អត្ថបទ៖ វិចិត្រ
ក្រសួងបរិស្ថានបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនល្មើសដែលបានបាញ់មកលើមន្ត្រីឧទ្យានុរក្សា នៅក្នុងដែនជម្រកសត្វព្រៃស្រែពក កាលពីពេលថ្មីៗនេះ ហើយអំពាវនាវឱ្យមានចំណាត់ការចាប់ជនល្មើសមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន។ នេះបើតាមសេចក្តីប្រការព័ត៌មានរបស់ខ្លួនចេញផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា ក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តមណ្ឌលគិរី មានករណីជនល្មើសបាញ់មកលើមន្ត្រីអនុវត្តច្បាប់ និងបង្កឱ្យមានការបាត់បង់ អាយុជីវិតចំនួន ៣រូប ក្នុងឆ្នាំ២០១៨ ហើយថ្មីៗកន្លងមកនេះ មានករណីជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្ស ដែលកំពុងបំពេញបេសកកម្មល្បាតក្នុងដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្ត្រខេត្តមណ្ឌលគិរី។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅដើមខែមេសានេះ អំឡុពេលដែលមន្ត្រីឧទ្យានុរក្សា និងប្រជាសហគមន៍ មានគ្នាប្រមាណជា១០នាក់កំពុងដើរល្បាតនៅដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ហើយបានពើបប្រទះជាមួយជនល្មើស២នាក់ដែលកំពុងជិះម៉ូតូ និងបានឃាត់ឱ្យឈប់។ ខណៈនោះជនល្មើសក៏បានបាញ់មកលើក្រុមមន្ត្រីឧទ្យានុរក្សាមុន ទើបបណ្តាលឱ្យការបាញ់ការពារខ្លួនវិញពីសំណាក់ក្រុមមន្ត្រីឧទ្យានុរក្ស ប៉ុន្តែមិនបង្កឱ្យមានភាគីណារងរបួសឡើយ ហើយភ្លាមៗនោះក្រុមជនល្មើសបានជិះម៉ូតូគេចខ្លួនដោយមានបក្សពួកផ្សេងទៀតជួយរំដោះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះក្រសួងបរិស្ថានបានចាត់ទុកករណីបាញ់នេះជាអំពើដ៏ឃោរឃៅរបស់ជនល្មើស ដោយប្រើប្រាស់អាវុធខុសច្បាប់ដើម្បីរារាំង និងគំរាមកំហែងដល់អាយុជីវិតមន្ត្រីអនុវត្តច្បាប់ ដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការពារនិងអភិរក្ស ធនធានធម្មជាតិ។
សេចក្តីប្រកាសព័ត៌មាននេះបានគូសបញ្ជាក់ថា ពេលនេះក្រសួងបរិស្ថានកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ស្វែងរកជនល្មើសនិងអ្នកពាក់ព័ន្ធនៃអំពើល្មើសច្បាប់នេះ និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋសហការ ជាមួយក្រសួងបរិស្ថាន ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន៕
22-មេសា-2025 - ម៉ោង 11:10:AM
21-មេសា-2025 - ម៉ោង 02:53:PM
21-មេសា-2025 - ម៉ោង 11:29:AM
09-មេសា-2025 - ម៉ោង 03:48:PM