សារព័ត៌មានបៃតងប៉ុស្តិ៍

រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា

15 ម៉ោងមុន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការនិរាករណ៍អនុក្រឹត្យលេខ ២៤៥ អនក្រ.បក ដែលធ្លាប់កំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិលើផ្ទៃដីសរុបជាង ៩៣ម៉ឺនហិកតា នៅទូទាំងប្រទេស។ ការសម្រេចនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ខណៈប្រជាពលរដ្ឋមួយចំនួនបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់ដល់ជីវភាពរស់នៅ ហើយមន្ត្រីបរិស្ថានអះអាងថា ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អាចដើរទន្ទឹមគ្នាបាន។

 

យោងតាមអនុក្រឹត្យដែលទទួលបានដោយសារព័ត៌មានបៃតងប៉ុស្តិ៍ (BTP) អនុក្រឹត្យលេខ ១០៦ អនក្រ.បក ដែលចុះហត្ថលេខាដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចនិរាករណ៍អនុក្រឹត្យលេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

អនុក្រឹត្យលេខ ២៤៥ អនក្រ.បក កាលពីឆ្នាំ២០២២ ត្រូវបានចេញក្នុងគោលបំណងកំណត់តំបន់សហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការការពារ និងថែរក្សាធនធានធម្មជាតិ។

 

ក្រោមអនុក្រឹត្យនោះ តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិលើផ្ទៃដីសរុប ៩៣៣,៥៧៧ ហិកតា ត្រូវបានកំណត់ឡើង ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង អាចស្នើសុំចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់បាន តាមនីតិវិធី និងលក្ខខណ្ឌដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។

 

កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានបន្តជំរុញការពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព ខណៈការចូលរួមរបស់សហគមន៍មូលដ្ឋាន ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការការពារ និងថែរក្សាតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព។

 

ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ មិនត្រឹមតែផ្តោតលើការអភិរក្សជីវចម្រុះ ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អាទិភាពដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិផងដែរ។ តាមរយៈការគ្រប់គ្រងប្រកបដោយតុល្យភាព រាជរដ្ឋាភិបាលមានគោលបំណងធានាទាំងការអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ធនធានទាំងនោះឱ្យបានសមស្រប សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រជាពលរដ្ឋ។

 

គោលនយោបាយកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ ត្រូវបានគេចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការផ្តល់សន្តិសុខដីធ្លីជូនប្រជាពលរដ្ឋ កាត់បន្ថយវិវាទដីធ្លី និងពង្រឹងទំនុកចិត្តរវាងរដ្ឋ និងសហគមន៍មូលដ្ឋាន។ លើសពីនេះ វាក៏បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមកាន់តែសកម្មក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ដោយចាត់ទុកថាធនធានទាំងនោះជាមូលដ្ឋានគ្រឹះសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។

 

ទោះជាយ៉ាងណា តាមរយៈអនុក្រឹត្យថ្មីនេះ រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍អនុក្រឹត្យលេខ ២៤៥ អនក្រ.បក ទាំងស្រុង ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា។

 

ជុំវិញបញ្ហានេះ លោក ហ៉ី ណៃ ប្រជាពលរដ្ឋរស់នៅជុំវិញសហគមន៍តំបន់ការពារព្រៃព្រះរកា ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងប្រាប់សារព័ត៌មានបៃតងប៉ុស្តិ៍ (BTP) ថា ការរៀបចំយន្តការថ្មីសម្រាប់គ្រប់គ្រងផ្ទៃដីជាង ៩៣ម៉ឺនហិកតា អាចរួមចំណែកពង្រឹងការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនាពេលអនាគត។

 

លោកបានបញ្ជាក់ថា ព្រៃឈើ និងធនធានធម្មជាតិ គឺជាមូលដ្ឋានសំខាន់សម្រាប់រក្សាតុល្យភាពបរិស្ថាន ប្រភពទឹក និងជីវចម្រុះ ដែលជាធនធានរួមសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ ប៉ុន្តែលោកក៏បានស្នើឱ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិចារណាឱ្យបានហ្មត់ចត់ចំពោះផលប៉ះពាល់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលពឹងផ្អែកលើដីធ្លី និងធនធានធម្មជាតិសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត។

 

