សារព័ត៌មានបៃតងប៉ុស្តិ៍

ប្រមុខរដ្ឋស្តីទីព្រមានមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ជុំវិញការនាំចូលទំនិញថៃខុសច្បាប់

2 ម៉ោងមុន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា បានព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ដែលពាក់ព័ន្ធនឹងការនាំចូលទំនិញថៃខុសច្បាប់ចូលមកកម្ពុជា ខណៈព្រំដែនគោករវាងប្រទេសទាំងពីរនៅតែបន្តបិទ ដោយចាត់ទុកថា ទំនិញទាំងនោះគឺជាទំនិញរត់ពន្ធ ទំនិញបំផ្លាញជាតិ និងជាការប្រមាថដល់កិត្តិយសជាតិ។

 

ថ្លែងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អាចមានការបកស្រាយខុស ការធ្វើមិនយល់ដោយចេតនា អំពើពុករលួយ ឬការបំពានច្បាប់ពីសំណាក់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ដែលជាហេតុធ្វើឱ្យទំនិញថៃផលិតថ្មីៗនៅតែមានលក់នៅលើទីផ្សារកម្ពុជា។

 

សម្ដេចតេជោបានបញ្ជាក់ថា ចំណុចសំខាន់ដែលត្រូវយល់ឱ្យច្បាស់គឺ ដរាបណាព្រំដែនគោករវាងកម្ពុជា និងថៃនៅតែបន្តបិទ ទំនិញគ្រប់ប្រភេទដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ និងជាទំនិញរត់ពន្ធ។

 

សម្ដេចបានសង្កត់ធ្ងន់ថា នៅពេលព្រំដែនគោកត្រូវបានបិទ មនុស្សមិនអាចឆ្លងកាត់បាន ទំនិញក៏មិនអាចឆ្លងកាត់បានដូចគ្នា។ ដូច្នេះ រាល់ទំនិញដែលត្រូវបានរកឃើញថាបាននាំចូលតាមច្រកព្រំដែនគោក គឺជាការបំពានច្បាប់យ៉ាងច្បាស់លាស់។

 

ប្រមុខរដ្ឋស្ដីទីបានបន្ថែមថា សម្រាប់មនុស្ស និងទំនិញដែលធ្វើដំណើរ ឬដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស ជាពិសេសតាមកំពង់ផែសមុទ្រ និងអាកាសយានដ្ឋានអន្តរជាតិ គឺនៅតែដំណើរការជាធម្មតា ហើយស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរគយ ដែលមានសមត្ថកិច្ចកំណត់ថា ទំនិញណាស្របច្បាប់ និងទំនិញណាខុសច្បាប់។

 

សម្ដេចតេជោក៏បានច្រានចោលការអះអាងមួយចំនួនដែលថា ទំនិញថៃដែលកំពុងដាក់លក់នៅលើទីផ្សារកម្ពុជា គឺជាទំនិញសល់ក្នុងស្តុក ដោយបញ្ជាក់ថា ទំនិញមួយចំនួនត្រូវបានផលិតនៅឆ្នាំ២០២៦ ខណៈព្រំដែនគោកត្រូវបានបិទអស់រយៈពេលជិតមួយឆ្នាំមកហើយ។

 

សម្ដេចបានលើកជាសំណួរថា ប្រសិនបើទំនិញទាំងនោះជាទំនិញសល់ក្នុងស្តុកពិតប្រាកដ ហេតុអ្វីបានជាមានទំនិញដែលទើបផលិតថ្មីៗនៅឆ្នាំ២០២៦ ហើយមានវត្តមាននៅលើទីផ្សារកម្ពុជា។ សម្ដេចបន្ថែមថា បើជាទំនិញស្តុកចាស់ពិតមែន ទំនិញមួយចំនួនក៏គួរតែផុតកំណត់ប្រើប្រាស់ទៅហើយដែរ។

 

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ពិសេសស្ថាប័នគយ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ប្រមូលផ្ដុំកម្លាំង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើការនាំចូលទំនិញខុសច្បាប់តាមច្រកព្រំដែនគោក ដោយបញ្ជាក់ថា មិនអាចមានស្ថានភាព «បិទព្រំដែនគោក ប៉ុន្តែទំនិញនៅតែចូលបាន» នោះឡើយ។

 

ជាមួយគ្នានេះ សម្ដេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងនាមជាអ្នកប្រើប្រាស់ ឱ្យប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ខ្លួនដោយមិនគាំទ្រទំនិញដែលនាំចូលដោយខុសច្បាប់ និងមិនឱ្យថវិការបស់ខ្លួនក្លាយជាផ្នែកមួយដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។

 

ជុំវិញបញ្ហានេះដែរ លោកស្រី មុត រី ដែលជាជនភៀសសឹកដោយសារសង្គ្រាមឈ្លានពានរបស់ថៃ និងកំពុងរស់នៅក្នុងខេត្តព្រះវិហារ បានថ្លែងប្រាប់សារព័ត៌មាន បៃតងប៉ុស្តិ៍ (BTP) កាលពីពេលកន្លងទៅថា លោកស្រីសូមអំពាវនាវដល់មន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យរួមគ្នាទប់ស្កាត់ការនាំចូល និងពហិការឈប់ប្រើប្រាស់ទំនិញថៃ ដែលនាំចូលដោយខុសច្បាប់។

 

លោកស្រីបានលើកឡើងថា ការកាត់បន្ថយការប្រើប្រាស់ទំនិញថៃ គឺជាការចូលរួមចំណែកមួយក្នុងការការពារផលប្រយោជន៍ជាតិ គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈការងាកមកគាំទ្រផលិតផលខ្មែរ និងសហគ្រាសក្នុងស្រុក។

 

លោកស្រី មុត រី បានបញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះតាមព្រំដែន និងជាជនភៀសសឹកម្នាក់ លោកស្រីយល់ថា ការគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយបង្កើនប្រាក់ចំណូលដល់កសិករ សិប្បករ និងអ្នកផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសាមគ្គីភាពជាតិ និងការចូលរួមការពារអធិបតេយ្យភាពរបស់ប្រទេសជាតិផងដែរ។

 

លោកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួបរួមគ្នា គាំទ្រផលិតផលខ្មែរ និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើប្រទះឃើញសកម្មភាពលួចនាំចូលទំនិញខុសច្បាប់តាមព្រំដែន ដើម្បីរួមចំណែកក្នុងការអនុវត្តច្បាប់ និងការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

 

ការអំពាវនាវរបស់លោកស្រី មុត រី បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តពង្រឹងវិធានការទប់ស្កាត់ការរត់ពន្ធទំនិញ និងជំរុញឱ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយលើកកម្ពស់ផលិតកម្មជាតិ និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា។

 

អ្នកសង្កេតការណ៍បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការមិនគាំទ្រទំនិញខុសច្បាប់ គួបផ្សំនឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរ អាចជួយកាត់បន្ថយការរត់ពន្ធទំនិញ ធានាបាននូវការប្រកួតប្រជែងដោយស្មើភាពសម្រាប់ផលិតផលក្នុងស្រុក និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំក្នុងរយៈពេលវែង៕

 

 

 

ព័ត៌មានទាក់ទង

ប្រមុខរដ្ឋស្តីទីព្រមានមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ជុំវិញការនាំចូលទំនិញថៃខុសច្បាប់ ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃស្អែកនេះ ក្រសួងសាធារណការ គ្រោងបង្កើតប្រព័ន្ធសេនស័រ Sensor បំពាក់លើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ចូន ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករ​មកពី​ថៃនិងអ្នកកំពុងរកការងារធ្វើ ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប ក្រសួងការងារ បន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម