ថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ ខេត្តសៀមរាប — ក្នុងបរិបទដែលប្រជាពលរដ្ឋជាច្រើននៅតំបន់ព្រំដែនកម្ពុជា–ថៃ បន្តប្រឈមមុខនឹងការផ្លាស់ទីលំនៅ ដោយសារជម្លោះព្រំដែន ក្រុមហ៊ុនឯកជន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល (INGOs) បានរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ជំនួយទាំងបន្ទាន់ និងដំណោះស្រាយរយៈពេលវែង សម្រាប់សហគមន៍ដែលរងផលប៉ះពាល់។
ក្រុមហ៊ុន Cambodia Beverage Company (Coca-Cola) ដោយសហការជាមួយអង្គការ World Vision International in Cambodia និងអាជ្ញាធរថ្នាក់ស្រុក កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រជំនួយ ពីជំនួយមនុស្សធម៌បន្ទាន់ ទៅកាន់ការកសាង សន្តិសុខស្បៀងអាហារយ៉ាងចីរភាព និងការស្តារឡើងវិញនៃជីវភាពរស់នៅ សម្រាប់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅនៅតំបន់ព្រំដែន។ ជំនួសឲ្យការផ្តល់អាហារតែប៉ុណ្ណោះ គម្រោងនេះផ្តោតលើការជំរុញឲ្យគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ អាចឈរជើងដោយខ្លួនឯង តាមរយៈការបម្លែងទីតាំងស្នាក់នៅបណ្តោះអាសន្ន ទៅជាសហគមន៍ផលិតស្បៀងអាហារ។ សកម្មភាពសំខាន់ៗ រួមមាន ការបង្កើតកសិដ្ឋានចិញ្ចឹមទា សម្រាប់ផលិតស៊ុត និងការដាំបន្លែនៅជិតទីតាំងស្នាក់នៅ ដើម្បីបំពេញតម្រូវការអាហារប្រចាំថ្ងៃ និងកាត់បន្ថយការចំណាយក្នុងគ្រួសារ។
គម្រោងនេះអនុវត្តបច្ចេកទេសកសិកម្មដែលអាចទទួលបានផលលឿន (Quick-yield farming) ដើម្បីឲ្យគ្រួសារអាចទទួលបានស្បៀងអាហារក្នុងរយៈពេលខ្លី ខណៈពេលក៏កសាងជំនាញកសិកម្មជាក់ស្តែងផងដែរ។ គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ បានចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងកសិដ្ឋាន និងសួនបន្លែ ជួយបង្កើនភាពជាម្ចាស់ និងភាពចីរភាពនៃគម្រោង។ សម្រាប់គ្រួសារជាច្រើន ជំនួយនេះមិនត្រឹមតែជាការផ្គត់ផ្គង់អាហារទេ ប៉ុន្តែថែមទាំងជាការស្តារក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូរនៃជីវិតឡើងវិញផងដែរ។
អ្នកស្រី កៅ និមល ប្រជាពលរដ្ឋម្នាក់ដែលជនភៀសសឹកក្នុងជំរុំភៀសខ្លួន បានចែករំលែកពីការផ្លាស់ប្តូរដ៏វិជ្ជមានក្នុងជីវភាពរស់នៅគ្រួសាររបស់គាត់៖ «មុនពេលទទួលបានការគាំទ្រនេះ យើងអាស្រ័យលើជំនួយអាហារប៉ុណ្ណោះ ហើយព្រួយបារម្ភរៀងរាល់ថ្ងៃថានឹងមានអ្វីញ៉ាំ។ ឥឡូវនេះ យើងអាចចិញ្ចឹមទា និងដាំបន្លែដោយខ្លួនឯង អាចផ្គត់ផ្គង់ស៊ុត និងអាហារស្រស់សម្រាប់កូនៗ ហើយមានទំនុកចិត្តចំពោះអនាគតជាងមុន»។
អ្នកស្រីក៏បានបន្ថែមថា ជំនាញកសិកម្មដែលទទួលបាន នឹងបន្តមានប្រយោជន៍សម្រាប់គ្រួសាររបស់គាត់ ទោះបីជាថ្ងៃក្រោយបានត្រឡប់ទៅរស់នៅទីលំនៅដើមវិញក៏ដោយ៖ «ជំនាញទាំងនេះ នឹងនៅជាមួយយើងយូរអង្វែង វាធ្វើឲ្យយើងមានសង្ឃឹមថា អាចឈរជើងដោយខ្លួនឯងបានម្តងទៀត»។
លោក សុខ ណារិទ្ធ អភិបាលស្រុកក្រឡាញ់ បានថ្លែងសរសើរចំពោះកិច្ចសហការរវាងវិស័យឯកជន អង្គការអន្តរជាតិ និងអាជ្ញាធររដ្ឋាភិបាល៖ «សកម្មភាព និងការគាំទ្រពីក្រុមហ៊ុនឯកជន ដែលធ្វើការរួមគ្នាជាមួយអង្គការអន្តរជាតិ បង្ហាញពីស្មារតីសាមគ្គីក្នុងការកសាងជាតិ។ កិច្ចសហការនេះ ជួយពង្រឹងប្រព័ន្ធស្បៀងអាហារ លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយការចំណាយក្នុងគ្រួសារ ដែលជួយបង្កើនស្ថិរភាពប្រាក់ចំណូល និងភាពធន់របស់សហគមន៍»។
គម្រោងនេះបង្ហាញឲ្យឃើញថា ការសហការរវាង ក្រុមហ៊ុន អង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន អាចផ្លាស់ប្តូរពីការឆ្លើយតបបន្ទាន់ ទៅកាន់ការអភិវឌ្ឍចីរភាពបាន សូម្បីតែក្នុងបរិបទដ៏ងាយរងការប៉ះពាល់ដូចជាតំបន់ព្រំដែន។ ខណៈការផ្លាស់ទីលំនៅនៅតែបន្តប៉ះពាល់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ កិច្ចសហការបែបនេះ មានតួនាទីសំខាន់ក្នុងការធានាសន្តិសុខស្បៀងអាហារ ស្តារជីវភាពរស់នៅ និងគាំទ្រការស្ដារឡើងវិញសម្រាប់គ្រួសារដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ។





សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន
សាលារៀន និងមន្ទីរពេទ្យជាច្រើននៅបន្តបិទទ្វារក្នុងខេត្តព្រះវិហារ
អង្គការទស្សនៈពិភពលោកនាំយកគ្រាប់ពូជ និងសម្ភារៈសួនបន្លែផ្ដល់ជូនទីតាំងចំនួន១០កន្លែង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប
ក្នុងអំឡុងពេលនេះ តើក្រុមប្រឆាំងនៅក្រៅប្រទេស គួរធ្វើសកម្មភាពកេងចំណេញនយោបាយជាជាងគិតប្រយោជន៍ជាតិជាធំដែរឬទេ?
នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា អង្គការអុកស្វាមស្នើរឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបញ្ឈប់ការជម្លៀស និងបញ្ចប់ទុក្ខវេទនារបស់ជនស៊ីវិល
20 ម៉ោងមុន
12-មករា-2026 - ម៉ោង 11:53:AM
12-មករា-2026 - ម៉ោង 09:01:AM
10-មករា-2026 - ម៉ោង 09:54:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា