សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាអះអាងកម្លាំងយោធាថៃបង្កផ្ទុះអាវុធ ៥លើក នៅច្រកអូរស្មាច់ អំឡុងដំណើរទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេស

1 ម៉ោងមុន

ភ្នំពេញ, តាមប្រភពពីក្រសួងការពារជាតិ កម្លាំងយោធាថៃបានបង្កករណីផ្ទុះអាវុធចំនួន ៥លើក ដោយប្រើអាវុធប្រភេទ M79 និង M16 សរុប ៩គ្រាប់ នៅតំបន់ច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ អំឡុងពេលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) កំពុងចុះសង្កេតការណ៍លើកទី២ ប្រចាំឆ្នាំ២០២៦ ក្រោយបទឈប់បាញ់ចូលជាធរមាន។

 

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ហេតុការណ៍នេះបានកើតឡើងចន្លោះម៉ោង ១០:៣៥នាទីព្រឹក ដល់ ១១:០៩នាទីព្រឹក ខណៈក្រុមអនុព័ន្ធយោធាបរទេស និងមន្ត្រីពាក់ព័ន្ធកំពុងស្ថិតនៅទីតាំងជាក់ស្តែង ដើម្បីត្រួតពិនិត្យស្ថានការណ៍សន្តិសុខតាមបណ្តោយព្រំដែន។

 

មុនដំណើរទស្សនកិច្ចនេះ កម្ពុជាបានជូនដំណឹងជាផ្លូវការទៅភាគីថៃ តាមរយៈក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រួចហើយ ខណៈសកម្មភាពសង្កេតការណ៍របស់ប្រទេសសមាជិក MACPP ត្រូវបានចាត់ទុកថា បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ និងសន្តិភាពក្នុងតំបន់។

តាមប្រភពពីក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបន្ថែមថា ហេតុការណ៍នេះផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន។

 

លោកជំទាវបានបញ្ជាក់ថា កម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី និងជំរុញឱ្យមានការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

 

ក្រសួងការពារជាតិ ក៏បានបញ្ជាក់សាជាថ្មីអំពីការបន្តគោរព និងអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង។

 

មិនទាន់មានប្រតិកម្មភ្លាមៗពីភាគីថៃជុំវិញការអះអាងរបស់កម្ពុជា នៅឡើយទេ។ អ្នកសង្កេតការណ៍មើលឃើញថា ហេតុការណ៍នេះអាចបង្កក្តីបារម្ភថ្មីចំពោះស្ថិរភាពតាមបណ្តោយព្រំដែន បើទោះបីភាគីទាំងពីរបានប្តេជ្ញារក្សាបទឈប់បាញ់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីក៏ដោយ។

ព័ត៌មានទាក់ទង

កម្ពុជាអះអាងកម្លាំងយោធាថៃបង្កផ្ទុះអាវុធ ៥លើក នៅច្រកអូរស្មាច់ អំឡុងដំណើរទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេស ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា យោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាក្រៅផ្លូវការបន្តជំរុញការអនុវត្តកិច្ចព្រ​មព្រៀងនានាកន្លងមក កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពយោធាថៃបន្តពង្រឹងការកាន់កាប់ដោយខុសច្បាប់លើអធិបតេយ្យកម្ពុជា កម្ពុជាសោកស្តាយ បើថៃដកខ្លួនជាឯកតោភាគីចេញពី MoU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតគ្នា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ កម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃ ព្រោះកម្ពុជាមានប្រភពនាំចូលគ្រប់គ្រាន់ ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀង​ផ្ទាត់ លើការគោរពសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ក្រោយបទឈប់បាញ់​ចូលជាធរមាន ក្នុងខេត្តឧត្តរមានជ័យ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម