អត្ថបទ៖ វិចិត្រ
កម្ពុជា-ថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ដែលធ្វើឡើងរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម CHALERMCHAI RRI-ON រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅឯវិមានសន្តិភាព នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា មកកាន់កម្ពុជា។
ក្រៅពីអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក៏មានអនុស្សរណៈចំនួន៦ផ្សេងទៀតដែលបានធ្វើឡើងជាមួយគ្នានេះដែរ ដែលរួមមាន៖
ទី១៖ កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។
ទី២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
ទី៣៖ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។
ទី៤៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។
ទី៥៖ កំណត់ហេតុស្តីពីការផ្តល់ជំនួយបច្ចេកទេស លើការសិក្សាស្តីពីសមិទ្ធិលទ្ធភាព លើគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារអន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងថៃ។
និងទី៖៦ ការចុះលិខិតប្តូរសារ ស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។
គួរបញ្ជាក់ផងដែរថា ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ កើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី រវាងប្រជាជាតិទាំងពីរ៕
22-មេសា-2025 - ម៉ោង 11:10:AM
21-មេសា-2025 - ម៉ោង 02:53:PM
21-មេសា-2025 - ម៉ោង 11:29:AM
09-មេសា-2025 - ម៉ោង 03:48:PM