សារព័ត៌មានបៃតងប៉ុស្តិ៍

វេទិការស្វែងរការងារធ្វើជូនប្រជាពលរដ្ឋស្រុកជ័យសែន

11 ម៉ោងមុន

ព្រះវិហារ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ — ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បេឡាជាតិសន្តិសុខសង្គម រដ្ឋបាលស្រុកជ័យសែន និងវិស័យឯកជន បានរៀបចំវេទិកាស្វែងរកការងារធ្វើ ដើម្បីភ្ជាប់ប្រជាពលរដ្ឋ យុវជន កម្មករ និងអតីតពលករចំណាកស្រុក ជាមួយឱកាសការងារ និងមុខរបរក្នុងស្រុក។

 

វេទិកានេះមានអ្នកចូលរួមសរុបប្រមាណជាង ៥០០នាក់ រួមមានប្រជាពលរដ្ឋ អតីតពលករដែលត្រឡប់ពីក្រៅប្រទេស យុវជន កម្មករ និងតំណាងក្រុមហ៊ុន សហគ្រាស និងវិស័យឯកជន ដែលមានគោលបំណងផ្តល់ព័ត៌មានជាក់ស្តែងអំពីទីផ្សារការងារ និងបង្កើនឱកាសឱ្យប្រជាពលរដ្ឋអាចរកការងារធ្វើនៅក្នុងប្រទេស។

 

ថ្លែងក្នុងវេទិកានេះ លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងអំឡុងពេលមានភាពតានតឹង និងការប្រយុទ្ធនៅតាមព្រំដែនកម្ពុជា–ថៃ ពលករកម្ពុជាមួយចំនួនដែលធ្លាប់ធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកស្រុកកំណើតវិញ។ លោកថា ខេត្តព្រះវិហារទទួលបានពលករដែលវិលត្រឡប់ពីប្រទេសថៃជិត ១,០០០នាក់ ខណៈក្នុងស្រុកជ័យសែនមានពលករដែលបានវិលត្រឡប់មកវិញជាង ១០០នាក់

 

លោកបានបញ្ជាក់ថា ក្នុងចំណោមពលករដែលត្រឡប់មកខេត្តព្រះវិហារ ប្រមាណជាង ៥០០នាក់ បានរកការងារធ្វើក្នុងក្រុមហ៊ុន សហគ្រាស និងវិស័យផ្សេងៗ រួមមានឧស្សាហកម្ម កសិ-ឧស្សាហកម្ម សំណង់ ទេសចរណ៍ និងសេវាកម្ម ខណៈអ្នកផ្សេងទៀតបានចាប់ផ្តើមប្រកបមុខរបរដោយខ្លួនឯង ដូចជាការលក់ដូរ កសិកម្ម និងអាជីវកម្មខ្នាតតូច។

 

លោក គឹម រិទ្ធី បានលើកឡើងថា ការពង្រីកឱកាសការងារ និងមុខរបរក្នុងស្រុក គឺជាផ្នែកមួយនៃការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេស និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន។

 

លោក គឹម រិទ្ធី បានថ្លែងថា «បច្ចុប្បន្ន ប្រជាពលរដ្ឋ និងកម្មករអាចទទួលបានការងារ និងប្រាក់ចំណូលនៅក្នុងស្រុកដែលអាចប្រកួតប្រជែងបានជាមួយប្រទេសជិតខាង ខណៈការធ្វើការនៅក្នុងស្រុកមានភាពងាយស្រួលជាង មានសុវត្ថិភាពជាង និងនៅជិតគ្រួសារ»

 

លោកបានបន្ថែមថា រដ្ឋបាលខេត្តកំពុងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការបង្កើតមុខរបរ និងការងារ ព្រមទាំងគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដែលអាចបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

 

លោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វេទិកានេះមានគោលបំណងជំរុញការចូលរួមក្នុងទីផ្សារការងារក្នុងស្រុក បង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋ និងអតីតពលករដែលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងផ្សព្វផ្សាយអំពីសន្តិសុខសង្គម និងឱកាសបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

 

លោក យឹម ស៊ីណន បានថ្លែងថា «វេទិកានេះជាយន្តការមួយក្នុងការផ្តល់ព័ត៌មានពិត និងព័ត៌មានអំពីទីផ្សារការងារជាក់ស្តែង ដល់ប្រជាពលរដ្ឋ និងយុវជនដែលកំពុងស្វែងរកការងារ ដើម្បីឱ្យពួកគាត់អាចចាប់យកឱកាសការងារបានឆាប់រហ័ស» 

 

លោកបានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់លើអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ ដោយផ្តោតលើការជួយឱ្យពួកគេមានការងារ មុខរបរ និងប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

 

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុក ខណៈតម្រូវការកម្លាំងពលកម្មនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសនៅតែមាន។

 

លោកបានបន្ត«ការងារស្របច្បាប់នៅក្នុងប្រទេស មិនត្រឹមតែផ្តល់ប្រាក់ចំណូល និងស្ថិរភាពការងារប៉ុណ្ណោះទេ ប៉ុន្តែកម្មករនិយោជិតក៏អាចទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម រួមមានរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍» ។

 

ក្រៅពីការផ្គូផ្គងការងារ វេទិកានេះក៏បានផ្តល់ព័ត៌មានអំពីប្រព័ន្ធគាំពារសង្គម និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត។ ការងារដែលស្របតាមច្បាប់អាចភ្ជាប់កម្មករទៅនឹងការការពារតាមរយៈ បេឡាជាតិសន្តិសុខសង្គម រួមមានការថែទាំសុខភាព ការការពារហានិភ័យការងារ និងសោធននិវត្តន៍។

 

លោក យឹម ស៊ីណន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការធ្វើចំណាកស្រុកខុសច្បាប់ ដែលអាចបង្កហានិភ័យនៃការកេងប្រវ័ញ្ច ការរំលោភសិទ្ធិការងារ និងការខ្វះការការពារតាមផ្លូវច្បាប់។

 

លោកបានណែនាំថា ប្រសិនបើប្រជាពលរដ្ឋមានបំណងទៅធ្វើការនៅក្រៅប្រទេស គួរជ្រើសរើសក្រុមហ៊ុនដែលមានអាជ្ញាបណ្ណស្របច្បាប់ និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរមានសមត្ថកិច្ចជាមុន។

 

សម្រាប់ព័ត៌មានអំពីការផ្គូផ្គងការងារ ប្រជាពលរដ្ឋអាចទាក់ទង Hotline ១២៩៧ ខណៈព័ត៌មានពាក់ព័ន្ធនឹងសេវា បេឡាជាតិសន្តិសុខសង្គម អាចទាក់ទង ១២៨៦

 

សម្រាប់អតីតពលករដែលទើបត្រឡប់ពីប្រទេសថៃ វេទិកានេះត្រូវបានរៀបចំឡើងក្នុងបរិបទដែលការរក្សាការងារ និងប្រាក់ចំណូលក្នុងស្រុកកំពុងក្លាយជាបញ្ហាសំខាន់សម្រាប់គ្រួសារ និងសេដ្ឋកិច្ចមូលដ្ឋាន។ តាមរយៈការភ្ជាប់អ្នកស្វែងរកការងារជាមួយនិយោជក ការបណ្តុះបណ្តាលជំនាញ និងប្រព័ន្ធគាំពារសង្គម អាជ្ញាធរ និងក្រសួងពាក់ព័ន្ធកំពុងព្យាយាមបង្កើតជម្រើសការងារដែលមានស្ថិរភាព និងស្របច្បាប់នៅក្នុងប្រទេស។

 

ព័ត៌មានទាក់ទង

វេទិការស្វែងរការងារធ្វើជូនប្រជាពលរដ្ឋស្រុកជ័យសែន រយៈពេល​៣ឆ្នាំនៃអាណត្តិ​សម្ដេចធិបតី យុវជនក្រី​ក្រ និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ក្រសួងការងារ ដោះស្រាយវិវាទនៅក្រុមហ៊ុន មីង យ៉ាង ដោយជោគជ័យ ខណៈកម្មករវិលចូលធ្វើការវិញ នៅថ្ងៃនេះ ថ្នាក់ដឹកនាំប.ស.ស.ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការទ្រទ្រង់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ ៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ជំរុញឱ្យបន្តអភិវឌ្ឍការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យស្របតាមការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃ បច្ចេកវិទ្យាឌីជីថល រដ្ឋាភិបាល និងដៃគូរជំរុញការងារសមរម្យសម្រាប់កម្មករក្រៅប្រព័ន្ធ វិទ្យាស្ថាន NTTI ផ្តល់អាហារូបករណ៍ជិត ២ពាន់កន្លែងលើជំនាញចំនួន៨ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយ​រងហានិ​ភ័យ​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម