
ស្ត្រីជនជាតិដើមភាគតិចកួយម្នាក់ រស់នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ បានអះអាងថា បញ្ហាជីវភាពក្រីក្រ និងបំណុលជាច្រើន បានធ្វើឱ្យអ្នកស្រីមិនហ៊ានធ្វើដំណើរទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ នៅពេលមានអាការៈឈឺថ្កាត់ម្តងៗ។
អ្នកស្រី ដែង ឡឹក បានប្រាប់សារព័ត៌មានបៃតងប៉ុស្តិ៍ថា កន្លងមក អ្នកស្រីធ្លាប់ស្នើសុំបណ្ណសមធម៌ ឬបណ្ណក្រីក្រ ដើម្បីអាចទទួលបានសេវាព្យាបាលដោយមិនចំណាយថវិកា ប៉ុន្តែពុំទទួលបានការអនុម័តឡើយ។ មន្ត្រីពាក់ព័ន្ធបានបញ្ជាក់ថា មូលហេតុគឺដោយសារប្តីរបស់អ្នកស្រី ជាអតីតមន្ត្រីនគរបាល ដែលទទួលបានប្រាក់ចូលនិវត្តន៍។
ស្ត្រីវ័យ ៤៩ ឆ្នាំរូបនេះ បានបន្តថា បច្ចុប្បន្ន គ្រួសាររបស់អ្នកស្រីកំពុងប្រឈមបញ្ហាបំណុលជាច្រើន និងខ្វះលទ្ធភាពសងត្រឡប់។ ដោយសារតែសម្ពាធហិរញ្ញវត្ថុ អ្នកស្រីបានសម្រេចយកកាតបើកប្រាក់ចូលនិវត្តន៍របស់ប្តី ទៅដាក់បញ្ចាំ ដើម្បីដោះស្រាយបំណុលប្រចាំខែ។
អ្នកស្រីបញ្ជាក់ថា សព្វថ្ងៃ អ្នកស្រីប្រកបរបរដើរស៊ីឈ្នួលដាំដំឡូងឱ្យគេ ដើម្បីរកប្រាក់ចំណូលបន្តិចបន្តួច សម្រាប់ដោះស្រាយការចំណាយប្រចាំថ្ងៃ និងទប់ទល់នឹងជីវភាពដ៏លំបាក។
អ្នកស្រី ដែង ឡឹក បានឱ្យដឹងដែរថា សូម្បីដីស្រែក៏អ្នកស្រីមិនមានដែរ ដោយឡែកដីស្រែក្នុងទំហំប្រមាណជាកន្លះហិកតាដែលអ្នកស្រីកំពុងព្រោះស្រូវនេះ គឺជាដីដែលគេឱ្យអ្នកស្រីធ្វើស្រែយកផលដោយពុំមានគិតថ្លៃឈ្នួលឡើយ។
ករណីនេះ បានបង្ហាញពីបញ្ហាប្រឈមផ្នែកជីវភាព និងការចូលដំណើរការសេវាសុខាភិបាលរបស់ប្រជាជនជនជាតិដើមភាគតិច នៅតំបន់ជនបទ ដែលនៅតែជាបញ្ហាត្រូវការការយកចិត្តទុកដាក់ពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។
ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន បានលើកឡើងថា ការពង្រឹងប្រព័ន្ធគាំពារសង្គម ការពង្រីកការចូលដំណើរការបណ្ណសមធម៌ និងការធានាសិទ្ធិកាន់កាប់ដីធ្លីសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងជនជាតិដើមភាគតិច គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងធានាការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ៕
វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ
ក្រសួងសុខាភិបាលប្រកាសពីការរកឃើញ១ករណី នូវអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទNB.1.8.1
កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា
13 ម៉ោងមុន
14 ម៉ោងមុន
ម្សិលមិញ ម៉ោង 03:03:PM
26-ឧសភា-2026 - ម៉ោង 09:34:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា