
រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី «ភាពជាដៃគូអូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ» ឬ ACP4Climate ដែលជាគំនិតផ្តួចផ្តើមថ្មីមួយ ក្នុងគោលបំណងពង្រឹងអភិបាលកិច្ចទឹក និងការគ្រប់គ្រងធនធានទឹកប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្មវិធី ACP4Climate នឹងផ្តោតលើការគាំទ្រការគ្រប់គ្រងធនធានទឹកប្រកបដោយបរិយាបន្ន និងការចូលរួមពីសហគមន៍ក្នុងអាងទន្លេសំខាន់ៗ រួមមាន អាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប ។
សេចក្តីប្រកាសបានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងទៅលើប្រព័ន្ធទឹក វិស័យកសិកម្ម ជីវភាពរស់នៅ និងសហគមន៍នានានៅកម្ពុជា។ ដូច្នេះ ការពង្រឹងអភិបាលកិច្ចទឹក ត្រូវបានចាត់ទុកថា មានសារៈសំខាន់ក្នុងការបង្កើនភាពធន់ទៅនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការប្រែប្រួលលក្ខខណ្ឌអាកាសធាតុ។
តាមរយៈកម្មវិធីនេះ អូស្ត្រាលីនឹងគាំទ្រកម្ពុជាក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹក កែលម្អភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការចូលរួមពីមូលដ្ឋាន។
កម្មវិធី ACP4Climate ក៏នឹងសហការជាមួយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា វិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាការសម្របសម្រួល និងដំណោះស្រាយការគ្រប់គ្រងទឹកប្រកបដោយភាពធន់នឹងអាកាសធាតុ ។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអូស្ត្រាលី ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ។
លោកបានបញ្ជាក់ថា កម្មវិធី ACP4Climate នឹងជួយពង្រឹងការសម្របសម្រួល ការរៀបចំផែនការ និងអភិបាលកិច្ចទឹកដែលធន់នឹងអាកាសធាតុ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែង និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។
ជាមួយគ្នានេះឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ដេរិក យីប បានមានប្រសាសន៍ថា អូស្ត្រាលី គឺជាដៃគូយូរអង្វែងរបស់កម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយនិរន្តរភាព កំណើនសេដ្ឋកិច្ច និងការកសាងភាពធន់ ។
លោកបានបន្ថែមថា កម្មវិធី ACP4Climate គឺជាជំពូកថ្មីមួយនៃភាពជាដៃគូរវាងប្រទេសទាំងពីរ ក្នុងការជួយពង្រឹងអភិបាលកិច្ចទឹក គាំទ្រសហគមន៍ងាយរងគ្រោះ និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ជុំវិញបញ្ហានេះ លោក អម សុផាត ប្រជាពលរដ្ឋរស់នៅសហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានថ្លែងថា បញ្ហាកង្វះខាតទឹក បានធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់មួយចំនួន បង្ខំចិត្តផ្លាស់ប្តូរមុខរបរពីការធ្វើស្រែចម្ការ ទៅកាន់ការដាំដំណាំ និងចិញ្ចឹមសត្វវិញ ។
លោកបានបញ្ជាក់ថា ការធ្វើស្រែក្នុងពេលបច្ចុប្បន្ន ត្រូវចំណាយថវិកាច្រើន រួមទាំងការចំណាយលើទឹកសម្រាប់ស្រោចស្រព ខណៈនៅពេលប្រមូលផល បែរជាលក់បានតម្លៃទាប។ ដោយសារតែបញ្ហានេះ ប្រជាពលរដ្ឋជាច្រើនបានងាកទៅដាំត្រកួនទឹក ដាំឈូក និងដាំដំណាំផ្សេងៗ ដែលមិនសូវត្រូវការទឹក និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។
លោក អម សុផាត បានស្វាគមន៍ចំពោះគម្រោងរបស់រដ្ឋាភិបាលអូស្ត្រាលី និងក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់ចេញកម្មវិធី ACP4Climate ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងទឹក និងទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ មកលើប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដូចជារូបលោក ។
ក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីនេះ តំណាងមកពីក្រសួងនានា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នសិក្សា វិស័យឯកជន និងសហគមន៍មូលដ្ឋាន បានជួបពិភាក្សាអំពីអាទិភាពនៃអភិបាលកិច្ចទឹកដែលធន់នឹងអាកាសធាតុ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ។
តាមរយៈកម្មវិធី ACP4Climate រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងភាពធន់នឹងអាកាសធាតុរបស់កម្ពុជា តាមរយៈវិធីសាស្ត្រដឹកនាំដោយសហគមន៍ កិច្ចសហប្រតិបត្តិការ និងសកម្មភាពអាកាសធាតុប្រកបដោយបរិយាបន្ន ។





ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស
អូស្ត្រាលី និងកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចទឹក
ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ
អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ
UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ
អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន
វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី
14 ម៉ោងមុន
26-ឧសភា-2026 - ម៉ោង 04:16:PM
13-ឧសភា-2026 - ម៉ោង 10:43:AM
11-ឧសភា-2026 - ម៉ោង 01:36:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា