អត្ថបទ៖ សំនៀង
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល កាលពីថ្ងៃទី២៨ មេសា ២០២៥ បានបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន ២២ភូមិ ស្ថិតក្នុងឃុំភ្នំបាត ឃុំវិហារលួង ឃុំផ្សារដែក ឃុំឈ្វាំង ឃុំកោះចិន ឃុំពញាឮ និងឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ។
ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការបិទផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)។ ឯកឧត្តមបានបញ្ជាក់បន្ថែមថាការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា អាជ្ញាធរស្រុកពញាឮ បានបិទផ្សាយឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធបានចំនួន ២២លើក រួចមកដល់ពេលនេះ ហើយការបិទផ្សាយនាពេលនេះមានចំនួន ២២ភូមិ ស្ថិតក្នុងភូមិភ្នំបាត ភូមិវាលថ្មី ភូមិធម្មស្រះ ភូមិឆ្កែលុង ភូមិកំចាត់ព្រាយ ឃុំភ្នំបាតុ, ភូមិអំពិលផ្អែម ភូមិពោធិ៍កំបោរ ភូមិទេពប្រណម្យ ភូមិសាលាកាត់សក់ ភូមិចេតិយទ្រេត ភូមិអំពិលដាំទឹក ភូមិប្រក់ក្ដារ ឃុំវិហារលួង ភូមិភ្នំ ឃុំ ផ្សារដែក, ភូមិតាគោក ភូមិស្រែអំពិល ឃុំឈ្វាំង, ភូមិព្រែកជីក ភូមិកោះចិន ភូមិជ្រោយសំបូរ ឃុំកោះចិន, ភូមិទួលអំពិល ភូមិពញាឮ ភូមិព្រែកល្វា ឃុំពញាឮ, ភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ សរុបចំនួន ១១,៣០៤ក្បាលដី។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររៀបនីយកម្ម និងសំណង់ ដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ខេត្តចំនួន៩បានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤ បានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារជាផ្លូវការរួចរាល់។ ខេត្តដែលបានបញ្ចប់ការវាស់វែងដីធ្លីទាំង៩នោះរួមមាន ខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ តាកែវ មណ្ឌលគិរី កែប ព្រះសីហនុ និងកណ្តាល ចំណែកខេត្តដែលបានធ្វើពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ជាផ្លូវការនោះរួមមានខេត្តកំពង់ចាម ស្វាយរៀង សៀមរាប និងខេត្តកំពង់ស្ពឺ៕
29-មេសា-2025 - ម៉ោង 01:58:PM
28-មេសា-2025 - ម៉ោង 02:53:PM
26-មេសា-2025 - ម៉ោង 03:03:PM
25-មេសា-2025 - ម៉ោង 12:15:PM