អត្ថបទ៖ សំនៀង
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៥៩ ៩៥៣ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ នៅក្នុងឱកាស នៃការបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។
ក្នុងរបាយការណ៍ស្វាគមន៍ លោក កង វណ្ណារ៉ូ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានជម្រាបជូនអង្គពិធីថា ក្នុងស្មារតីបុរេសកម្មនេះ រដ្ឋបាលខេត្ត តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានបែងចែកក្រុមការងារវាស់វែងដីធ្លី ចំនួន ២១ក្រុម ស្មើនឹង ៥៣៥នាក់ ដើម្បីបន្តបេសកកម្មក្នុងកិច្ចការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ។ ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១ ១០០ ៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១ ០៨៨ ០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ ឯកឧត្តមបានបន្ថែមថា ដីធ្លីដែលបានវាស់វែងមានលក្ខណៈជាប្រព័ន្ធចប់រួចរាល់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃនេះ ធ្វើពិធីប្រកាសខេត្តកំពង់ស្ពឺបញ្ចប់ការវាស់វែងដីធ្លី ព្រមទាំងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩ ៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១ ០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩ ៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥ ៧៩០បណ្ណ ស្មើនឹង ៧ភូមិ ២ឃុំ, ស្រុកសំរោងទង ចំនួន ៤ ៨៧២បណ្ណ ស្មើនឹង ៨ភូមិ ២ឃុំ, ស្រុកថ្ពង ចំនួន ១០ ៣៨៣បណ្ណ ស្មើនឹង ១៩ភូមិ ៣ឃុំ, ក្រុងឧដុង្គម៉ែជ័យ ចំនួន ១១ ៦២៦បណ្ណ ស្មើនឹង ១៤ភូមិ ១សង្កាត់, ស្រុកសាមគ្គីមុនីជ័យ ចំនួន ៦ ៣៩៥បណ្ណ ស្មើនឹង ១២ភូមិ ២ឃុំ។
គួរបញ្ជាក់ថា តាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួងវាស់វែងដីធ្លីបានចំនួន ១២ ២១១ ២៥៩ក្បាលដី ក្នុងនោះចេញបណ្ណបានចំនួន ៨ ០៣១ ២១៧បណ្ណ។ ដោយឡែកក្នុងអាណត្តិទី៧នៃរដ្ឋសភា ដែលមានរយៈពេលជាង១ឆ្នាំកន្លះកន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាស់វែងបានចំនួន ៣ ៦៧៥ ៦៥៦ ក្បាលដី ចេញបណ្ណបានចំនួន ១ ១២៩ ២៨៤បណ្ណ និងចែកបណ្ណបានចំនួន ៨៤០ ៨៣៣បណ្ណ។ របាយការណ៍បញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលដែលមានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ជាសេនាធិការ នឹងវាស់វែងដីឱ្យបាន ៤ ៧៥០ ៣៦៧ក្បាលដី នឹងចេញបណ្ណឱ្យបានចនួន ៤ ៧៥០ ៣៦៧បណ្ណ ដោយប្រើប្រាស់កម្លាំងពីមន្ទីរ ខេត្តសរុបចំនួន ជាង៤០០០នាក់៕
ម្សិលមិញ ម៉ោង 11:06:AM
ម្សិលមិញ ម៉ោង 10:32:AM
22-មេសា-2025 - ម៉ោង 03:43:PM
04-មេសា-2025 - ម៉ោង 12:08:PM