សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៥ចំណុចដល់សហព័ន្ធស្រូវអង្ករកម្ពុជា

17-មិថុនា-2025 - ម៉ោង 10:15:AM

អត្ថបទ៖ សំនៀង

ថ្លែងនៅក្នុងពិធីខួប ១០ឆ្នាំ នៃការបង្កើត​សហព័ន្ធ​ស្រូវអង្ករកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅ The Premier Center Sen Sok លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

បានផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៥ចំណុចដល់សហព័ន្ធស្រូវអង្ករកម្ពុជា​ ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា​ឱ្យកាន់តែមានភាពរីកចម្រើន។

អនុសាសន៍ទាំង៥នៅមានដូចជា ទី១. ត្រូវពិនិត្យលទ្ធភាព ទាក់ទាញវិនិយោគិនបន្ថែមទៀត មកចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម និងលើកកម្ពស់តម្លៃបន្ថែមលើគុណភាពខ្សែច្រវាក់ផលិតកម្មអង្ករ ដើម្បីបម្រើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង របស់កម្ពុជាក្នុងពាណិជ្ជកម្ម អន្តរជាតិ ទី២. ចូលរួមប្រតិបត្តិការជំនួញ-ធុរកិច្ចស្របតាមច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណ:ប្រកួតប្រជែង ការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ និងបង្កើនភាពជឿជាក់នៃអង្ករកម្ពុជានៅក្នុងទីផ្សារជាតិ និងអន្តរជាតិ ទី៣. ចូលរួមលើកកម្ពស់ និងការពារម៉ាក និងកម្មសិទ្ធិបញ្ញា ជាពិសេស ការកសាងម៉ាកសមូហភាព និងការពង្រឹងគុណភាពអង្ករកម្ពុជា ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដាត្រឹមត្រូវ ដើម្បីរក្សា​បាន​នូវ​កេរ្ដិ៍ឈ្មោះអង្ករ​កម្ពុជា និង​និរន្តរភាព​នៃការនាំចេញ​ ទី៤. បន្តសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្រ្កីនត្រេដ ក្រុមការងារជំរុញការនាំចេញ និងដៃគូពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការបង្កើនប្រសិទ្ធភាព និងគុណភាព ដើម្បីពង្រឹងទីផ្សារ​ដែល​មាន​ស្រាប់ និងពង្រីកទីផ្សារថ្មីបន្ថែម សមំដៅបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងបង្កីនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងទី៥. ធ្វើទំនើបនីយកម្មរចនាសម្ព័ន្ធប្រតិបត្តិការ នីតិវិធីការងារ និងដំណើរការប្រព្រឹត្តទៅ និងលក្ខន្តិកៈសហព័ន្ធ ជាដើម ជាពិសេសស្របពេលនឹងការគ្រោងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលាននាពេលខាងមុខនេះ។

លោកជំទាវរដ្ឋមន្ត្រី បន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា កម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេស ដែលមានអតិរេកស្រូវអង្ករច្រើន។​ ជាក់ស្តែង នៅដើមនីតិកាលទី៧ នេះ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមានការរៀបចំ និងបានចុះអនុស្សរណៈយោគយល់គ្នានាំចេញទៅប្រទេសចិនចំនួន ៥០ម៉ឺនតោន ការបើកច្រកទីផ្សារនាំចេញទៅប្រទេសឥណ្ឌូនេស៊ីតាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្មចំនួន ៣៧ ៥០០តោន និងប្រទេសទីម័រលេស្តេរ ៤០០០តោន។ លើពីនេះ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករមានចំនួនជាង ៦៥០ ០០០ តោន ទៅកាន់ប្រទេសចំនួន ៧៥៕

 

ព័ត៌មានទាក់ទង

TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូលដល់យុវជន និងអតីតពលករចំណាកស្រុក តាមរយៈជំនាញបច្ចេកទេស ADB ប្តេជ្ញាគៀរគរថវិកា ៣០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាស៊ាន តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃ ខណៈជម្លោះនៅមជ្ឈឹមបូព៌ារញ្ជួយទីផ្សារប្រេងពិភពលោក នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤% រដ្ឋមន្ត្រីក្រសួងរ៉ែអំពាវឱ្យពលរដ្ឋកុំភ័យស្លន់ស្លោ ព្រោះកម្ពុជាមិនខ្វះប្រភពផ្គត់ផ្គង់ឧស្ម័នLPG មន្ទីរពាណិជ្ជកម្មខេត្តតាកែវ អនុវត្តសាកល្បងផ្សារផលិតផលខ្មែរ រយៈពេល៣ខែ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦​ ក្រសួងការងារ  បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា និង​ក្នុងតំបន់»
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម