![]()
រាជរដ្ឋាភិបាលកម្ពុជា បានបន្តជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ឱ្យដំណើរការថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈគិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ មានអ្នកចុះឈ្មោះសរុបជាង ៣៦ម៉ឺនសំណើ ក្នុងនោះ ៩៣ភាគរយ បានចុះឈ្មោះដោយខ្លួនឯង។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថល សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលសហការរៀបចំដោយ អុកស្វាមកម្ពុជា និង សមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) នៅសណ្ឋាគារខាំបូឌីយ៉ាណា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជាង ២៥០នាក់ រួមមានអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការប្រារព្ធទិវាពលកម្មសម្រាប់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ គឺជាការរំលឹក និងដាស់តឿនដល់បុគ្គល ក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ឱ្យយកចិត្តទុកដាក់លើសិទ្ធិមូលដ្ឋានក្នុងវិស័យការងារ និងមុខរបរ ព្រមទាំងលក្ខខណ្ឌចាំបាច់ ដើម្បីធានាថាប្រជាពលរដ្ឋ និងអ្នកធ្វើការងារទទួលបានអត្ថប្រយោជន៍សមរម្យក្នុងសង្គម។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «វេទិកានេះ ក៏ជាការពង្រឹងកិច្ចសន្ទនាសង្គមរវាងរាជរដ្ឋាភិបាល សមាគម សហជីព និងសង្គមស៊ីវិល ក្នុងគោលបំណងផ្លាស់ប្ដូរយោបល់ និងជំរុញគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់កម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
ឯកឧត្តម ហេង សួរ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការដោយជោគជ័យនូវរបបសន្តិសុខសង្គមរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលបានក្លាយជា «សំណាញ់សុវត្ថិភាពសង្គមដ៏រឹងមាំ» សម្រាប់ជួយគាំពារកម្មករនិយោជិត។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលដៅរួមរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន គឺចង់ជួយអ្នកប្រកបមុខរបរ និងអ្នកធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្លាប់ប្រឈមការលំបាក ឱ្យអាចចូលមកក្នុងប្រព័ន្ធផ្លូវការ ដើម្បីទទួលបានអត្ថប្រយោជន៍ និងការគាំទ្រនានាពីរដ្ឋាភិបាល។
សម្រាប់កម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមសហគ្រាស និងសិប្បកម្មតូចៗ ដែលមិនទាន់បានចុះបញ្ជីនៅក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យចូលទៅចុះឈ្មោះតាមថ្នាលឌីជីថល ដែលគ្រប់គ្រងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអាចទទួលបានការគាំទ្រពីគោលនយោបាយសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការប្រព័ន្ធចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ចាប់តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងសម្រួលដល់ការចុះឈ្មោះ និងផ្តល់ភាពងាយស្រួលដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការទទួលបានអត្តសញ្ញាណ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណោមសំណើចុះឈ្មោះជាង ៣៦ម៉ឺនសំណើ មាន ៩៣ភាគរយ ត្រូវបានចុះឈ្មោះដោយខ្លួនឯង ខណៈ ៧ភាគរយទៀត បានចុះតាមរយៈភ្នាក់ងារដៃគូ។
ឯកឧត្តម ម៉ាត់ សារី បានមានប្រសាសន៍ថា៖ «ការរៀបចំប្រព័ន្ធចុះឈ្មោះតាមថ្នាលឌីជីថល គឺជាជំហានសំខាន់មួយក្នុងការកសាងមូលដ្ឋានទិន្នន័យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចរៀបចំគោលនយោបាយ និងផ្តល់កិច្ចអន្តរាគមន៍បានកាន់តែចំគោលដៅ និងមានប្រសិទ្ធភាព»។ ឯកឧត្តមបានបន្ថែមថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ នឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ការទទួលបានសេវាថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំទ្រផ្នែកឌីជីថល និងហិរញ្ញវត្ថុផ្សេងៗ។
ដោយឡែក សមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានស្វាគមន៍ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីជួយគាំទ្រដល់កម្មករ អាជីវករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក វន់ ពៅ ប្រធានសមាគម IDEA បានមានប្រសាសន៍ថា ការដាក់ចេញយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើតថ្នាលឌីជីថលសម្រាប់ចុះឈ្មោះ គឺជាជំហានវិជ្ជមានក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរស់នៅរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកបានថ្លែងថា៖ «អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិ ប៉ុន្តែកន្លងមកពួកគាត់នៅមានភាពងាយរងគ្រោះ និងទទួលបានការការពារសង្គមនៅមានកម្រិត។ ដូច្នេះ ការអនុវត្តយុទ្ធសាស្ត្រជាតិនេះ ត្រូវការកិច្ចសហការពីគ្រប់ភាគី ដើម្បីធានាថា កម្មករ អាជីវករ និងអ្នកប្រកបរបរតូចៗ អាចទទួលបានអត្ថប្រយោជន៍ពិតប្រាកដ»។
លោក វន់ ពៅ ក៏បានអំពាវនាវឱ្យមានការបន្តកិច្ចសហការរវាងសមាគម អង្គការតំណាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងស្ថាប័នរដ្ឋ ជាពិសេសជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរៀបចំការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពដល់កម្មករ និងអ្នកប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកបានបន្ថែមថា ការបណ្ដុះបណ្ដាលគួរផ្តោតលើជំនាញពាក់ព័ន្ធនឹងការងារ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងជាពិសេសនីតិវិធីនៃប្រព័ន្ធចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ដើម្បីឱ្យកម្មករ និងអាជីវករអាចយល់ដឹង និងចូលរួមក្នុងប្រព័ន្ធបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព៕




សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ
ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក
វិស្វករបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានចំនួន ១០ ១៧២នាក់គិតត្រឹមឆ្នាំ២០២៥
កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦
សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន
ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែទាំសម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន
ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
8 ម៉ោងមុន
ម្សិលមិញ ម៉ោង 02:59:PM
08-ឧសភា-2026 - ម៉ោង 03:19:PM
07-ឧសភា-2026 - ម៉ោង 10:45:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា