សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹក​ចេញ​ដោយ​ខុសច្បាប់

16 ម៉ោងមុន

ដោយ៖ វិចិត្រ

 

មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះវិហារ បានដកហូតក្តាឈើទាលលេខ២ ចំនួន ៥០សន្លឹក ដែលជនសង្ស័យ​បម្រុង​ដឹក​ជញ្ជូនចេញដោយខុសច្បាប់ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

 

តាមការបញ្ជាក់របស់ក្រសួងបរិស្ថាននៅព្រឹកថ្ងៃចន្ទនេះបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញទទួលបានព័ត៌មាន​រាយ​ការណ៍ និងបាន​ពិនិត្យ​ការផ្សព្វផ្សាយលើ​បណ្តាញ​សង្គមរបស់គណនីឈ្មោះ Ma Chetra។ វត្ថុ​តាង​ដែលដកហូតបាន គឺជាក្តាឈើទាលលេខ២ ប្រវែង ៤ម៉ែត្រ ចំនួន ៥០សន្លឹក មាន​មាឌ​សរុប ១ម៉ែត្រគូប (១ម³) ហើយត្រូវបាន​យក​ទៅ​រក្សា​ទុក​នៅស្នាក់ការស្រែវាល ដើម្បី​ចាត់​ការ​តាម​នីតិវិធី។

 

 

ក្រសួងបានបញ្ជាក់ឱ្យដឹងបន្ថែមថា សកម្មភាពឃាត់រថយន្តដឹកឈើ​ដែល​បម្រុង​ដឹក​ចេញ​​ទាំង​យប់នេះ បានកើតឡើងនៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយ​ក្រុម​របស់លោក ម៉ា ចិត្រា មុនពេលផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម។ ទោះជាយ៉ាងណា រថយន្ត និងជនសង្ស័យមិនត្រូវបានឃាត់ទុកនោះទេ ដោយបានបើកគេចខ្លួនចេញពីកន្លែង​កើត​ហេតុ មុនពេលមន្ត្រីឧទ្យានុរក្សទៅដល់។

 

ក្រសួងបរិស្ថានបានឱ្យដឹងថា ខ្លួននឹងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ដើម្បីចាត់​ការ​តាមផ្លូវច្បាប់ចំពោះករណីនេះ។

 

ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណ និងលើក​ទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានរាយការណ៍អំពីបទល្មើសធនធានធម្មជាតិទៅកាន់មន្ត្រីជំនាញ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការបានទាន់ពេលវេលា។ ក្រសួងបាន​បញ្ជាក់​ថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកម្លាំងដ៏សំខាន់ក្នុងការការពារ និងអភិរក្សធន​ធាន​ធម្ម​ជាតិ សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ៕

 

ព័ត៌មានទាក់ទង

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹក​ចេញ​ដោយ​ខុសច្បាប់ អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយ​បង្ក​ការ​បំពុល និងត្រីងាប់ ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វាញ ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់ក​ន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម