អត្ថបទ៖ វិចិត្រ
អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ឯកឧត្តម ហេង សុផាន់ណារិទ្ធ ថ្លែងថា ប.ស.ស. បានក្លាយជានិម្មិតរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន។ ការណ៍នេះ បើតាមឯកឧត្តម ហេង សុផាន់ណារិទ្ធ ដោយសារប.ស.ស.អាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថេរភាព និងការព្យាករណ៍នៃចំណូល និងធ្វើឱ្យប្រសើរឡើងនៃសុខភាពរបស់ពួកគាត់។
ការថ្លែងរបស់ឯកឧត្តមអគ្គនាយករងប.ស.ស.បែបនេះគឺធ្វើឡើងនាឱកាសដែលឯកឧត្តមចូលរួមជាអធិបតីក្នុងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលរៀបចំឡើងដោយក្រុមសហជីព និងសមាគមធ្វើការក្នុងវិស័យការងារនៅកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នាបរិវេណកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមប្រធានបទ «ចូលរួមសហជីព សមាគម ដើម្បីរួមគ្នាលើកកម្ពស់ជីវភាព និងប្រព័ន្ធគាំពារសង្គម»។
បើតាមឯកឧត្តម ហេង សុផាន់ណារិទ្ធ នាពេលបច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គមមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមខែមេសា ឆ្នាំ២០២៥ ប.ស.ស. បានចុះបញ្ជីសមាជិកបានជាង៣លាននាក់ រួមមានមន្ត្រីរាជការ អតីតមន្ត្រីរាជការ អតីតយុទ្ធ កម្មករនិយោជិតក្នុងវិស័យឯកជន បុគ្គលស្វ័យនិយោជ និងបុគ្គលនៅក្នុងបន្ទុកសមាជិកបសស។
ឯកឧត្តមថ្លែងថា ការគ្រប់ដណ្តប់ដល់ប្រព័ន្ធសន្តិសុខសង្គមគឺជាគោលនយោបាយដ៏មានប្រសិទ្ធភាព ដើម្បីធានាបាននូវសន្តិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថេរភាពសង្គម។
ប៉ុន្តែសម្រាប់លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC) ថ្លែងថា កន្លងមកបើទោះជារដ្ឋាភិបាលបានដោះស្រាយច្រើនហើយក៏ដោយ រឿងបេឡាជាតិសន្តិសុខសង្គមក៏នៅតែមានភាពខ្វះចន្លោះដែរ។ លោកបន្តថា កម្មករនិយោជិតត្រូវចំណាយលុយបន្ថែមដើម្បីបានពិនិត្យថែទាំសុខភាពនៅមុនពេលឈឺ ហើយពួកគេទទួលបានសេវាព្យាបាលសុខភាពដោយមិនអស់ថ្លៃលុះណាតែពួកគេធ្លាក់ខ្លួនឈឺ។
ក្នុងនាមសមាជិកក្រុមប្រឹក្សាភិបាលប.ស.ស. លោក អាទិត្យ ចង់ឱ្យរដ្ឋាភិបាលពិនិត្យលទ្ធភាពបន្ថែម ដោយធ្វើយ៉ាងណាអាចសម្រួលឱ្យកម្មករនិយោជិតទទួលបានការពិនិត្យថែទាំសុខភាពដោយមិនអស់ថ្លៃ កុំចាំរហូតដល់ពួកគាត់ធ្លាក់ខ្លួនឈឺ។
បើតាមលោក គង់ អាទិត្យ កន្លងមកលោកក្នុងនាមសភាពការងារកម្ពុជា បានធ្វើការពិគ្រោះយោបល់ច្រើនដែរ ប៉ុន្តែនៅមិនទាន់ស្វែងរកដំណោះស្រាយបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក នឹងនៅតែបន្តធ្វើការងារជាមួយសហជីព និងអង្គការសមាគមជាដៃគូរដើម្បីជម្រុញឱ្យមានដំណោះស្រាយនាពេលអនាគត៕
02-ឧសភា-2025 - ម៉ោង 08:26:AM
01-ឧសភា-2025 - ម៉ោង 04:12:PM
01-ឧសភា-2025 - ម៉ោង 01:56:PM
30-មេសា-2025 - ម៉ោង 05:30:PM