លោក ហ៉ី ណៃ បានលើកឡើងថា ប្រជាពលរដ្ឋជាច្រើននៅជុំវិញតំបន់ព្រៃព្រះរកា និងតំបន់ការពារធម្មជាតិផ្សេងៗ តែងតែពឹងផ្អែកលើការធ្វើស្រែចម្ការ ការដាំដុះដំណាំ និងការអាស្រ័យផលពីដីធ្លី ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ដូច្នេះ រាល់ការកែសម្រួលគោលនយោបាយពាក់ព័ន្ធនឹងដីធ្លី និងតំបន់ការពារធម្មជាតិ គួរតែធានាឱ្យមានតុល្យភាពរវាងការអភិរក្សបរិស្ថាន និងការធានាសន្តិសុខជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

 

លោកក៏បានសម្តែងការព្រួយបារម្ភថា ប្រសិនបើមិនមានយន្តការច្បាស់លាស់សម្រាប់គាំទ្រប្រជាពលរដ្ឋទេ ការរឹតបន្តឹងការប្រើប្រាស់ដីធ្លីនៅក្នុង និងជុំវិញតំបន់សហគមន៍ អាចប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់គ្រួសារកសិករជាច្រើន ដែលពឹងផ្អែកលើការធ្វើកសិកម្ម និងការអាស្រ័យផលពីធនធានធម្មជាតិជាប្រចាំ។

 

ចំណែកលោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានថ្លែងប្រាប់សារព័ត៌មានបៃតងប៉ុស្តិ៍ (BTP) ថា មន្ទីរបរិស្ថានខេត្តព្រះវិហារ បាននិងកំពុងអនុវត្តការងារស្របតាមយន្តការច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីតាមដាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏ដូចជាការទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់។

 

លោកបានបញ្ជាក់ថា ក្រៅពីវិធានការអនុវត្តច្បាប់ មន្ទីរបរិស្ថានក៏បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូជាតិ និងអន្តរជាតិ ដើម្បីជំរុញការផ្លាស់ប្តូរពីការពឹងផ្អែកលើការកាប់បំផ្លាញព្រៃឈើសម្រាប់ផលប្រយោជន៍រយៈពេលខ្លី ទៅជាការទទួលបានអត្ថប្រយោជន៍រយៈពេលវែងពីការអភិរក្សធនធានធម្មជាតិវិញ។

 

លោក មឿន សុភេទ បានលើកឡើងថា ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈគម្រោងអភិរក្សព្រៃឈើ និងការលក់ឥណទានកាបូន (Carbon Credits) នៅលើទីផ្សារអន្តរជាតិ កំពុងក្លាយជាយន្តការសំខាន់មួយក្នុងការបង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន ព្រមទាំងរួមចំណែករក្សាប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

 

លោកបានបន្ថែមថា មន្ទីរបរិស្ថានខេត្តព្រះវិហារ នៅតែបន្តបើកចំហ និងសហការជាមួយប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធគ្រប់ពេលវេលា ក្នុងការអភិរក្ស ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីធានាថា តំបន់ការពារធម្មជាតិ និងព្រៃឈើក្នុងខេត្តព្រះវិហារ នឹងបន្តត្រូវបានថែរក្សាសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ។ លោកបានអះអាងថា ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មិនមែនជាគោលដៅដែលផ្ទុយគ្នានោះទេ ប៉ុន្តែជាកិច្ចការដែលត្រូវដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាបាននូវធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។

 

ទោះបីជាយ៉ាងណា មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាសាធារណៈអំពីមូលហេតុជាក់លាក់នៃការនិរាករណ៍អនុក្រឹត្យលេខ ២៤៥ អនក្រ.បក នៅឡើយទេ ខណៈសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ កំពុងរង់ចាំការបកស្រាយបន្ថែមពីរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន អំពីយន្តការ និងគោលនយោបាយជំនួស ដើម្បីធានាថា សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលលើតំបន់សហគមន៍ នឹងបន្តទទួលបានការការពារ និងការទទួលស្គាល់ស្របតាមច្បាប់ ខណៈការគ្រប់គ្រង ការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ នឹងនៅតែបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

 

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស អូស្ត្រាលី និងកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចទឹក ក្រសួងបរិស្ថានបើកយុទ្ធនាការ «ពន្លកបៃតង» ដើម្បីចែកកូនឈើយកទៅដាំនៅទីសាធារណៈ ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃ​ឆែប-ព្រះរការ អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម