ភ្នំពេញ, ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ — របាយការណ៍ស្ថានការណ៍លេខ ១៤ របស់ វេទិកាការឆ្លើយតបមនុស្សធម៌ (Humanitarian Response Forum – HRF) ដែលរៀបចំឡើងដោយសហការជាមួយដៃគូមនុស្សធម៌ បានបញ្ជាក់ថា ទោះបីជាការផ្លាស់ទីប្រជាពលរដ្ឋជាធំបានថយចុះ បន្ទាប់ពីជាង ៤ សប្ដាហ៍នៃវិបត្តិព្រំដែនកម្ពុជា–ថៃក៏ដោយ ក៏តម្រូវការមនុស្សធម៌នៅតែមានសារៈសំខាន់ និងស្ថានការណ៍នៅតំបន់រងផលប៉ះពាល់នៅតែមានភាពមិនប្រាកដប្រជា។
របាយការណ៍នេះ គ្របដណ្តប់រយៈពេលពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា ប្រជាពលរដ្ឋភៀសខ្លួនមួយចំនួនបានចាប់ផ្តើមត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ ប៉ុន្តែស្ថានភាពសុវត្ថិភាព និងសេវាមូលដ្ឋាននៅតាមតំបន់នីមួយៗនៅតែមានភាពខុសគ្នា។ ដូច្នេះ ការរៀបចំការឆ្លើយតបមនុស្សធម៌ ត្រូវគ្របដណ្តប់ទាំងប្រជាពលរដ្ឋនៅបន្តភៀសខ្លួន និងការត្រឡប់ទៅលំនៅដ្ឋានជាបណ្តើរៗ ដោយផ្អែកលើសុវត្ថិភាព ការចូលដំណើរការ និងភាពអាចប្រើប្រាស់បាននៃសេវាមូលដ្ឋាន។
យោងតាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) គិតត្រឹមថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋភៀសខ្លួនប្រមាណ ៤៧៥,០០០ នាក់ បានត្រឡប់ទៅកាន់ទីកន្លែងដើមវិញ ខណៈដែលនៅសល់ប្រមាណ ១៧៣,៧៧៦ នាក់ នៅតែភៀសខ្លួន រួមមានស្ត្រី ៩១,១៧០ នាក់ និងកុមារ ៥៦,៧៥៧ នាក់។ ក្នុងចំណោមនេះ មានប្រមាណ ៦៤,០១៨ នាក់ កំពុងរស់នៅតាមទីតាំងភៀសខ្លួនចំនួន ១២៧ កន្លែង និង ១០៩,៧៥៨ នាក់ ស្នាក់នៅជាមួយសហគមន៍ម្ចាស់ផ្ទះ ឬសាច់ញាតិ។
របាយការណ៍បានព្រមានថា ប្រជាពលរដ្ឋភៀសខ្លួនមួយចំនួនមិនអាចត្រឡប់ទៅលំនៅដ្ឋានវិញក្នុងពេលខាងមុខបានទេ ដោយសារតែការបំពុលដោយគ្រាប់មិនទាន់ផ្ទុះ (UXO) លំនៅដ្ឋានខូចខាត និងភាពអសន្តិសុខនៅតំបន់ដើម។
តម្រូវការមនុស្សធម៌របស់គ្រួសារដែលនៅបន្តភៀសខ្លួន នៅតែមានភាពធ្ងន់ធ្ងរ ជាពិសេសក្នុងវិស័យ ទឹក អនាម័យ និងអនាម័យបរិស្ថាន, ជំនួយស្បៀងអាហារ, ទីជម្រក និងសម្ភារៈមិនមែនជាអាហារ, សេវាសុខាភិបាលបឋម និងថ្នាំចាំបាច់, និង សេវាការពារ ដោយផ្តោតលើកុមារ ស្ត្រី មនុស្សចាស់ និងជនពិការ។
ក្នុងពេលតែមួយ ការត្រឡប់ទៅលំនៅដ្ឋានវិញ ក៏បង្កើតតម្រូវការថ្មីៗនៅតំបន់ដើមផងដែរ។ គ្រួសារត្រឡប់មកវិញបានរាយការណ៍ពីការខ្វះខាតសេវាមូលដ្ឋាន លំនៅដ្ឋានខូចខាត ការចូលដំណើរការទឹកស្អាត និងអនាម័យមានកម្រិត ការចូលដំណើរការសេវាសុខាភិបាល និងអប់រំមានការរារាំង ព្រមទាំងឱកាសរកចំណូលដែលបានថយចុះ។
HRF បានកំណត់អាទិភាពបន្ទាន់ ក្នុងការធានាការត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព និងមានកិត្តិយស ដោយផ្តោតលើការផ្តល់ព័ត៌មានច្បាស់លាស់ ការចូលដំណើរការសេវាចាំបាច់ ការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការបន្តផ្តល់ជំនួយដល់គ្រួសារដែលងាយរងគ្រោះបំផុត ទាំងនៅតាមមណ្ឌលភៀសខ្លួន និងតំបន់ត្រឡប់មកវិញ រួមទាំងការគាំទ្រផ្លូវចិត្ត និងការពង្រឹងយន្តការការពារសហគមន៍។
របាយការណ៍នេះ គ្របដណ្តប់លើវិស័យជាច្រើន រួមមាន ការសម្របសម្រួល អប់រំ ស្បៀងអាហារ និងអាហារូបត្ថម្ភ សុខាភិបាល ការពារ និងសិទ្ធិមនុស្ស ទីជម្រក និងសម្ភារៈមិនមែនជាអាហារ និងទឹក អនាម័យ និងអនាម័យបរិស្ថាន ដោយមានការចូលរួមពីដៃគូមនុស្សធម៌ដូចជា DanChurchAid និង កម្មវិធីស្បៀងអាហារពិភពលោក (WFP)។
HRF បានអះអាងថា ការសម្របសម្រួលជាបន្តបន្ទាប់រវាងអាជ្ញាធរ ដៃគូមនុស្សធម៌ និងដៃគូអន្តរជាតិ គឺមានសារៈសំខាន់ខ្លាំង ក្នុងការឆ្លើយតបតាមបរិបទដែលកំពុងផ្លាស់ប្តូរ និងគាំទ្រប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ។




សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន
សាលារៀន និងមន្ទីរពេទ្យជាច្រើននៅបន្តបិទទ្វារក្នុងខេត្តព្រះវិហារ
អង្គការទស្សនៈពិភពលោកនាំយកគ្រាប់ពូជ និងសម្ភារៈសួនបន្លែផ្ដល់ជូនទីតាំងចំនួន១០កន្លែង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប
ក្នុងអំឡុងពេលនេះ តើក្រុមប្រឆាំងនៅក្រៅប្រទេស គួរធ្វើសកម្មភាពកេងចំណេញនយោបាយជាជាងគិតប្រយោជន៍ជាតិជាធំដែរឬទេ?
នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា អង្គការអុកស្វាមស្នើរឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបញ្ឈប់ការជម្លៀស និងបញ្ចប់ទុក្ខវេទនារបស់ជនស៊ីវិល
20 ម៉ោងមុន
12-មករា-2026 - ម៉ោង 11:53:AM
12-មករា-2026 - ម៉ោង 09:01:AM
10-មករា-2026 - ម៉ោង 09:54:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា