សារព័ត៌មានបៃតងប៉ុស្តិ៍

អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម

01-មិថុនា-2026 - ម៉ោង 12:23:PM

ភ្នំពេញ៖ អង្គការអុកស្វាម (Oxfam) បានគូសបញ្ជាក់អំពីការចូលរួមចំណែកដ៏សំខាន់ ប៉ុន្តែជារឿយៗត្រូវបានមើលរំលង របស់ស្ត្រីកម្មករ និងស្ត្រីកសិករក្នុងវិស័យកសិ-ស្បៀងអាហារនៅកម្ពុជា ខណៈបានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃកិច្ចគាំពារសង្គម សិទ្ធិការងារ និងវប្បធម៌សន្ទនាសង្គម ក្នុងការលើកកម្ពស់ជីវភាព ការងារ និងសន្តិសុខសេដ្ឋកិច្ចរបស់ស្ត្រី។

 

នៅក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារមួយ ដែលរៀបចំឡើងនៅថ្ងៃទី 29 ខែឧសភា ឆ្នាំ 2026 នៅការិយាល័យអុកស្វាមក្នុងរាជធានីភ្នំពេញ អង្គការនេះបានបង្ហាញរឿងរ៉ាវដ៏មានឥទ្ធិពលចំនួនបួន ស្តីពីស្ត្រីជាអ្នកដឹកនាំនៅក្នុងវិស័យកសិ-ស្បៀងអាហារ។ កម្មវិធីនេះជាផ្នែកមួយនៃការបិទបញ្ចប់គម្រោងរយៈពេលប្រាំឆ្នាំក្រោមចំណងជើង «ការលើកកម្ពស់កិច្ចគាំពារសង្គម និងសិទ្ធិការងារសម្រាប់ស្ត្រីកម្មករក្នុងវិស័យកសិ-ស្បៀងអាហារនៅអាស៊ាន» ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីរាជរដ្ឋាភិបាលបែលហ្ស៊ិក។

 

ភាពយន្តឯកសារទាំងនោះ បានបង្ហាញពីជីវិត និងការតស៊ូរបស់អ្នកលក់ដូរតាមដងផ្លូវ កសិករខ្នាតតូច កម្មករក្នុងវិស័យកម្សាន្ត និងអ្នករៀបចំសហគមន៍ ដោយឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពអង់អាច និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដែលកំពុងជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងកន្លែងការងារ និងសហគមន៍របស់ពួកគេ។

 

ជាមួយគ្នានេះ កម្មវិធីក៏បានរៀបចំការតាំងពិព័រណ៍រូបថត និងសក្ខីកម្មផ្ទាល់របស់ស្ត្រីជាអ្នកដឹកនាំកម្មករ ដែលបានបង្ហាញឱ្យឃើញថា ស្ត្រីទាំងនេះមិនត្រឹមតែជាកម្មករ និងអ្នករកចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកថែទាំគ្រួសារ អ្នករៀបចំសហគមន៍ និងអ្នកកសាងសង្គមផងដែរ។

 

អង្គការអុកស្វាម បានលើកឡើងថា «នៅពីក្រោយអាហារគ្រប់ពេលបរិភោគ គឺមានកម្លាំងពលកម្មដ៏មិនសូវត្រូវបានគេមើលឃើញរបស់ស្ត្រី។ នៅតាមវាលស្រែ ទីផ្សារ ផ្ទះបាយ និងអាជីវកម្មខ្នាតតូចនានាក្នុងប្រទេសកម្ពុជា ស្ត្រីជាអ្នកដាំដុះ ចម្អិន លក់ និងផ្គត់ផ្គង់អាហារ ដែលជាមូលដ្ឋានសម្រាប់ទ្រទ្រង់គ្រួសារ និងសហគមន៍។ ទោះជាយ៉ាងណា ការចូលរួមចំណែករបស់ពួកគេនៅតែត្រូវបានមើលរំលង ខណៈពួកគេប្រឈមមុខនឹងម៉ោងការងារយូរ លក្ខខណ្ឌការងារមិនមានសុវត្ថិភាព ប្រាក់ចំណូលមិនស្ថិតស្ថេរ និងការទទួលបានសិទ្ធិ និងកិច្ចគាំពារសង្គមនៅមានកម្រិត»។

 

កញ្ញា សៀ យឹម ដែលជាយុវតីម្នាក់ត្រូវបានបង្ហាញនៅក្នុងសៀវភៅរូបថត បានចែករំលែកបទពិសោធន៍អំពីការកេងប្រវ័ញ្ចនៅកន្លែងការងារ និងសារៈសំខាន់នៃការយល់ដឹងអំពីសិទ្ធិការងារ។ កញ្ញាបានថ្លែងថា៖ «នៅកន្លែងការងារមុន ខ្ញុំត្រូវបានតម្រូវឱ្យបំពេញតួនាទីជាច្រើន ដោយគ្មានការឈប់សម្រាកសមស្រប។ ខ្ញុំបានជួបប្រទះការរំខាន និងការប្រព្រឹត្តមិនយុត្តិធម៌ ប៉ុន្តែខ្ញុំមិនហ៊ាននិយាយអ្វីឡើយ។ ភាពស្ងៀមស្ងាត់នោះបានបង្រៀនខ្ញុំឱ្យយល់ថា ហេតុអ្វីបានជាការផ្លាស់ប្តូរមានសារៈសំខាន់»។

