សារព័ត៌មានបៃតងប៉ុស្តិ៍

អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន

26-តុលា-2025 - ម៉ោង 02:58:PM

ដោយ៖ កែវ រតន៖

អង្គការអុកស្វាម សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការដៃគូ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានរួមគ្នារៀបចំវេទិកាប្រចាំតំបន់លើកទីបីនៅខេត្តសៀមរាប ដោយផ្តោតលើការជំរុញ “គាំពារ​សង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន”។ 

វេទិកា​ដែលមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីដោះស្រាយភាពចាក់ស្រេះនៃបញ្ហាប្រែប្រួលអាកាសធាតុ សិទ្ធិការងារ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននេះ ខុសពីវេទិកាតំបន់ពីរមុន ដែលបានរៀបចំឡើង​នៅខេត្តរតនគិរី និងខេត្តកំពង់ស្ពឺ វេទិកាលើកនេះគឺស្របពេលនឹងការប្រារព្ធ “ទិវាអន្តរជាតិនៃស្ត្រីជនបទ” ដែលឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់ស្ត្រីជនបទក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹង​អាកាសធាតុ។ អង្គការអុកស្វាម និងដៃគូ បានសង្កត់ធ្ងន់លើភាពចាំបាច់ជាបន្ទាន់នៃកិច្ចគាំពារសង្គមតាមរយៈសកម្មភាពបរិស្ថាន និងអាកាសធាតុរួមបញ្ចូលគ្នា ដោយទទួលស្គាល់ថា ការងារទាំងនេះមិនមែនមាន​​គោលដៅដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែជាអាទិភាពដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ ។ 

ស្ត្រីជនបទ គឺជាបុគ្គលស្នូលនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអនុវត្តការងារកសិកម្មប្រកបដោយ​ចីរភាព និងការការពារជីវៈចម្រុះ។ ទោះជាយ៉ាងណា ស្ត្រីជនបទបន្តស្ថិតនៅក្នុងចំណោមជនងាយរងគ្រោះបំផុត​ពីហានិភ័យទាក់ទងនឹងអាកាសធាតុដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលរដូវ ដែលគំរាមកំហែងដល់ជីវភាពរស់នៅ និងសន្តិសុខស្បៀងរបស់ពួកគាត់ ។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា “នៅពេលដែលយើងជំរុញកិច្ចគាំពារសង្គមសម្រាប់ការផ្លាស់ប្តូរដោយយុត្តិធម៌ និងសកម្មភាពអាកាសធាតុ យើងត្រូវតែយល់ដឹងអំពីភាពធន់ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីជនបទនៅទូទាំងប្រទេសកម្ពុជា។ សំឡេងរបស់ពួកគេ ត្រូវតែជាបេះដូង នៃការឆ្លើយតបរបស់យើងចំពោះបញ្ហាប្រឈមអាកាសធាតុ និងការខិតខំប្រឹងប្រែងក្នុងការកសាងប្រព័ន្ធគាំពារសង្គមមួយប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានមោទនភាពក្នុងការឈរជាមួយអង្គការអុកស្វាម និងដៃគូពាក់ព័ន្ធរបស់យើងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងសម្រាប់សមធម៌ សេចក្តីថ្លៃថ្នូរ និងការការពារសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការផ្លាស់ប្តូរបរិស្ថាន និងសេដ្ឋកិច្ច។"

ថ្លែងក្នុងវេទិកានេះ លោក តាន់ វិសាល តំណាងអង្គការអុកស្វាម បានមានប្រសាសន៍ថា៖ “ការផ្លាស់ប្តូរដែលយុត្តិធម៌ត្រូវតែធានាថា ស្ត្រីជនបទមិនត្រូវបានទុកចោលនោះទេ ។ នេះមានន័យថា ជាការធានាឱ្យបាននូវសមធម៌នៃការទទួលបានការងារបៃតង ការបណ្តុះបណ្តាលអំពីសិទ្ធិដីធ្លី សេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងការចូលរួមប្រកបដោយអត្ថន័យនៅក្នុងការសម្រេចចិត្ត។ ទន្ទឹមនឹងនេះ ត្រូវតែមានការទទួលស្គាល់ និងការគាំទ្រចំពោះភាពជាអ្នកដឹកនាំរបស់ស្ត្រីជនបទក្នុងការកសាងភាពធន់នឹងអាកាសធាតុ”។

កញ្ញា ស្ដើង ភារ៉ុង នាយិកាប្រតិបត្តិអង្គការបន្ទាយស្រី បានមានប្រសាសន៍ថា ស្រ្តីដែលរស់នៅជនបទគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការរយកប្រាក់ចំណូលពីកសិកម្ម ការលក់ដូរតាមផ្ទះ ជាកម្មករតាមចម្ការនានា ប៉ុន្តែពួកគាត់នៅតែទទួលបានប្រាក់ចំណូលទាប។ ម៉្យាងទៀតពួកគាត់មិនទាន់ទទួលបានការគាំពារនានាជាពិសេសនៅពេលដែលបាត់បង់ការងារ។ កញ្ញាក៏បានលើកឡើងថាស្ត្រីនៅតំបន់ជនបទមិនទាន់ទទួលបានការការពាសង្គមសមរម្យនៅឡើយទេជាពិសេសស្ត្រីដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។

វេទិការៀបចំនៅខេត្តសៀមរាបនេះ មានការចូលរួមពីភាគីពាក់ព័ន្ធប្រមាណ ៣៦០ នាក់ រួមមានថ្នាក់ដឹក​នាំ​សហគមន៍ តំណាងកម្មករនិយោជិត តំនាងក្រសួង-មន្ទីរ អ្នកតាក់តែងគោលនយោបាយ និងអ្នកឯកទេសនានា។ ការពិភាក្សាបានផ្តោតលើការពង្រឹងប្រព័ន្ធជំនួយសង្គមនៅកម្ពុជា ឱ្យកាន់តែមានតម្លាភាព បរិយា​បន្ន​យេនឌ័រ និងភាពធន់នឹងអាកាសធាតុ ដែលជាសសរស្តម្ភសំខាន់ៗសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយ​ចីរភាព និងសមធម៌៕

 

ព័ត៌មានទាក់ទង

អគ្គនាយកដ្ឋានអន្តោប្រវេសន៍​បណ្តេញចេញ​ជន​បរទេស​សរុប ៤១៩​នាក់​ ចេញ​ពី​កម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កុមារជាង១លាននាក់ បានទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់ ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម