អត្ថបទ៖ សំនៀង
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីព្យុហយាត្រាសាមគ្គីភាព ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ តាមគម្រោងការរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) នឹងជួបជុំគ្នានៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រាចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាពទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យពិធីព្យុហយាត្រាសាមគ្គីភាពខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នដែលធ្វើដំណើរតាម តម្រាយផ្លូវក្បួនព្យុហយាត្រា ចេញពីទីធ្លាមុខសាលមហោស្រពកោះពេជ្រ ឆ្លងកាត់តាមស្ពាននាគភ្លោះ រួចបន្ដតាមកំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹតរហូតដល់រង្វង់មូលវិមានឯករាជ្យ។
តាមរយៈសេចក្តីជូនដំណឹងខាងលើឱ្យដឹងថា អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវពិធីព្យុះហយាត្រា សាមគ្គីភាពខាងលើមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពី វេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ក្រោយបញ្ចប់ពិធីព្យុហយាត្រាសាមគ្គីភាពខាងលើ អាជ្ញាធរ មានសមត្ថកិច្ចនឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ។ ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌបឹងកេងកង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
17 ម៉ោងមុន
ម្សិលមិញ ម៉ោង 04:08:PM
ម្សិលមិញ ម៉ោង 12:18:PM
14-មិថុនា-2025 - ម៉ោង 08:22:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា