អត្ថបទ៖ សំនៀង
នៅក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា ខួបលើកទី១៣៩ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ចូលរួមសហជីព សមាគម ដើម្បីរួមគ្នាលើកកម្ពស់ជីវភាព និងប្រព័ន្ធគាំពារសង្គម» សហភាពសហជីព សហព័ន្ធសហជីព សហជីព និងសមាគម ធ្វើការក្នុងវិស័យការងារនៅកម្ពុជា រួមមាន វិស័យវាយនភណ្ឌកាត់ដេរ ឩស្សាហកម្ម ទេសចរណ៍ សេវាកម្ម ដឹកជញ្ជូន កសិកម្ម សំណង់ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន១០ស្ថាប័ន បានដាក់សំណើរជាក់លាក់ចំនួន១៩ចំណុច ស្នើទៅរាជរដ្ឋាភិបាល រដ្ឋសភាជាតិ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយអន្តរាគមន៍ និងដោះស្រាយរួមមាន៖
១.ស្នើសុំរាជរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលអប្បបរមា២៥០ដុល្លារក្នុងមួយខែ ជូនកម្មករនិយោជិតវិស័យកាត់ដេរ ព្រមទាំងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត នៃវិស័យទេសចរណ៍ សេវាកម្ម សំណង់ កសិកម្ម និងវិស័យដឹកជញ្ជូន។
២.ស្នើសុំរាជរដ្ឋាភិបាលបញ្ចុះតម្លៃប្រេងឥន្ធនៈ ជីកសិកម្ម និងបន្ថយអត្រាការប្រាក់ធនាគារ ឱ្យមកនៅក្នុងកម្រិតសមរម្យ។
៣.ស្នើសុំរាជរដ្ឋាភិបាលបញ្ចូលមកវិញនូវថ្ងៃឈប់សម្រាកបុណ្យជាតិដែលមានប្រាក់ឈ្នួល ជាពិសេសថ្ងៃ ទិវារំឮកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣តុលា) និងទិវាសិទ្ធិមនុស្សអន្តរជាតិ(១០ធ្នូ)។
៤.ស្នើសុំរាជរដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យមានការដោះលែងលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធCTSWF ហើយទម្លាក់ចោលបទចោទលើរូបលោក ម៉ម រិទ្ធី ព្រមទាំងសមាជិកសហជីពឈ្មោះ ម៉ម ស្រីល័ក្ខ នៃកាស៊ីណូ ជីនប៉ី គ្រុប ឯ.ក (ជីនប៉ីកួយជូ) នៅខេត្តព្រះសីហនុ និងសុំឱ្យមានការលើកលែងទោសលើអ្នកស្រី ឌុល ណារ៉េត បុគ្គលិកក្រុមហ៊ុនលក់ថ្នាំពេទ្យ(វី អ៊ី)។
៥. ស្នើសុំរាជរដ្ឋាភិបាល អន្តរាគមន៍ឱ្យតំណាងសហជីពនៃក្រុមហ៊ុនដឹកជញ្ជូន កាពីតូល, អេលីត, អេស៊ាន វែលហ្វែរ ឡតធើរី, ហូលីដេឌីហ្សាញ, វ៉ៃស៊ីង ប្រូដាក់ ខ្មែរអេឡិចទ្រីខលផៅវ័រ (KEP) ក្រុមហ៊ុន VINCI នៃព្រលានយន្តហោះសៀមរាប ចំនួន១៣០នាក់ និងក្រុមហ៊ុនស៊ីធីខេ ឱ្យបានចូលធ្វើការវិញ និងទូទាត់ប្រាក់រំឮកឱ្យបានត្រឹមត្រូវតាមច្បាប់។
៦. ស្នើសុំរាជរដ្ឋាភិបាល និងរដ្ឋសភាជាតិធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព (មាត្រា១៣, មាត្រា៥០, មាត្រា៥៨,មាត្រា៥៩)។
៧. ស្នើសុំរាជរដ្ឋាភិបាល និងសភាជាតិផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ស្តីពី “ការការពារសិទ្ធិកម្មករធ្វើការតាមផ្ទះ” និងអនុសញ្ញាលេខ១៩០ស្តីពី “អំពើហិង្សា និងការយាយី” ដើម្បីលុបបំបាត់រាល់អំពើហិង្សាប្រឆាំងនឹងយេនឌ័រ និងការយាយីនៅក្នុងពិភពការងារ។
៨.ស្នើសុំរាជរដ្ឋាភិបាល អនុវត្តរបបសន្តិសុខសង្គមផ្នែកនិកម្មភាព ឱ្យបានឆាប់ និងត្រូវពង្រឹងសេវាព្យាបាល និងថែទាំជំងឺឱ្យមានគុណភាពខ្ពស់ស្មើភាព និងពង្រីកការចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ជាពិសេសកម្មករនិយោជិតងាយរងគ្រោះ។
៩.ស្នើសុំរាជរដ្ឋាភិបាល អនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ឱ្យមានជាកញ្ចប់គ្រួសារ និងឆាប់អនុវត្តរបបសោធននិវត្តគ្របដណ្តប់បុគ្គលស្វ័យនិយោជន៍។
១០.ស្នើសុំរាជរដ្ឋាភិបាល បង្កើតគោលនយោបាយ និងប្រកាសស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែងការងារដើម្បីការពារកម្មករនិយោជិតងាយរងគ្រោះ ព្រមទាំងចេញប្រកាសស្តីពីនីតិវិធីដោះស្រាយវិវាទបុគ្គលនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។
១១.ស្នើសុំរាជរដ្ឋាភិបាលបង្កើតច្បាប់ បញ្ចូលកម្មករដឹកជញ្ជូនទំនិញ ឬប្រកបមុខរបរតាមប្រព័ន្ធ (Platform Worker) ឱ្យក្រុមហ៊ុនចុះបញ្ជីនៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។
១២.ស្នើសុំរាជរដ្ឋាភិបាល និងរដ្ឋសភាជាតិ ជំរុញឱ្យអនុវត្តតុលាការការងារមួយដែលឯករាជ្យ អព្យាក្រឹត និងយុត្តិធម៌ ឱ្យបានឆាប់ និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយវិវាទការងារជូនកម្មករនិយោជិតឱ្យបានឆាប់រហ័ស។
១៣.ស្នើសុំរាជរដ្ឋាភិបាលជំរុញឱ្យនិយោជកអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងទូទាត់សំណងតាមច្បាប់ចំនួន៥ចំណុច នៅពេលក្រុមហ៊ុនបិទទ្វា និងបញ្ឈប់ដោយខុសច្បាប់ និងផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងអំឡុងពេលមានវិបត្តិ។
១៤.ស្នើសុំក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើអធិការកិច្ចនៅក្រុមហ៊ុនចម្ការកៅស៊ូ ចម្ការដូងប្រេង ចម្ការចេក ចម្ការអំពៅ និងក្រុមហ៊ុនចម្ការផ្សេងទៀត ដែលកំពុងប្រើប្រាស់កម្មករតាមរូបភាពជួលជាថ្ងៃ ឬបណ្ដែតខុសច្បាប់ និងមិនបានផ្តល់សិទ្ធិការងារ អតីតភាពការងារ និងរបបសន្តិសុខសង្គម (ប.ស.ស.) ឱ្យបានត្រឹមត្រូវ។
១៥.ស្នើសុំរាជរដ្ឋាភិបាលរៀបចំទីកន្លែងឱ្យបានសមរម្យ សម្រាប់បងប្អូនកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រកបមុខរបរប្រកបដោយសុវត្ថិភាព និងឧបត្ថម្ភដើមទុន និងចំណេះដឹងសម្រាប់ពួកគាត់ប្រកបមុខរបរ។
១៦.ស្នើសុំរាជរដ្ឋាភិបាលផ្តល់ទុន ដីសម្បទានសង្គមកិច្ច ការបណ្តុះបណ្តាលជំនាញបចេ្ចកទេសកសិកម្ម និងរកទីផ្សារសម្រាប់លក់ផលិតផលកសិកម្ម ឱ្យបានតម្លៃសមរម្យជូនកសិករ។
១៧.ស្នើសុំរាជរដ្ឋាភិបាលរៀបចំយន្តការការពារកម្មករចំណាកស្រុកទាំងនៅក្នុង និងក្រៅប្រទេសឱ្យមានប្រសិទ្ធភាព និងធានាការពារសុវត្ថិភាពសម្រាប់កម្មករចំណាកស្រុក។
១៨.ស្នើសុំរាជរដ្ឋាភិបាលចាត់វិធានការតឹងរឹងដល់ក្រុមហ៊ុនឱ្យរៀបចំបរិស្ថាន សន្តិសុខ និងសុវត្ថិភាពទីកន្លែង ការងារដើម្បីផ្តល់សេចក្តីសុខ និងផាសុកភាពដល់កម្មករនិយោជិត ។
១៩. ស្នើសុំរាជរដ្ឋាភិបាលរៀបចំគោលនយោបាយ បទដ្ឋានគតិយុទ្ធ ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់សារធាតុអាបេស្តុសនៅកម្ពុជា និងដាក់បញ្ចូលជំងឺដែលបណ្ដាលមកពីសារធាតុអាបេស្តុស ក្នុងបញ្ជីជំងឺវិជ្ជាជីវៈ។
ការស្នើសុំទាំង១៩ចំណុចនេះ ត្រូវបានទទួលដោយតំណាងរដ្ឋសភា តំណាងរាជរដ្ឋាភិបាល និងតំណាងបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប. ស. ស. តែទោះជាយ៉ាងណាស្ថាប័នទាំង៣ មានទាន់ឆ្លើយតបយ៉ាងណាចំពោះរឿងនេះនៅឡើយទេ៕
02-ឧសភា-2025 - ម៉ោង 08:26:AM
01-ឧសភា-2025 - ម៉ោង 04:12:PM
01-ឧសភា-2025 - ម៉ោង 01:56:PM
30-មេសា-2025 - ម៉ោង 05:30:PM