
ភ្នំពេញ៖ អង្គការសង្គមស៊ីវិល ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយ ដើម្បីប្រមូលធាតុចូល និងអនុសាសន៍សម្រាប់រៀបចំ សេចក្តីព្រាងផែនការមេអាស៊ានស្តីពីបរិយាកាសអំណោយផលក្រោយឆ្នាំ២០២៥ (ASEAN Enabling Masterplan Post-2025) ដោយផ្តោតលើការលើកកម្ពស់សិទ្ធិជនមានពិការភាព កំណែទម្រង់ពន្ធ និងបរិយាបន្នឌីជីថលនៅក្នុងតំបន់អាស៊ាន។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ដោយអង្គការ បណ្តាញយុវជនជនមានពិការភាព (DYNO) សហការជាមួយ អង្គការជនមានពិការភាពកម្ពុជា (CDPO) គណៈកម្មាធិការដឹកនាំ វេទិកាជនមានពិការភាពអាស៊ាន (ADF) Steering Committee Cambodia និង វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia)។
កម្មវិធីនេះ មានការចូលរួមពីអ្នកចូលរួមចំនួន ៤៥នាក់ មកពីក្រសួង ស្ថាប័នរដ្ឋ អង្គការសហប្រជាជាតិ អង្គការជនមានពិការភាព (OPDs) អង្គការអន្តរជាតិ និងគ្រឹះស្ថានសិក្សា ដើម្បីពិភាក្សា និងរៀបចំអនុសាសន៍ជាក់ស្តែង សម្រាប់ដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេអាស៊ាន ដែលនឹងកំណត់ទិសដៅគោលនយោបាយជនមានពិការភាពនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលដប់ឆ្នាំខាងមុខ។
សិក្ខាសាលានេះទទួលបានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈ សម្ព័ន្ធអន្តរជាតិសម្រាប់ជនមានពិការភាព (IDA) អង្គការ សង្គ្រោះកុមារ/SIDA និង វេទិកាជនមានពិការភាពអាស៊ាន (ADF) ក្នុងគោលបំណងធានាថា សំឡេងរបស់យុវជន ស្ត្រី និងជនមានពិការភាពកម្ពុជា ត្រូវបានបញ្ចូលយ៉ាងមានន័យក្នុងការរៀបចំគោលនយោបាយអាស៊ាន ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាព (CRPD) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
លោក យៀប ម៉ាលីណូ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព តាមរយៈការចូលជាសមាជិកអនុសញ្ញា UNCRPD ការអនុម័តច្បាប់ស្តីពីជនមានពិការភាព និងការដាក់ចេញផែនការយុទ្ធសាស្ត្រ និងយន្តការអនុវត្ត ដើម្បីការពារ និងផ្តល់អត្ថប្រយោជន៍ដល់ជនមានពិការភាព។ លោកបានបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសគំរូរបស់អាស៊ាន ក្នុងការលើកកម្ពស់វិស័យជនមានពិការភាព។
ជាមួយគ្នានេះ លោក ងិន សោរ័ត្ន ប្រធានប្រតិបត្តិអង្គការ DYNO និងជាប្រធានគណៈកម្មាធិការដឹកនាំ ADF Cambodia បានមានប្រសាសន៍ថា សិក្ខាសាលានេះមិនមែនគ្រាន់តែជាកម្មវិធីពិភាក្សាធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកាសយ៉ាងច្បាស់ថា សហគមន៍ជនមានពិការភាពនៅកម្ពុជា ត្រូវតែទទួលបានការមើលឃើញ ការស្តាប់ និងការចូលរួមនៅគ្រប់កម្រិតនៃការរៀបចំគោលនយោបាយរបស់អាស៊ាន។
លោកបានថ្លែងថា៖ «ការពិគ្រោះយោបល់នេះ មិនមែនគ្រាន់តែជាសិក្ខាសាលាមួយទេ ប៉ុន្តែជាការប្រកាសថា សហគមន៍ជនមានពិការភាពរបស់កម្ពុជា ត្រូវតែត្រូវបានមើលឃើញ ស្តាប់ និងរួមបញ្ចូលនៅគ្រប់កម្រិតនៃការរៀបចំគោលនយោបាយរបស់អាស៊ាន។ អនុសាសន៍ដែលយើងដាក់ចេញថ្ងៃនេះ នឹងក្លាយជាមូលដ្ឋាននៃការទទួលខុសត្រូវរបស់យើងនៅថ្ងៃស្អែក»។
លោកបានអំពាវនាវឱ្យពង្រឹងបណ្តាញអង្គការជនមានពិការភាព (OPDs) លើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងការតស៊ូមតិទាំងថ្នាក់ជាតិ និងអាស៊ាន ព្រមទាំងពង្រីកឱកាសជីវភាព និងកម្មវិធីសេដ្ឋកិច្ចបរិយាបន្ន ដែលភ្ជាប់ជាមួយជំនាញឌីជីថល និងសហគ្រិនភាព។
ដោយឡែក លោក សឿង សារ៉ឿន នាយកប្រតិបត្តិ វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia) បានលើកឡើងថា ភាគីពាក់ព័ន្ធទាំងអស់មានកាតព្វកិច្ចធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលនោះឡើយ។
លោកបានថ្លែងថា៖ «សិក្ខាសាលានេះមានសារៈសំខាន់ក្នុងការប្រមូលមតិយោបល់ពីជនមានពិការភាព អង្គការតំណាងជនមានពិការភាព សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បីធានាថាសំឡេង និងតម្រូវការរបស់ជនមានពិការភាពត្រូវបានបញ្ចូលក្នុងដំណើរការរៀបចំផែនការមេអាស៊ានក្រោយឆ្នាំ២០២៥។ វាក៏ជាឱកាសសម្រាប់កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអនុវត្តសិទ្ធិជនមានពិការភាព និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអាស៊ានផងដែរ»។
លោកបានបន្ថែមថា អនុសាសន៍សំខាន់ៗរួមមាន ការធានាឱ្យជនមានពិការភាពមានការចូលរួមពេញលេញក្នុងការសម្រេចចិត្ត ការកែលម្អលទ្ធភាពប្រើប្រាស់សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ការអប់រំ និងការងារប្រកបដោយបរិយាបន្ន ព្រមទាំងការពង្រឹងប្រព័ន្ធគាំពារសង្គម។ អង្គការសង្គមស៊ីវិលក៏បានអំពាវនាវឱ្យមានការបែងចែកធនធាន និងថវិកាឱ្យបានគ្រប់គ្រាន់ ដើម្បីអនុវត្តគោលនយោបាយទាំងនេះប្រកបដោយប្រសិទ្ធភាព។
លោកបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំយល់ថា ការបង្កើនទទួលបាននូវផាសុខវត្ថុដូចជារទេះ ឧបករណ៍អេឡិចត្រូនិច និងការប្រើប្រាស់សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធបរិយាបន្ន គឺជាអាទិភាពបំផុត ព្រោះវាជាមូលដ្ឋានសម្រាប់ជនមានពិការភាពក្នុងការទទួលបានការអប់រំ សុខាភិបាល ការងារ និងការចូលរួមក្នុងសង្គម។ ទន្ទឹមនឹងនេះ ការគាំទ្រជំនាញឌីជីថលក៏មានសារៈសំខាន់កាន់តែខ្លាំង ដើម្បីឱ្យជនមានពិការភាពអាចទទួលបានឱកាសសេដ្ឋកិច្ច និងព័ត៌មាននៅក្នុងយុគសម័យឌីជីថល»។
លោកបានបន្តថា កម្ពុជាបានបង្កើតក្របខណ្ឌច្បាប់ និងគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព រួមទាំងការពង្រឹងយន្តការសម្របសម្រួល និងការពង្រីកសេវាគាំទ្រសង្គម។ ទោះជាយ៉ាងណា នៅតែមានបញ្ហាប្រឈមដូចជា ការអនុវត្តច្បាប់នៅថ្នាក់មូលដ្ឋាន ការទទួលបានសេវាប្រកបដោយបរិយាបន្ន ការងារ និងការប្រមូលទិន្នន័យដែលមានគុណភាព។ ការបង្កើនថវិកា និងការចូលរួមដោយផ្ទាល់ពីជនមានពិការភាពនៅក្នុងការរៀបចំគោលនយោបាយនៅតែជាចំណុចសំខាន់ដែលត្រូវពង្រឹង។ លោកបានបញ្ចប់ថា៖ «ខ្ញុំរំពឹងថា អនុសាសន៍ និងបទពិសោធន៍ពីកម្ពុជានឹងរួមចំណែកធ្វើឱ្យផែនការមេអាស៊ានក្រោយឆ្នាំ២០២៥ កាន់តែមានលក្ខណៈបរិយាបន្ន និងផ្អែកលើសិទ្ធិមនុស្ស។ សំឡេងរបស់ជនមានពិការភាព និងសង្គមស៊ីវិលអាចជួយជំរុញឱ្យអាស៊ានដាក់អាទិភាពលើភាពងាយស្រួលក្នុងការប្រើប្រាស់សេវា ការការពារសង្គម ការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល និងការចូលរួមក្នុងការសម្រេចចិត្ត។ នេះនឹងជួយធានាថា ការអភិវឌ្ឍរបស់អាស៊ាននាពេលអនាគតពិតជាមិនទុកនរណាម្នាក់ចោលឡើយ»។
ជុំវិញបញ្ហានេះ អ្នកស្រី វ៉ាន់ ណូ ដែលជាជនមានពិការភាពម្នាក់រស់នៅខេត្តកំពង់ចាម បានសម្តែងការអបអរសាទរចំពោះការរៀបចំផែនការមេនេះ និងបានអំពាវនាវដល់រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដល់ជនមានពិការភាព លើផ្នែកសិទ្ធិ ការគាំពារសង្គម និងការរស់នៅជាមួយការចូលរួមសម្រេចចិត្តលើដំណើរការអភិវឌ្ឍន៍ផ្សេងៗប្រកបដោយបរិយាបន្ន។
អ្នកស្រីបានបន្តថា៖ «ការផ្ដល់ឱកាសឱ្យជនមានពិការភាពបានចូលរួមក្នុងការសម្រេចចិត្តលើដំណើរការអភិវឌ្ឍន៍ គឺជារឿងចាំបាច់ណាស់ ព្រោះគ្មាននរណាដឹងពីការលំបាក និងតម្រូវការពិតប្រាកដជាងសាមីខ្លួននោះឡើយ។ ម្យ៉ាងទៀត ក្នុងនាមជាជនមានពិការភាពរស់នៅតាមខេត្ត ខ្ញុំមើលឃើញថា ការទទួលបានព័ត៌មាន និងសេវាសាធារណៈ ក្នុងយុគសម័យឌីជីថលនេះ នៅតែជាប្រឈមធំ។ ខ្ញុំសង្ឃឹមថា ផែនការមេអាស៊ានថ្មីនេះ នឹងជួយជំរុញឱ្យមានប្រព័ន្ធបច្ចេកវិទ្យាដែលងាយស្រួលប្រើប្រាស់ ព្រមទាំងមានការកែទម្រង់គោលនយោបាយពន្ធ ឬជំនួយសង្គមនានា ដើម្បីកាត់បន្ថយបន្ទុកជីវភាព និងធានាថាពួកយើងមិនត្រូវបានបោះបង់ចោលឡើយ»។
អង្គការរៀបចំបានបញ្ជាក់ថា លទ្ធផល និងអនុសាសន៍ដែលប្រមូលបានពីសិក្ខាសាលាថ្នាក់ជាតិនេះ នឹងត្រូវដាក់ជូន វេទិកាជនមានពិការភាពអាស៊ាន (ADF) និងស្ថាប័នពាក់ព័ន្ធរបស់អាស៊ាន ដើម្បីប្រើប្រាស់ជាធាតុចូលក្នុងការរៀបចំ សេចក្តីព្រាងផែនការមេអាស៊ានស្តីពីបរិយាកាសអំណោយផលក្រោយឆ្នាំ២០២៥ ដែលជាគោលនយោបាយដ៏សំខាន់សម្រាប់ការលើកកម្ពស់សិទ្ធិជនមានពិការភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលអនាគត។





សង្គមស៊ីវិលអំពាវនាវឲ្យអាស៊ានលើកម្ពស់សិទ្ធិជនមានពិការភាព
ប្រមុខរដ្ឋស្តីទីព្រមានមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ជុំវិញការនាំចូលទំនិញថៃខុសច្បាប់
22-មិថុនា-2026 - ម៉ោង 03:10:PM
17-មិថុនា-2026 - ម៉ោង 10:01:AM
13-មិថុនា-2026 - ម៉ោង 03:12:PM
11-មិថុនា-2026 - ម៉ោង 12:46:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា