អត្ថបទ៖ វិចិត្រ
តាមរយៈសេចក្តីប្រកាសរួមរបស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិដែលមានកម្រាស់ចំនួន៣ទំព័រដែលបានចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានសម្តែងការព្រួយបារម្ភទៅនឹងការកើនឡើងនៃការរឹតបន្តឹង និងការគំរាមកំហែងលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ នៅក្នុងសេចក្តីប្រកាសរួមនេះក៏បានបញ្ជាក់ដែរថា បន្ថែមពីលើបញ្ហាប្រឈមជាច្រើនដែលអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប្រឈមនឹងរដ្ឋាភិបាល និងតួអង្គដ៏មានឥទ្ធិពល ដែលក្នុងនោះរួមមានការយាយីតាមផ្លូវច្បាប់ ការគំរាមកំហែង ការចាប់ខ្លួន ការដកហូតអាជ្ញាបណ្ណ ការដាក់កំហិត តែឥឡូវនេះ ពួកគេប្រឈមនឹងការកាត់ផ្តាច់មូលនិធិបន្ថែមទៀត។ ការណ៍នេះបានរារាំងយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាព របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងការបន្តប្រតិបត្តិការរបស់ខ្លួន ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាពីព្រោះការទទួលព័ត៌មានគួរឱ្យទុកចិត្តរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ ហើយដំណើរការប្រជាធិបតេយ្យនឹងរងផលប៉ះពាល់។
លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) ថ្លែងថា នាពេលបច្ចុប្បន្ន អ្នកសារព័ត៌មានជាច្រើនកំពុងទទួលរងពីការចោទប្រកាន់តាមរយៈក្រមព្រហ្មទណ្ឌ។បើតាមលោក ណុប វី អ្នកសារព័ត៌មានដែលទទួលរងការយាយីនៅក្នុងឆ្នាំ២០២៤ មានការកើងឡើងរហូតដល់ទៅ១រយភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។
លោក ណុប វី ថ្លែងយ៉ាងដូច្នេះថា«ជាការពិតយើងឃើញអំពីករណីនៃការប្តឹងផ្តល់ការប្រើប្រាស់ក្រមព្រហ្មទណ្ឌច្រើនណាស់។ អ្វីដែលខេមបូចាបានកត់ត្រា មិនមែនជាដែលខេមបូចានិយាយខ្លួនឯងទេ គឺយើងកត់ត្រាតាមរយៈករណីដែលបានកើតឡើងរួចហើយ ហើយករណីដែលបានកើតឡើងហ្នឹងគឺថាវាមានចំនួនច្រើនជាងឆ្នាំកន្លងមកឆ្នាំ២០២៣ តាមរបាយការណ៍ឆ្នាំ២០២៤ គឺច្រើនជាង ហើយករណីនៃការប្តឹងផ្តល់ក៏ច្រើនដែរវាលើសរហូតដល់១០០ភាគរយ»។
នៅចំពោះមុខអ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយនាឱកាសនៃការផ្សព្វផ្សាយរបាយការណ៍ ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជាឆ្នាំ២០២៥ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើបង្ហាញពីសារសំខាន់នៃសេរីភាពសារព័ត៌មាន និងវឌ្ឍនភាពវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ថាបានជួយទៅដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា៖ «សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ក្នុងបរិបទនេះ ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហ សេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន»។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានផ្សព្វផ្សាយនូវរបាយការណ៍នៃការសិក្សាស្រាវជ្រាវរបស់ខ្លួន ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលក្រសួងព័ត៌មានជាអ្នកដឹកនាំ រៀបចំ និងចងក្រង ក្នុងក្របខណ្ឌនៃការធ្វើបច្ចុប្បន្នភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ តាមលទ្ធផលនៃរបាយការណ៍នោះបង្ហាញថា ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាន នៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ។
លទ្ធផលនៃរបាយការណ៍បានបង្ហាញឱ្យដឹងថា «អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេសដែលបានចូលរួម បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត»។ ការស្ទង់មតិនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាលើកទី២ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ដោយបានអនុវត្តវិធីសាស្ត្រសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងដោយឈរលើទិន្នន័យគោល (baseline data) ឆ្នាំ២០២៤ របស់កម្ពុជាជាមូលដ្ឋានក្នុងការវាស់វែង។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចាន់រឿន ថ្លែងថា សារព័ត៌មានគឺជាសសរស្តម្ភដ៏សំខាន់មួយនៃប្រជាធិបតេយ្យ ដូច្នេះការសិក្សាវាយតម្លៃអំពីស្ថានភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាដែលធ្វើជាប្រចាំឆ្នាំគឺជារឿងល្អ ពីព្រោះវាជួយឱ្យយើងដឹងតើស្ថានភាពណាវិជ្ជមាន និងស្ថានភាពណាប្រឈមហើយត្រូវដោះស្រាយបញ្ហាទាំងនោះដោយរបៀបណា។ បើតាមលោក ប៉ា ចាន់រឿន បញ្ហានៅត្រង់ថាក្រសួងមិនគួរធ្វើកិច្ចការនេះដោយខ្លួនឯងឡើយ ព្រោះវាអាចប៉ះពាល់ទៅដល់ឯករាជ្យភាពលទ្ធផលនៃការសិក្សាស្រាវជ្រាវនោះ ហើយក្រសួងគួរផ្តល់កិច្ចការនេះទៅដល់ស្ថានប័នស្រាវជ្រាវឯករាជ្យដែលមានអ្នកសិក្សាស្រាវជ្រាវដែលមានវិជ្ជាជិវៈត្រឹមត្រូវ។ ម្យ៉ាវិញទៀតលោកថា ការសិក្សានេះគួរតែមានការរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនមែនធ្វើតែក្នុងចំណោមមួយក្រុមនោះទេ។
លោក ប៉ា ចាន់រឿនថ្លែងយ៉ាងដូច្នេះថា«ហើយការសិក្សានេះទៀតសោតគួរតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺទាំងអ្នកកាសែតដែលធ្វើការងារនៅក្នុងវិស័យឯកជន នៅក្នុងអង្គការសង្គមស៊ីវិល រួមទាំងភាគីពាក់ព័ន្ធដទៃទៀត មានទាំងអង្គការសង្គមស៊ីវិលដែលធ្វើការងាររឿងសិទ្ធិមនុស្ស រឿងប្រជាធិបតេយ្យ រឿងអភិវឌ្ឍន៍នៅក្នុងវិស័យផ្សេងៗ ដើម្បីឱ្យគេជួយមើល ជួយវាយតម្លៃ មិនមែនធ្វើតែក្នុងចំណោមអ្នកកាសែតគ្នាឯងទេ»។
លោកបន្ថែមថា ការសិក្សាដែលមានលក្ខណបរិយាប័ន្ន ទើបអាចឆ្លុះបញ្ចាំងអំពីស្ថានភាពពិតនៃស្ថានភាពសារព័ត៌មាននៅកម្ពុជាបាន។
ក្នុងឆ្នាំ២០២៤ ខេមបូចា បានចងក្រងករណីរំលោភបំពានចំនួន ៤១ករណី ដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌ មានយ៉ាងតិច៦៤ នាក់។ ការយាយីតាមផ្លូវច្បាប់គឺជារឿងដែលកើតឡើងញឹកញាប់បំផុត ដែលក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៥នាក់ ត្រូវបានឃុំខ្លួន និងអ្នកសារព័ត៌មានម្នាក់ ត្រូវបានសម្លាប់ ខណៈពេលកំពុងអនុវត្តការងាររបស់ ខ្លួន។ នៅដើមឆ្នាំ២០២៥ អ្នកសារព័ត៌មាន ៣ នាក់ ទៀតត្រូវបានឃុំខ្លួនពីបទញុះញង់ ហើយអ្នកសារព័ត៌មានស៊ើប អង្កេតជនជាតិអង់គ្លេសម្នាក់ដែលបានចំណាយពេលប្រាំឆ្នាំរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ និងបញ្ហាបរិស្ថាន នៅកម្ពុជាត្រូវបានហាមឃាត់មិនអោយចូលមកប្រទេសកម្ពុជាវិញ។
យោងតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ១២៨ ក្នុងចំណោម ១៨០ប្រទេសក្នុងឆ្នាំ២០១៦ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក។ ចំណាត់ថ្នាក់នេះបានធ្លាក់ចុះ បន្ថែមទៀតដល់ទី១៦១ ក្នុងឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលបន្តធ្លាក់ចុះរបស់ ប្រទេសកម្ពុជា៕
02-ឧសភា-2025 - ម៉ោង 08:26:AM
01-ឧសភា-2025 - ម៉ោង 04:12:PM
01-ឧសភា-2025 - ម៉ោង 01:56:PM
30-មេសា-2025 - ម៉ោង 05:30:PM