នៅក្នុងឱកាសខួប១ឆ្នាំ នៃការបាត់បង់ជីវិតដ៏សោកសៅរបស់វីរៈកងទ័ពកម្ពុជា លោក សួន រោន ដែលប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាមហាជនជាច្រើន បានបន្តរំលឹកដោយក្តីអាឡោះអាល័យ និងគោរពចំពោះការលះបង់ដ៏អង់អាចរបស់លោក ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ។
នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្នូរកាំភ្លើងបានផ្ទុះឡើងនៅលេណដ្ឋានរបស់កងទ័ពកម្ពុជា ស្ថិតក្នុងតំបន់មុំបី ខេត្ត ព្រះវិហារ ។ តាមការអះអាងរបស់ភាគីកម្ពុជា កងទ័ពថៃបានបើកការបាញ់ប្រហារមុន មកលើកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីក្នុងដែនអធិបតេយ្យរបស់ខ្លួន ។ ហេតុការណ៍នេះ បានបង្កឱ្យមានការផ្ទុះអាវុធមួយប្រាវរវាងកងទ័ពកម្ពុជា និងថៃ ដោយភាគីកម្ពុជា អះអាងថា ខ្លួនស្ថិតក្នុងស្ថានភាពការពារ ខណៈភាគីថៃជាអ្នកបំពាន ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ ការប៉ះទង្គិចគ្នារយៈពេលខ្លីនៅតំបន់មុំបី មិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ប៉ុន្តែកម្ពុជាបានប្តេជ្ញាការពារបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ ។ ក្នុងអំឡុងពេលប៉ះទង្គិចនោះ ព្រិន្ទបាលឯក សួន រោន អាយុ៤៨ឆ្នាំ បានពលីជីវិតក្នុងពេលបំពេញភារកិច្ចការពារព្រំដែន ។
ថ្លែងទាំងទឹកមុខក្រៀមក្រំ អ្នកស្រី មុត រី ដែលជាបងស្រីជីដូនមួយរបស់លោក សួន រោន បានឱ្យដឹងថា អ្នកស្រីមានទាំងប្អូនប្រុសជីដូនមួយ និងស្វាមី ជាកងទ័ពថ្មើរជើងជួរមុខក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៩ ដែលបានខិតខំពុះពារដោយមិនខ្លាចបាត់បង់ជីវិត ដើម្បីការពារទឹកដីកម្ពុជា ។
អ្នកស្រីបានរៀបរាប់ថា ការឈ្លានពានរបស់កងទ័ពថៃ បានធ្វើឱ្យអ្នកស្រីបាត់បង់ប្អូនប្រុសជីដូនមួយ ខណៈអ្នកស្រីផ្ទាល់ និងក្រុមគ្រួសារ ត្រូវបានបង្ខំចិត្តភៀសសឹក ចាកចេញពីផ្ទះសម្បែង និងដីធ្លីនៅតំបន់មុំបី ដែលជាតំបន់ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ ខណៈស្វាមីរបស់អ្នកស្រីនៅបន្តបំពេញភារកិច្ចនៅលេណដ្ឋានជួរមុខ ។
អ្នកស្រីបានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានរៀបចំជំរុំបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋភៀសសឹក ដែលមានផ្ទះចំនួន៥៦០ខ្នង ស្ថិតនៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលអ្នកស្រី និងគ្រួសារកំពុងស្នាក់នៅ ។
អ្នកស្រី មុត រី បានបញ្ជាក់ថា អ្នកស្រីគាំទ្រជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទាមទារទឹកដីពីភាគីថៃតាមរយៈវិធីសាស្ត្រសន្តិវិធី ព្រោះអ្នកស្រីខ្លាចសង្គ្រាម និងការបាត់បង់ជីវិតជនស្លូតត្រង់ ក៏ដូចជាកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅតំបន់ជួរមុខ ។ អ្នកស្រីបានលើកយកលោក សួន រោន និងស្វាមីរបស់អ្នកស្រី ជាឧទាហរណ៍នៃការលះបង់របស់កងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ ។
ឆ្លៀតក្នុងឱកាសនោះ អ្នកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បន្តរួបរួមសាមគ្គីជាតិ និងបន្តពហិការមិនប្រើប្រាស់ទំនិញ និងសម្ភារពីប្រទេសថៃ ដើម្បីបង្ហាញពីការការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ ។
គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គឺមានរយៈពេលមួយឆ្នាំហើយ នៃការចាប់ផ្តើមអ្វីដែលកម្ពុជាចាត់ទុកថា ជាការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់ខ្លួន ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កម្ពុជាបានបន្តចោទប្រកាន់ថា ភាគីថៃបានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបកស្រាយបញ្ហានៅលើឆាកអន្តរជាតិ ក្នុងន័យធ្វើឱ្យថៃមើលទៅជាជនរងគ្រោះ ខណៈកម្ពុជាត្រូវបានចោទប្រកាន់ថាជាអ្នកបំពាន ។
ទោះបីជាយ៉ាងណា កម្ពុជាបានបន្តធ្វើការបកស្រាយ តវ៉ា និងបង្ហាញជំហររបស់ខ្លួន តាមរយៈលិខិតផ្លូវការ សន្និសីទសារព័ត៌មាន និងការថ្លែងសាររបស់មន្ត្រីការទូតនៅលើវេទិកាអន្តរជាតិ ដើម្បីបញ្ជាក់ថា ថៃបាននិងកំពុងរំលោភលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់កម្ពុជា ។
ស្របពេលនឹងខួបមួយឆ្នាំនេះ លោក អនុទីន នាយករដ្ឋមន្ត្រីថៃ បានបញ្ចេញសារនយោបាយពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ។ យោងតាមការចុះផ្សាយរបស់ The Nation Thailand នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក អនុទីន បានថ្លែងថា ថៃ “មិនខ្វល់អំពីផែនទីបារាំង-សៀម” ហើយថៃ នឹងប្រើប្រាស់តែផែនទីមាត្រដ្ឋាន មួយលើប្រាំពាន់ ដែលភាគីថៃបានគួសដោយឯកតោភាគី និងកំពុងអនុវត្តបច្ចុប្បន្នដើម្បីឈ្លានពានទឹកដី និងអធិបតេយ្យភាពកម្ពុជា ។
ភាគីកម្ពុជា បានចាត់ទុកផែនទីនេះថា ជាផែនទីដែលត្រូវបានគូសឡើងដោយឯកតោភាគីពីសំណាក់កងទ័ពថៃ ដើម្បីប្រើប្រាស់ជាមធ្យោបាយរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
ការថ្លែងរបស់លោក អនុទីន ត្រូវបានធ្វើឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសបារាំង ដើម្បីជួបជាមួយប្រធានាធិបតីបារាំង និងអង្គការ UNESCO ខណៈកម្ពុជាចាត់ទុកថា ភាគីថៃកំពុងព្យាយាមការពារជំហររបស់ខ្លួនជុំវិញវិបត្តិព្រំដែន ដែលបានផ្ទុះឡើងកាលពីមួយឆ្នាំមុន ៕
ខួប១ឆ្នាំនៃការបាញ់សម្លាប់វីរៈកងទ័ពកម្ពុជា លោក សួន រោន ខណៈនាយករដ្ឋមន្ត្រីថៃបោះពាក្យសម្ដីមិនខ្វល់ផែនទីបារាំង-សៀម
សមត្ថកិច្ចស្រុកឆែប ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជ្រោះសុភមិត្ត
កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ
ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិ
សេចក្ដីថ្លែងការណ៍រួមមេដឹកនាំអាស៊ានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដែនសមុទ្រ
25-ឧសភា-2026 - ម៉ោង 02:16:PM
22-ឧសភា-2026 - ម៉ោង 02:35:PM
15-ឧសភា-2026 - ម៉ោង 02:24:PM
15-ឧសភា-2026 - ម៉ោង 11:16:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា