អត្ថបទ៖ វិចិត្រ
គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៥នេះ ខេត្តចំនួន៧ហើយបានប្រកាសបិទបញ្ចប់ការវាស់វែងក្បាលដី និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាផ្លូវការ។ ក្នុងនោះខេត្តឧត្តរមានជ័យគឺជាខេត្តទី៧ ដែលបានបិទបញ្ចប់ និងប្រកាសបិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប្រមាណ ៩ ៨០៣ បណ្ណ ជូនប្រជាពលរដ្ឋក្នុងស្រុក-ក្រុង ចំនួន ៣ នៃខេត្តឧត្ដរមានជ័យ ឯកឧត្តម សាយ សំអាល់ ថ្លែងថា ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើត និងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។
លើកឡើងក្នុងពិធីនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីថាកិច្ចការបន្ទាប់ ស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ គិតគូរលើការរៀបចំក្រុង និងពិនិត្យឈ្មោះ និងលេខកូដភូមិសាស្ត្រ ដើម្បីក្រសួងអាចរៀបចំអាសយដ្ឋាន និងព្រំប្រទល់ភូមិ ឃុំ ខេត្ត ទូទាំងប្រទេសឡើងវិញ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំដល់ប្រជាពលរដ្ឋដែលជាម្ចាស់អចលនវត្ថុទាំងអស់ សូមថែរក្សានិងប្រើប្រាស់បណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យបងប្អូនរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់។
ឆ្លៀតក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៨០៣ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៣ នៃខេត្តឧត្ដរមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់៕
16-ឧសភា-2025 - ម៉ោង 02:16:PM
12-ឧសភា-2025 - ម៉ោង 12:45:PM
06-ឧសភា-2025 - ម៉ោង 01:36:PM
30-មេសា-2025 - ម៉ោង 10:11:AM