សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានចាត់ទុកការកាប់បំផ្លាញដើមសំរ៉ងជាសកម្មភាពខុសច្បាប់

08-មេសា-2025 - ម៉ោង 11:49:AM

អត្ថបទ៖ វិចិត្រ

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចុះថ្ងៃទី៧ ខែមេសា ក្រសួងបានចាត់ទុកការកាប់បំផ្លាញដើមសំរ៉ង ដើម្បីប្រមូលផលជាសកម្មភាពខុសច្បាប់នៃក្រមបរិស្ថាន ហើយអំពាវនាវឱ្យមានការការពារដើមសំរ៉ង ដែលជាធនធានធម្មជាតិឱ្យគង់វង្ស និងដើម្បីជាផលប្រយោជន៍បច្ចុប្បន្ន និងតទៅអនាគត សម្រាប់កូនចៅជំនាន់ក្រោយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើឱ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះមានការកើនឡើងនូវសកម្មភាពកាប់ផ្តួលរំលំដើមសំរ៉ង ដើម្បីប្រមូលផលនៅតាមសហគមន៍ និងនៅតាមព្រៃ ក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងឧទ្យានជាតិផងដែរ។ ក្រសួងក៏បានគូសបញ្ជាក់ថា  សកម្មភាពនេះ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិមានសភាពធ្ងន់ធ្ងរបំផុត ឈានទៅរកការផ្ដាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង និងជាសកម្មភាពល្មើសនឹងច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

មាត្រា ៣៨៤ នៃក្រមបរិស្ថាន ត្រង់ចំណុច គ បានចែងអំពីការហាមប្រាមមិនឱ្យមាន “ការកាប់ ផ្តួល រំលំ គ្រៀវ ការកាប់បំផ្លាញដើមឈើ បំពុល ឬគាស់រម្លើងគល់ឈើ” និងមាត្រា ៣៨៦នៃក្រមនេះដដែល បានចែងអំពីហាមឃាត់សិទ្ធិរបស់បុគ្គលដោយ “បុគ្គលពុំមានសិទ្ធិផ្តល់ការអនុញ្ញាតទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តីឱ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វព្រៃគ្រប់ប្រភេទ ឬធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមនេះ”។

សំរ៉ងគឺជារុក្ខព្រៃហូបផ្លែមួយប្រភេទដែលមានអត្ថប្រយោជន៍ចំពោះសុខភាព គេតែងយកផ្លែវាមកធ្វើជាឱសថបុរាណ ភេទសជ្ជៈ និងបង្ហែម។ រុក្ខជាតិសំរ៉ងជាប្រភេទឈើស្រោង ច្រើនមានដុះនៅតាមព្រៃជ្រៅ ដែលដើមរបស់វាអាចមានកម្ពស់ពី១៥ ទៅ២៥ម៉ែត្រ។ រុក្ខជាតិព្រៃមួយប្រភេទនេះ មានលក្ខណៈផ្លែផ្កាខុសផ្លែកពីរុក្ខជាតិព្រៃដទៃទៀត ដោយវាមិនមានផ្លែទៀងទាត់ប្រចាំឆ្នាំនោះទេ ពោលគឺ ៣ ទៅ ៧ឆ្នាំ ទើបវាមានផ្កាផ្លែម្តង៕    

 

 

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្សា ក្នុងដែនជម្រកសត្វព្រៃស្រៃពក ក្រសួងបរិស្ថានចាត់ទុកការកាប់បំផ្លាញដើមសំរ៉ងជាសកម្មភាពខុសច្បាប់ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាមិនទាន់មានខ្យល់ពុលធ្វើឱ្យប៉ះពាល់ដល់សុខភាពសារធារណៈនៅឡើយទេ រដ្ឋមន្រ្តីក្រសួងបរិស្ថានចាត់ទុកការគោរពច្បាប់និងបទដ្ឋានគតិយុត្តធ្វើឱ្យបរិស្ថានស្អាតនិងផលិតកម្មក្រុមហ៊ុនមានកេរ្ត៍ឈ្មោះល្អ ក្រសួងបរិស្ថានបានណែនាំដល់សាធារណជនពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួង អភិបាលខេត្តស្វាយរៀងដឹកនាំប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្រុមការងារជំនាញ រកឃើញមានផលប៉ះពាល់ ដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើ ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង កម្ពុជាមានភ្លើងឆេះព្រៃចំនួន៦៦២ករណីក្នុងរយៈពេលមួយសប្តាហ៍ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យដោយផ្ទាល់លើតំបន់ខ្នងភ្នំខ្នងផ្សារ ដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម