សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់ក​ន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា

03-កក្តដា-2026 - ម៉ោង 12:47:PM

ដោយ៖ វិចិត្រ

 

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដោយសារឥទ្ធិពលប្រយោលនៃព្យុះទី១០ ឈ្មោះ ម៉ៃស័ក (Maysak) T2610 និងការបង្កើនឥទ្ធិពលរបស់ខ្យល់មូសុងនិរតី។

 

តាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣ ខែកក្កដា របស់ក្រសួងបានឱ្យដឹងថា  សម្ពាធទាបដែល​កើត​មាន​នៅ​លើ​មហា​សមុទ្រប៉ាស៊ី​ហ្វិក​​ខាងលិច បានវិវត្តទៅជាព្យុះទី១០ ឈ្មោះ «ម៉ៃស័ក» ដែល​មា​ន​ឥទ្ធិពលលើរបបខ្យល់មូសុង​និរតី​​បក់គ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់​ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេ​មេគង្គ សមុទ្រកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាពុំស្ថិត​នៅក្នុង​គន្លង​ផ្លូវដើររបស់ព្យុះនេះឡើយ។

 

ក្រសួងបានបញ្ជាក់ថា ឈ្មោះព្យុះ «ម៉ៃស័ក» ជាឈ្មោះដែលកម្ពុជាបានដាក់ ហើយព្យុះនេះត្រូវ​បានព្យា​ករថា​នឹងរលាយបាត់នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ចំណែកព្យុះទី៩ ឈ្មោះ «បាវី (Bavi) T2609» នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

 

តាមការព្យាករ តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់​គ្រប​ដណ្តប់ប្រមាណ ៥០ភាគរយនៃផ្ទៃដី ខណៈតំបន់ខ្ពង់រាបអាចមានភ្លៀងគ្រប​ដណ្តប់​ប្រមា​ណ ៦០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រត្រូវបានព្យាករថានឹងមានភ្លៀងធ្លាក់​ច្រើន​ជាង​គេ ដោយគ្របដណ្តប់ប្រមាណ ៧០ភាគរយនៃផ្ទៃដី អមដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ និងរលក​សមុទ្រ​ខ្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។

 

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាម​ផ្លូវ​គោក និងផ្លូវទឹក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចបណ្តាលមកពី​បាតុ​​ភូតអាកាសធាតុខាងលើ។

 

ជាមួយគ្នានេះ ក្រសួងនឹងបន្តតាមដាន និងវិភាគស្ថានភាពធាតុអាកាសជាបន្តបន្ទាប់ ហើយ​នឹង​ជូន​ដំណឹង​បន្ថែម​ប្រសិនបើមានការប្រែប្រួល៕

ព័ត៌មានទាក់ទង

កម្ពុជាជំរុញការតភ្ជាប់រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការក្នុងការកៀរគរធនធានលើកកម្ពស់កម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្ក្រាបការដឹកជញ្ជូនឈើអារខុសច្បាប់នៅស្រុកឱរ៉ាល់ បណ្ដាញសហគមន៍ព្រៃឡង់ព្រះវិហារ អះអាងថាបានប្រទះឃើញបទល្មើសព្រៃឈើជាច្រើន ក្រោយចុះល្បាត ៣យប់ ៤ថ្ងៃ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹក​ចេញ​ដោយ​ខុសច្បាប់ អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម