ្នកប្រកបរបរ និងអង្គភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៤៥ម៉ឺននាក់ បានចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រដ្ឋាភិបាល ក្នុងនោះជាង ៤៤ម៉ឺននាក់ ជាបុគ្គលស្វ័យនិយោជន៍។

 

«ការចូលក្នុងប្រព័ន្ធ មិនមែនគ្រាន់តែជាការចុះឈ្មោះ ឬបង់ពន្ធនោះទេ។ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើឱ្យអ្នកប្រកបរបរទទួលបានអត្ថប្រយោជន៍ជាក់ស្តែង ដូចជាការទទួលស្គាល់អាជីវកម្ម ការបណ្តុះបណ្តាលជំនាញ ការចូលរួមក្នុង ប.ស.ស. ការទទួលបានហិរញ្ញប្បទាន និងការចូលប្រើសេវារដ្ឋកាន់តែងាយស្រួល» លោក គួច សុមាន មានប្រសាសន៍។

លោកបានបន្ថែមថា រដ្ឋាភិបាលក៏ទទួលស្គាល់ថា នៅតែមានគម្លាតរវាងគោលនយោបាយ និងការអនុវត្តជាក់ស្តែង។ «កម្មវិធីណាមួយនឹងមានប្រយោជន៍ លុះត្រាតែប្រជាពលរដ្ឋដឹង និងអាចចូលប្រើបាន។ សេវាឌីជីថលនឹងមានន័យ លុះត្រាតែអ្នកប្រើប្រាស់យល់ និងមានអ្នកជួយនៅពេលជួបបញ្ហា។ ដូច្នេះ យើងត្រូវបន្តនាំសេវាទៅជិតប្រជាពលរដ្ឋ និងធ្វើឱ្យព័ត៌មានកាន់តែងាយស្រួលក្នុងការទទួលបាន» លោកថ្លែង។

 

លោកបានអំពាវនាវឱ្យក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន ធនាគារ គ្រឹះស្ថានបណ្តុះបណ្តាលជំនាញ និងដៃគូអភិវឌ្ឍន៍ បន្តសហការគ្នាដើម្បីធ្វើឱ្យកម្មករ និងសហគ្រាសធុនតូចអាចទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរបស់រដ្ឋកាន់តែច្រើន។

 

លោក ង៉ូវ សេង កាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា វេទិកានេះបានបង្កើតឱកាសសម្រាប់ភាគីពាក់ព័ន្ធធ្វើកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយរួម ដើម្បីពង្រឹងការងារសមរម្យ ការគាំពារសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។

 

«វេទិកានេះមិនត្រឹមតែជាកន្លែងសម្រាប់ការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការសំខាន់ក្នុងការពង្រឹងកិច្ចសហការរវាងរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកដំណោះស្រាយដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ» លោក ង៉ូវ សេង កាក់ បានមានប្រសាសន៍។

 

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានលទ្ធផលជាក់ស្តែង។

 

«រដ្ឋបាលខេត្តសៀមរាប ប្តេជ្ញាបន្តគាំទ្រការអនុវត្តគោលនយោបាយ និងកម្មវិធីដែលលើកកម្ពស់ការងារសមរម្យ ការគាំពារសង្គម និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដើម្បីលើកកម្ពស់គុណភាពជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ» លោកបានមានប្រសាសន៍។

ចំណែកលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមកម្ពុជា មានប្រសាសន៍ថា វេទិកានេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ អង្គការអុកស្វាម និងអង្គការដៃគូ ដោយមានការគាំទ្រហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលបែលហ្ស៊ិក (DGD) ក្នុងគោលបំណងពង្រឹងប្រព័ន្ធគាំពារសង្គម និងកិច្ចសន្ទនាសង្គម។

 

«វេទិកានេះផ្តល់ឱកាសឱ្យកម្មករ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនតូច និងមធ្យម អាចលើកឡើងពីបញ្ហាប្រឈម តម្រូវការ និងសំណូមពររបស់ពួកគេទៅកាន់ស្ថាប័នរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព» លោកស្រីមានប្រសាសន៍។

 

លោកស្រីបានបន្ថែមថា អង្គការអុកស្វាម និងដៃគូ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការងារសមរម្យ ការគាំពារសង្គម សហគ្រិនភាពរបស់ស្ត្រី និងការអភិវឌ្ឍដែលគិតគូរពីយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

 

«អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម មិនមែនជាតួអង្គសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំការអភិវឌ្ឍសហគមន៍។ ពួកគេគួរទទួលបានការគាំទ្រផ្នែកជំនាញ ហិរញ្ញវត្ថុ និងការការពារសិទ្ធិការងារ ដើម្បីឱ្យអាចរីកចម្រើនដោយសេចក្តីថ្លៃថ្នូរ និងភាពយុត្តិធម៌» លោកស្រី ភាណ សោភ័ណ មានប្រសាសន៍។

ក្នុងកិច្ចពិភាក្សា អ្នកចូលរួមបានលើកឡើងថា កម្មករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែប្រឈមនឹងការខ្វះប្រព័ន្ធគាំពារសង្គម សុវត្ថិភាពការងារ ការទទួលបានសេវាសុខាភិបាល និងការទទួលស្គាល់តាមផ្លូវច្បាប់។ ពួកគេបានអំពាវនាវឱ្យបន្តពង្រឹងកិច្ចសន្ទនាសង្គមរវាងរដ្ឋ និយោជក សហជីព និងអង្គការសង្គមស៊ីវិល ដើម្បីធានាថា គោលនយោបាយ និងកម្មវិធីរបស់រដ្ឋអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្មករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាវិស័យមានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

ព័ត៌មានទាក់ទង

រដ្ឋាភិបាល និងដៃគូរជំរុញការងារសមរម្យសម្រាប់កម្មករក្រៅប្រព័ន្ធ វិទ្យាស្ថាន NTTI ផ្តល់អាហារូបករណ៍ជិត ២ពាន់កន្លែងលើជំនាញចំនួន៨ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយ​រងហានិ​ភ័យ​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុត​នៃជំងឺ​គ្រុន​ឈាម
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម