សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

IDEA និងOXFAM រួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”  

23 ម៉ោងមុន

 

អត្ថបទ៖ វិចិត្រ

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គការអុកស្វាម បានរួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ” នាថ្ងៃ ១៥ ខែមិថុនានេះ ដើម្បីបន្តផ្សព្វផ្សាយ និងរំលឹកពីការទទួលស្គាល់ជាសាកលថាកម្មករការងារតាមផ្ទះមានសិទ្ធិដូចគ្នានឹងកម្មករដទៃទៀតដែរ ដែលកម្មវិធីនេះមានអ្នកចូលរួមប្រមាណជា៣០០នាក់។

នៅក្នុងវេទិការនេះបានផ្តល់ឱកាសសម្រាប់កិច្ចសន្ទនារវាងស្ថាប័នពាក់ព័ន្ធ ជាមួយកម្មករការងារតាមផ្ទះផ្ទាល់ ដើម្បីចែករំលែកបញ្ហាប្រឈម ក៏ដូចជាចែករំលែកនូវព័ត៌មាន បទពិសោធន៍នានាទាក់ទិននឹងគោលនយោបាយ ការអនុវត្តក្នុងវិស័យកិច្ចគាំពារសង្គម និងលើកជាសំណើរដាក់ជូនតួអង្គនានាដែលពាក់ព័ន្ធនឹងផ្នែកគោលនយោបាយ ដើម្បីពួកគាត់រិះរកវិធានការ និងដំណោះស្រាយសមស្របនាពេលបន្តបន្ទាប់។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានចាត់ទុកកម្មការការងារតាមផ្ទះជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិដែលភាគច្រើនត្រូវបានគេមើលរំលង។ ក្នុងនេះដែរលោកស្រីថា ការប្រារព្ធទិវាកម្មករការងារតាមផ្ទះអន្តរជាតិជារៀងរាល់ឆ្នាំនេះ ដើម្បីលើកកម្ពស់សិទ្ធិក្នុងការទទួលបានការគាំពារសង្គមរបស់កម្មករការងារតាមផ្ទះទាំងអស់នៅក្នុងប្រទេសកម្ពុជា និងដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងបញ្រ្ជាប និងបង្កើនការទទួលស្គាល់ក្នុងស្រទាប់មហាជន ក៏ដូចជាអ្នករៀបចំគោលនយោបាយ នូវភាពចាំបាច់ក្នុងការដាក់បញ្ចូលកម្មករការងារតាមផ្ទះក្នុងរបបគាំពារសង្គមដូចជាកម្មករដទៃទៀតដែរ។

លោកស្រីលើកឡើងយ៉ាងដូច្នេះថា “ការវិនិយោគលើសេវាគាំពារស្រ្តី និងកិច្ចគាំពារសង្គមសម្រាប់កម្មករការងារតាមផ្ទះមានន័យថាកម្ពុជាលើកកម្ពស់សមភាពនៃសិទ្ធិរបស់កម្មករការងារតាមផ្ទះដើម្បីពួកគេបានទទួលការគាំពារ និងវិនិយោគលើសក្តានុពលដើម្បីចូលរួមចំណែកជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជាឈានទៅមុខ ក៏ដូចជាសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងការប្រែខ្លួនទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។”

តាមរបាយការណ៍អង្គការពលកម្មអន្តរជាតិ (ILO) ឱ្យដឹងថា វិស័យការងារតាមផ្ទះ គឺជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលគ្របដណ្តប់ចំនួនកម្មករជាបុរស និងស្រី្តចំនួនប្រមាណ ៧៥.៦ លាននាក់ នៅលើពិភពលោកដែលមានអាយុចាប់ពី ១៥ ឆ្នាំ ត្រូវបានជួលជាកម្មករការងារតាមផ្ទះ ក្នុងនោះមានកម្មករជាស្ត្រីចំនួន ៧៦.២% ក្នុងឆ្នាំ ២០១៩ កម្មករការងារតាមផ្ទះទាំងនេះរួមបញ្ចូលទាំងកម្មករដែលបានជួលដោយម្ចាស់ផ្ទះផ្ទាល់ និងបានជួលតាមរយៈអ្នកផ្តល់សេវា។

នៅប្រទេសកម្ពុជា កម្មករការងារតាមផ្ទះធ្វើកិច្ចការជាច្រើនដូចជា ការចម្អិនអាហារ បោសសំអាត បោកអ៊ុត ថែទាំកុមារ ថែទាំមនុស្សចាស់ ថែទាំសមាជិកគ្រួសារ ថែទាំសួន ថែទាំទ្រព្យសម្បត្តិ ថែទាំសត្វចិញ្ចឹម និងបើកបររថយន្តសម្រាប់គ្រួសារជាដើម។ ការយល់ដឹងស្តីពីបរិបទ និងបច្ចុប្បន្នភាពស្ថានភាពកម្មករការងារតាមផ្ទះនៅកម្ពុជានៅមានកម្រិត ដោយសារពុំទាន់មានការស្រាវជ្រាវទូលំទូលាយនៅឡើយ។ យោងលើស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិក្នុងឆ្នាំ២០១៩ ស្តីពីស្ថានភាពរស់នៅ និងលក្ខខ័ណ្ឌការងារកម្មករការងារផ្ទះនៅកម្ពុជា បានរកឃើញថា កម្មករការងារផ្ទះនៅតែជាកម្មករដែលស្ថិតក្នុងភាពងាយរងគ្រោះជាងគេ ក្នុងចំណោមកម្មករដទៃទៀត។ ពួកគេប្រឈមនឹងការកំណត់សេរីភាពនៃការធ្វើសកម្មកភាពនានា ប្រាក់ឈ្នួលទាប គ្មានកិច្ចសន្យាការងារច្បាស់លាស់ ធ្វើការលើសម៉ោង សម្រាកមិនគ្រប់គ្រាន់ ការងារច្រើនលើសលប់ ហើយងាយប្រឈមនឹងហានិភ័យផ្នែកហឹង្សាផ្លូវកាយ ផ្លូវភេទ និងការជួញដូរ។ 

ប្រទេសកម្ពុជានៅមិនទាន់បានផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ ១៨៩ ស្តីពីការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះនៅឡើយទេ។ ច្បាប់ស្តីពីការងារ ក៏មិនទាន់បានចែងជាក់លាក់អំពីកម្មករការងារតាមផ្ទះដែរ។ ប្រកាសលេខ ២៣៥ របស់ក្រសួងការងារបណ្តុះ បណ្តាលវិជ្ជាជីវៈចេញនៅខែឧសភា ឆ្នាំ២០១៨ បានអនុលោមជាមួយនឹងបទបញ្ញត្តិអនុសញ្ញាអង្គការអន្តរជាតិខាងការងារលេខ ១៨៩ ក៏ដូចជាអនុសាសន៍លេខ ២០១ ប៉ុន្តែមិនបានរាប់បញ្ចូលកម្មករការងារផ្ទះឆ្លងដែន មិនមានបញ្ជាក់ពីការកសាងសមត្ថភាព និងយន្តការច្បាស់លាស់ដើម្បីការពារកម្មករការងារតាមផ្ទះ ពិសេសកម្មករជាកុមារ។ ដូចគ្នានេះ ស្តង់ដាទម្រង់កិច្ចសន្យាការងារសម្រាប់កម្មករការងារតាមផ្ទះនៅមិនទាន់បង្កើតឡើងនៅឡើយ។

លោក  វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងថា មកដល់ពេលនេះ កម្មករការងារតាមផ្ទះមិនទាន់ទទួលបានការចុះឈ្មោះពេញលេញ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីប្រព័ន្ធ និងរបបគាំពារសង្គម ដូចជាការថែទាំសុខភាព ហានិភ័យការងារ និងសោធននិវត្តន៍ឡើយ។ លោកបន្តថា ការពង្រឹង និងកសាងសមត្ថភាពកម្មករការងារតាមផ្ទះនៅមានកម្រិតបំផុត ដោយហេតុថាកម្មករការងារតាមផ្ទះ គឺជាកម្មករដែលគេគិតថាមិនត្រូវការជំនាញ ដូចកម្មករដ៏ទៃ។

លោក វន់ ពៅ ថ្លែងយ៉ាងដូច្នេះថា“កម្មករការងារតាមផ្ទះមានតម្លៃស្មើគ្នានឹងកម្មករដទៃទៀតដែរ ហើយដូច្នេះមានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវអត្ថប្រយោជន៍ពីប្រព័ន្ធ និងសេវាគាំពារសង្គម សេរីភាពសមាគម ដែលធានាថាពួកគេក៏អាចទទួលបាននូវប្រយោជន៍ដូចគ្នានឹងកម្មករដ៏ទៃទៀតដែរនៅក្នុងប្រទេសកម្ពុជា ដោយមិនទុកពួកគេចោលឡើយ។”

នាឱកាសនេះដែរ អង្គការអុកស្វាម និងដៃគូ បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិស្តីពីសិទ្ធិកម្មករការងារតាមផ្ទះ ព្រមទាំងដាក់ចេញវិធានការសមស្របចាំបាច់នានាដើម្បីគាំទ្រដល់ការអនុវត្តខ្លឹមសារនៃអនុសញ្ញានេះនៅក្នុងប្រទេស ដើម្បីធានាថារាជរដ្ឋាភិបាលកម្ពុជាអាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ចីរភាពរបស់ខ្លួន ក៏ដូចជាឈានទៅសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ៕

 

ព័ត៌មានទាក់ទង

IDEA និងOXFAM រួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”   ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ចាប់ផ្ដើម​ប្រារព្ធ​ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​» ក្រសួងសង្គមកិច្ចត្រៀមមណ្ឌលចំនួន៣ ដើម្បីទទួលពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី លើស្ត្រីវ័យ៦៥ឆ្នាំម្នាក់ក្នុងខេត្តតាកែវ កម្ពុជា សម្រេចបញ្ឈប់​ការនាំចូលអគ្គិសនី អ៊ីនធឺណិត និងភាពយន្ត​ ពីប្រទេសថៃ រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកាកបាទក្រហម និងអឍ្ឍចន្ទក្រហម រដ្ឋមន្ត្រីក្រសួងរ៉ែ ថាកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅទូទាំងប្រទេស ក្រសួងចំនួនបីឯកភាពគ្នាលើរបាយការណ៍វឌ្ឍនភាព និងសំណើរបស់ក្រុមការងារត្រី-វិស័យ លើចំណុចសំខាន់ៗចំនួន៣ សំណើរបស់កម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក បានដោះស្រាយចប់ស្ទើរ១00%
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម