អត្ថបទ៖ វិចិត្រ
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ថា កម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់នៅទូទាំងប្រទេសដោយខ្លួនឯង ហើយកម្ពុជាពុំបានពឹងផ្អែកទៅលើអគ្គិសនីពីប្រទេសថៃនោះឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា៖«ព្រះរាជាណាចក្រកម្ពុជាយើងនៅពេលនេះ ម៉ោងនេះ ថ្ងៃនេះ យើងពុំបានយកភ្លើងពីព្រះរាជាណាចក្រថៃចូលមកកាន់ព្រះរាជាណាចក្រកម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ។ គឺការយកភ្លើងពីបណ្តាញជាតិថៃ មកបណ្តាញជាតិកម្ពុជាគឺមិនបានយកភ្លើងទេ គឺសូន្យ ហើយការដែលមិនយកភ្លើងពីបណ្តាញជាតិថៃមកចូលបណ្តាញជាតិកម្ពុជា គឺដោយសារព្រះរាជាណាចក្រកម្ពុជាយើង មានអគ្គិសនីគ្រប់គ្រាន់ ដើម្បីធ្វើការផ្គត់ផ្គង់ជូនគ្រប់ទីកន្លែងទាំងអស់ ដែលភ្ជាប់ទៅនឹងបណ្តាញរបស់ព្រះរាជាណាចក្រកម្ពុជា»។
ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបែបនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា ថៃនឹងឈប់ផ្គត់ផ្គង់អគ្គិសនីមកដល់កម្ពុជាបន្តទៀត បើការចរចារឿងព្រំដែននៃប្រទេសទាំងពីរគ្មានភាពធូរស្រាលទេនោះ។
តែយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរូបនេះ បញ្ជាក់បន្ថែមថា មានសហគមន៍ខ្មែរចំនួន៣នៃតំបន់អូរស្មាច់ដែលនៅជាប់តំបន់ព្រំដែនរវាងកម្ពុជានិងថៃ ដែលបានប្រើប្រាស់អគ្គិសនីពីប្រទេសថៃ តាមរយៈតង់ស្យុងមធ្យម ដោយសារតែភូមិឃុំនៅតំបន់នោះជាប់ៗគ្នា។
ឯកឧត្តមរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា«ដោយឡែកមានសហគមន៍តែ៣ទេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាប់នឹងព្រំដែនដូចជាតំបន់ខ្លះនៃអូរស្មាច់ ដែលយកភ្លើងពីថៃតាមរយៈតង់ស្យុងមធ្យម ហើយអាហ្នឹងអត់ចូលបណ្តាញជាតិទេ គ្រាន់តែភូមិឃុំជិតគ្នាយកបន្តិចទៅដោយសារវាជិតគ្នា។ ប្រសិនបើមានការផ្តាច់ពីថៃ យើងក៏អាចមានលទ្ធភាពបញ្ជូនភ្លើងពីបណ្តាញជាតិទៅផ្គត់ផ្គង់ដែរ ដូច្នេះប្រសិនបើមានការអាកខាន បណ្តាញជាតិរបស់យើងគឺអាចឈរជើងបាន»៕
ម្សិលមិញ ម៉ោង 03:41:PM
ម្សិលមិញ ម៉ោង 01:19:PM
30-ឧសភា-2025 - ម៉ោង 03:55:PM
27-ឧសភា-2025 - ម៉ោង 09:37:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា