អត្ថបទ៖ យូវាសនា
ក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងបរិស្ថានស្តីពីការគ្រប់គ្រងតំបន់សហគមន៍តំបន់ធម្មជាតិ បានឱ្យដឹងថាកន្លងមកនេះ ក្រសួងបរិស្ថានបានទទួលព័ត៌មានថា មានសហគមន៍តំបន់ការពារធម្មជាតិមួយចំនួន បានយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ ផ្ទុយពីច្បាប់ ដោយបានធ្វើការលក់ដូរ ជួល ផ្តួលរំលំឈូសឆាយរុករានទន្ទ្រានព្រៃឈើបម្រើឱ្យគោល បំណងផ្សេងទៀត ជាហេតុធ្វើឱ្យបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ធនធានធម្មជាតិរបស់ជាតិ។ សកម្មភាពបែបនេះល្មើសទៅនឹងក្រមបរិស្ថាននិងធនធានធម្មជាតិត្រង់ មាត្រា៣៧២ ចំណុចទី១ ដែលបានចែងថា «សហគមន៍តំបន់ការពារ និង/ឬសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងបង្វែរធ្វើជាដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្ដូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរ តំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យបុគ្គលណាមួយបានឡើយ។»
អាស្រ័យហេតុនេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់គ្រប់សមាជិកនិងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ សូមចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្រុមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដទៃទៀតជាធរមាន ទាក់ទងនឹងការគ្រប់គ្រង និង ប្រើប្រាស់តំបន់សហគមន៍តំបន់ការពារធម្មជាតិ ធ្វើយ៉ាងណារក្សាការពារធនធានធម្មជាតិជាតិ ប្រើប្រាស់ ឱ្យមាននិរន្តភាព និងរីកចម្រើនដល់ជីវភាពរស់នៅគ្រប់សមាជិកសហគមន៍។ ក្រសួងបន្តថា ក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះបុគ្គល និង/ឬសហគមន៍ទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ៕
រូបភាព៖ ក្រសួងបរិស្ថាន
05-ឧសភា-2025 - ម៉ោង 11:54:AM
02-ឧសភា-2025 - ម៉ោង 11:10:AM
24-មេសា-2025 - ម៉ោង 11:30:AM
22-មេសា-2025 - ម៉ោង 11:10:AM