 

ចំណែកអ្នកស្រី ពៅ ចិន្តា អ្នកគ្រប់គ្រងភោជនីយដ្ឋានម្នាក់នៅខេត្តកណ្តាល និងជាអតីតអ្នកផ្សព្វផ្សាយស្រាបៀរ បានថ្លែងថា ការបណ្តុះបណ្តាលអំពីសិទ្ធិការងារ បានជួយផ្លាស់ប្តូរជីវិត និងបរិយាកាសការងាររបស់អ្នកស្រី។

 

អ្នកស្រីបានបញ្ជាក់ថា៖ «ការនិយាយចេញមិនត្រឹមតែផ្លាស់ប្តូរជីវិតខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែបានផ្លាស់ប្តូរបរិយាកាសជុំវិញខ្ញុំផងដែរ។ តាមរយៈការរួមគ្នាបញ្ចេញសំឡេងប្រឆាំងនឹងការប្រព្រឹត្តមិនត្រឹមត្រូវ យើងបានជួយបង្កើតកន្លែងការងារដែលមានសុវត្ថិភាព ការគោរព និងសេចក្តីថ្លៃថ្នូរ។ ការបណ្តុះបណ្តាលអំពីសិទ្ធិការងារ ការរំខានផ្លូវភេទ និងកិច្ចគាំពារសង្គម បានបង្រៀនខ្ញុំឱ្យចេះការពារសិទ្ធិរបស់ខ្លួនឯង»។

 

លោក តាន់ វិសាល អ្នកសម្របសម្រួលកម្មវិធីរបស់អុកស្វាម បានថ្លែងថា រឿងរ៉ាវទាំងនេះឆ្លុះបញ្ចាំងពីតួនាទីដ៏ធំធេងរបស់ស្ត្រីក្នុងការកសាងប្រព័ន្ធស្បៀងអាហារ និងការជំរុញយុត្តិធម៌សង្គម។

លោកបានមានប្រសាសន៍ថា៖ «កម្មវិធីចាក់បញ្ចាំងនេះបង្ហាញឱ្យឃើញការពិតមួយថា ស្ត្រីមិនត្រឹមតែទ្រទ្រង់គ្រួសារ និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងផ្លាស់ប្តូរវិស័យកសិ-ស្បៀងអាហាររបស់កម្ពុជា និងជំរុញការទាមទារយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងសមភាពនៅទូទាំងតំបន់»។

 

គម្រោងនេះត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២២ នៅប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីគាំទ្រកម្មករ និងអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រី តាមរយៈការពង្រឹងសិទ្ធិការងារ ការពង្រីកការទទួលបានកិច្ចគាំពារសង្គម និងការលើកកម្ពស់វប្បធម៌សន្ទនាសង្គម។

 

នៅកម្ពុជា អុកស្វាម និងអង្គការដៃគូចំនួន៦ រួមមាន អង្គការបន្ទាយស្រី (BS) សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សហព័ន្ធសជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហភាពការងារកម្ពុជា (CLC) និងកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បានគាំទ្រស្ត្រីកម្មករ និងកសិករខ្នាតតូចជាង ៤១,០០០នាក់ ឱ្យទទួលបានសិទ្ធិរបស់ខ្លួន និងចូលរួមជះឥទ្ធិពលលើគោលនយោបាយសាធារណៈ ដើម្បីជំរុញសមភាពយេនឌ័រ។

 

អុកស្វាមបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រារព្ធភាពជាអ្នកដឹកនាំរបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកថា ការរីកចម្រើនពិតប្រាកដក្នុងវិស័យកសិ-ស្បៀងអាហារ ត្រូវការប្រព័ន្ធកិច្ចគាំពារសង្គមដែលរឹងមាំ ការគោរពសិទ្ធិការងារ និងការពង្រឹងវប្បធម៌សន្ទនាសង្គមរវាងកម្មករ និយោជក រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។

 

ខណៈគម្រោងរយៈពេលប្រាំឆ្នាំនេះបានឈានដល់ទីបញ្ចប់ អុកស្វាម និងដៃគូអនុវត្តន៍បានអះអាងថា នឹងបន្តជំរុញគោលនយោបាយ និងវិធានការនានា ដើម្បីធានាថា ស្ត្រីកម្មករ មិនត្រឹមតែទទួលបានការទទួលស្គាល់ចំពោះការចូលរួមចំណែករបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួលបានការងារសមរម្យ សន្តិសុខសេដ្ឋកិច្ច និងឱកាសស្មើភាពគ្នា នៅទូទាំងតំបន់អាស៊ានផងដែរ៕

ព័ត៌មានទាក់ទង

ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃស្អែកនេះ ក្រសួងសាធារណការ គ្រោងបង្កើតប្រព័ន្ធសេនស័រ Sensor បំពាក់លើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ចូន ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករ​មកពី​ថៃនិងអ្នកកំពុងរកការងារធ្វើ ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប ក្រសួងការងារ បន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម