(ភ្នំពេញ)៖ ដោយ៖ ភិន ស្រីពុំ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីតុលាការ និងតួអង្គពាក់ព័ន្ធណាមួយ ដែលបានប្រព្រឹត្តខុសច្បាប់ ឬបានឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀប "ត្រីងៀតឆ្លៀតពង" ឬដែលប្រព្រឹត្តផ្ទុយនឹងអភិក្រមត្រូវកត់ត្រាទុកជាកំហុស ដែលត្រូវឆ្លើយតបជាមួយនឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់ទាំងវិធានការវិន័យទាំងវិធានការច្បាប់។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការបង្កើតអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅតុលាការ នៅទីស្តីការក្រសួងយុត្តិធម៌នារសៀលថ្ងៃទី០៩ខែមករា ឆ្នាំ២០២៤។
ឯកឧត្តមលោកបានបន្ថែមទៀតថា យុទ្ធនាការទី២ នេះនឹងក្លាយជា កពា្ចក់ឆ្លុះឱ្យឃើញការពិត នៅពេលមានបណ្តឹងអំពីភាពមិនប្រក្រតី ណាមួយនៅតាមតុលាការ។ ក្នុងករណីដែលរកឃើញការពិត ថាពិតជាមានភាពមិនប្រក្រតីកើតឡើងមែននោះ យើងត្រូវហ៊ានទទួលស្គាល់ការពិត ហើយត្រូវខិតខំស្វែងរកនូវដំណោះស្រាយមួយដែលត្រឹមត្រូវ និងយុត្តិធម៌ ជូនប្រជាពលរដ្ឋដែលរងគ្រោះ។ ផ្ទុយទៅវិញ ប្រសិនបើការប្ដឹងអំពីភាពមិនប្រក្រតីនេះ មិនមានមូលដ្ឋានត្រឹមត្រូវ និងខុសពីការពិតជាក់ស្ដែង ហើយតុលាការបានសម្រេចសេចក្តីយ៉ាងត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់រួចហើយនោះ យើងក៏ត្រូវការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អង្គចៅក្រម និងផ្តល់យុត្តិធម៌ដល់ចៅក្រមដែលទទួលបន្ទុកដោះស្រាយសំណុំរឿងហើយរងការចោទប្រកាន់ដោយមិនត្រឹមត្រូវនោះវិញដែរ។
លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា យន្តការដែលមានការពាក់ព័ន្ធខាងលើនេះ ត្រូវប្រកាន់ ខ្ជាប់នូវអភិក្រមការងារ ដូចតទៅ៖
អភិក្រមទី១-មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យនៃអំណាចតុលាការ
អភិក្រមទី២-មិនត្រូវធ្វើបុរេវិនិច្ឆ័យលើការសម្រេចសេចក្ដីរបស់តុលាការថា មិនប្រក្រតី ឬអយុត្តិធម៌ និង អភិក្រមទី៣-ត្រូវអនុវត្តប្រកបដោយតម្លាភាព ភាពច្បាស់លាស់ភាពត្រឹមត្រូវនិងយុត្តិធម៌។
ជាមួយគ្នានេះផងដែរ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការ ដែលបានចូលរួមអនុវត្តការងារក្នុងក្របខ័ណ្ឌនៃយុទ្ធនាការនេះ បានត្រឹមត្រូវនិងទទួលបានលទ្ធផលល្អ និងត្រូវបានកត់ត្រាទុកជាគុណសម្បត្តិការងារ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ការលើកទឹកចិត្តនាពេលខាងមុខ ស្របតាមគោលការណ៍ គុណាធិបតេយ្យ។
យោងតាមការមានប្រសាសន៍របស់ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៌សង្កត់ធ្ងន់ថា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីតុលាការនិងតួអង្គពាក់ព័ន្ធណាមួយដែលបានប្រព្រឹត្តខុសច្បាប់ នឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់ទាំងវិធានការវិន័យទាំងវិធានការច្បាប់ខាងលើនេះគឺពិតជាល្អពីព្រោះ ធ្វើអោយមន្ត្រីមួយចំនួនដែលប្រព្រឹត្តខុសនិងទទួលវិធានការតាមផ្លូវច្បាប់ហើយនិងមិនហ៊ានធ្វើខុសទៅនឹងច្បាប់ មិនប្រព្រឹត្តអំពើពុករលួយ ព្រមទាំងជួយដំណោះស្រាយវិវាទជូនប្រជាពលរដ្ឋបានត្រឹមត្រូវ និងយុត្តិធម៌ ដូចនេះបើប្រទេសជាតិមិនមានអំពើពុករលួយមន្ត្រីមិនប្រព្រឹត្តខុសទៅនិងច្បាប់និងធ្វើឪ្យប្រទេសជាតិពិតជាមានការរីកចម្រើនជាក់ជាពុំខានឡើយ។
16-មិថុនា-2025 - ម៉ោង 03:23:PM
15-មិថុនា-2025 - ម៉ោង 04:08:PM
15-មិថុនា-2025 - ម៉ោង 12:18:PM
14-មិថុនា-2025 - ម៉ោង 08:22:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា