
ឧត្តរមានជ័យ, ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ — រដ្ឋាភិបាលអូស្ត្រាលី សហការជាមួយអង្គការអុកស្វាម កំពុងបន្តផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ដល់ប្រជាពលរដ្ឋជនភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តផ្សេងទៀត ដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ ដើម្បីជួយសម្រាលការលំបាក និងបំពេញតម្រូវការបន្ទាន់របស់គ្រួសារងាយរងគ្រោះ។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ការចែកជំនួយជាសាច់ប្រាក់បានចាប់ផ្តើមសម្រាប់គ្រួសារជនភៀសខ្លួនចំនួន ៣,០៥០ គ្រួសារ នៅតាមបណ្ដាជំរុំក្នុងខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ជំនួយនេះ មានគោលបំណងជួយគ្រួសារជនភៀសសឹកឱ្យអាចបំពេញតម្រូវការបន្ទាន់ដូចជា ស្បៀងអាហារ ទីជម្រក និងសម្ភារៈចាំបាច់ ក្នុងអំឡុងពេលប្រឈមវិបត្តិមនុស្សធម៌។
ជាពិសេស ការចែកជំនួយជាសាច់ប្រាក់នៅជំរុំចុងកាល់ថ្មី ក្នុងខេត្តឧត្តរមានជ័យ បានទៅដល់គ្រួសារជនភៀសសឹកចំនួន ១,៥១៩ គ្រួសារ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាយិកាអង្គការអុកស្វាម អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងដៃគូអនុវត្តក្នុងស្រុក។ វត្តមាននេះ បានគូសបញ្ជាក់ពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលអូស្ត្រាលី អង្គការអុកស្វាម និងអាជ្ញាធរមូលដ្ឋាន ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងតម្រូវការមនុស្សធម៌របស់ប្រជាពលរដ្ឋងាយរងគ្រោះ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ជំនួយពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម មានសារៈសំខាន់ខ្លាំងក្នុងការសម្រាលបន្ទុកជីវភាពរបស់គ្រួសារជនភៀសសឹកនៅក្នុងខេត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ មានតួនាទីសំខាន់ក្នុងការឆ្លើយតបបញ្ហាមនុស្សធម៌ និងបានស្នើសុំឲ្យមានការជម្រុញឱ្យបទឈប់បាញ់អាចចូលជាធរមានជាអចិន្ត្រៃយ៍ ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅលំនៅដ្ឋានរបស់ខ្លួនវិញដោយសុវត្ថិភាព។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អូស្ត្រាលី ជាដៃគូរយៈពេលវែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ការជម្លៀសប្រជាពលរដ្ឋដោយសារជម្លោះ គឺជាបញ្ហាធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយបន្ទាន់លើផ្នែកទឹកស្អាត អាហារ ទីជម្រក អនាម័យ និងជំនួយហិរញ្ញវត្ថុ ដើម្បីជួយឱ្យគ្រួសារជនភៀសសឹកអាចបំពេញតម្រូវការចាំបាច់។ ឯកឧត្តមបានបន្ថែមថា អូស្ត្រាលីសង្ឃឹមឃើញសន្តិភាពដែលមានភាពយុត្តិធម៌ និងយូរអង្វែង ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា ការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី អនុញ្ញាតឱ្យអង្គការអុកស្វាមអាចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ខណៈពេលដែលកំពុងធ្វើការជាមួយសហគមន៍ និងដៃគូ ដើម្បីរៀបចំដំណោះស្រាយរយៈពេលវែង។ លោកស្រីបានបញ្ជាក់ថា នេះជាអន្តរាគមន៍មនុស្សធម៌លើកទី៦ របស់អង្គការអុកស្វាម ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មក ហើយការលំបាករបស់គ្រួសារជនភៀសសឹក នៅតែមានទំហំធំ ដែលតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាបន្តបន្ទាប់។
ការចែកជំនួយនៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ជាផ្នែកមួយនៃកញ្ចប់ជំនួយមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលី ចំនួន ២៥០,០០០ ដុល្លារអាមេរិក ដើម្បីជួយដល់ជនភៀសសឹកដោយសារជម្លោះនៅក្នុងប្រទេសកម្ពុជា តាមរយៈអង្គការអុកស្វាម។ ជាមួយនឹងថវិកានេះ អង្គការអុកស្វាម នឹងផ្តល់ជំនួយលើផ្នែកទឹកស្អាត និងអនាម័យ អាហារ និងទីជម្រកសង្គ្រោះបន្ទាន់។
កិច្ចខិតខំប្រឹងប្រែងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រជំនួយមនុស្សធម៌នៅកម្ពុជា និងបង្ហាញពីតួនាទីសំខាន់របស់អង្គការអុកស្វាម ក្នុងការសម្របសម្រួល និងអនុវត្តជំនួយមនុស្សធម៌ជាមួយដៃគូក្នុងស្រុក ដើម្បីលើកកម្ពស់ភាពធន់ ការស្តារឡើងវិញ និងការអភិវឌ្ឍរយៈពេលវែងសម្រាប់សហគមន៍ងាយរងគ្រោះ។




អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញជនបរទេសសរុប ៤១៩នាក់ ចេញពីកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ
កុមារជាង១លាននាក់ បានទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ
ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក
រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
30-មករា-2026 - ម៉ោង 02:50:PM
30-មករា-2026 - ម៉ោង 09:19:AM
26-មករា-2026 - ម៉ោង 02:28:PM
16-មករា-2026 - ម៉ោង 11:17:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា