អត្ថបទ៖ សហការ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និង ឯកឧត្តម PARK Jong-Wook ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា នាថ្ងៃទី១២ខែឧសភានេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆាំ្ននៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងពិព័រណ៍ការងារលើកទី ៤ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីតាំងវិទ្យាស្ថានផ្ទាល់ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងក្នុងអង្គពិធីថា ក្នុងរយៈពេល២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិតាមរយៈការរក្សាបាននូវគុណភាពបណ្តុះបណ្តាល បច្ចេកវិទ្យាទំនើបៗ បរិយាកាសសិក្សា និងការងារដែលជាកត្តាផ្តល់ជូនសិស្សនិស្សិត និងសិក្ខាកាម ឱ្យមានទាំងចំណេះ ជំនាញ និងសីលធម៌វិជ្ជាជីវៈដែលបានធ្វើឱ្យក្រុមហ៊ុន ដៃគូនានា និងអ្នកពាក់ព័ន្ធទុកចិត្ត និងជឿជាក់។
ឯកឧត្តម បន្ថែមថា៖“កត្តាទាំងអស់នេះហើយបានជំរុញឲ្យក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេក ទេស និងវិជ្ជាជីវៈមួយដែលមានសក្តានុពល និងសកម្ម ក្នុងការចូលរួមចំណែកកសាងមូលធនមនុស្សសម្រាប់គាំទ្រដល់សេដ្ឋកិច្ចកម្ពុជា”។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាសមទ្ធិផលដំបូង នៃកិច្ចសហប្រតិបត្តិការរបស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយវិទ្យាស្ថានដ៏ល្បីល្បាញនេះ បានចាប់បើកដំណើរការដំបូងនៅឆ្នាំ២០០៥ដែលមានសិស្សចំនួនត្រឹម២០០នាក់ ជាមួយនិង៨មុខជំនាញ ប៉ុន្តែមកដល់បច្ចុប្បន្នវិទ្យាស្ថាន មានសិស្សនិស្សិតចំនួនជាង៧.៨ពាន់នាក់ដែលកំពុងសិក្សាលើមុខជំនាញ២៤ ខណៈដែលសិស្សនិស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតប្រមាណជាង១,៣ម៉ឺននាក់គិតត្រឹមឆ្នាំ២០២៤។
បន្ថែមពីននេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ខណៈដែលរាជរដ្ឋាភិបាលកំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ១,៥លាននាក់យ៉ាងសកម្មនោះ វិទ្យាស្ថាន ក៏បានដើរតួនាទីយ៉ាងសំខាន់បំផុតផងដែរ ក្នុងការបណ្តុះបណ្តាលជំនាញដល់ក្រុមយុវជនគោលដៅ និងប្រជាពលរដ្ឋកម្ពុជាឱ្យមានជំនាញច្បាស់លាស់ដែលបាននិងកំពុងផ្តល់ឱកាសឱ្យសិក្ខាកាមមានការងារនៅតាមក្រុមហ៊ុនរោងចក្រសហគ្រាស និងការក្លាយជាម្ចាស់អាជីវកម្មផងដែរ៕
រូបភាព៖ ក្រសួងការងារ
13-ឧសភា-2025 - ម៉ោង 09:36:AM
08-ឧសភា-2025 - ម៉ោង 09:21:AM
06-ឧសភា-2025 - ម៉ោង 09:29:AM
03-ឧសភា-2025 - ម៉ោង 08:15:PM