(ភ្នំពេញ)៖ ដោយ ជា លឹមអេង៖ នាព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤ ឯកឧត្តម បណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច តំណាងឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហាន ម៉េងក្អាង អគ្គនាយកធនាគារ វីង និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តំណាងឲ្យធនាគារ វីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី«កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ពិធីចុះហត្ថលេខានេះ ត្រូវបានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ធនាគារ វីង និងតំណាងវិស័យឯកជនមកពីគ្រឹះស្ថាន ហិរញ្ញវត្ថុ សមាគម និងស្ថាប័នពាក់ព័ន្ធនានា។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ និងគាំទ្រការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តដែលមានជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជី- ថលរបស់កម្ពុជា និងលើកទឹកចិត្តឱ្យមានការសហការគ្នាបន្តទៀត ដើម្បីបង្កើតជាគំរូនៃសហថាមពល (Synergy) និងសហបង្កើតថ្មី (Co-Creation) សំដៅជំរុញការបង្កើតផលិតផល ឬសេវាថ្មីៗប្រកបដោយភាពច្នៃប្រឌិត ផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍(ការនាំមកដល់នូវអ្វីដែលថ្មី ឬប្រសើរជាងមុន)។
ទន្ទឹមនេះអ្នកឧកញ៉ា គិត ម៉េង បានសម្តែងការសាទរ និងឆន្ទៈខ្ពស់ក្នុងការ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា៖ «កិច្ចសហការរវាងធនាគារ វីង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលនេះ គឺជាសក្ខីភាពនៃកិច្ចសហការដ៏មានសារៈសំខាន់រវាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការលើកកម្ពស់ សេដ្ឋកិច្ច និងការរស់នៅឱ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា។ តាមរយៈការជំរុញសេដ្ឋកិច្ច ឌីជីថល គឺមិនត្រឹមតែជាការវិនិយោគលើបច្ចេកវិទ្យាប៉ុណ្ណោះទេ តែនេះក៏ជាការឈានទៅរកចក្ខុវិស័យរួមគ្នាដើម្បី ផ្តល់នូវលទ្ធភាពទទួលបានដំណោះស្រាយឌីជីថលដែលធ្វើឱ្យជីវិតប្រចាំថ្ងៃ និងសុខុមាលភាពហិរញ្ញវត្ថុ របស់ ប្រជាជនកម្ពុជាកាន់តែងាយស្រួល»។
នាពេលកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង ក៏ជាដៃគូសហការយ៉ាងស្អិតរមួត ក្នុងសកម្មភាពជាច្រើន ជាពិសេសក្នុងវិស័យធុរៈកិច្ចថ្មី និងបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈគម្រោងនានា ដូចជា ការ ទទួលយកការធានាប្រាក់កក់សម្រាប់ការដេញថ្លៃ និងប្រាក់កក់ធានា, ការអនុវត្តកិច្ចសន្យាក្នុងលទ្ធកម្មសាធារណៈ, មធ្យោបាយទូទាត់ប្រាក់លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងសម្រាប់ការប្រមូលចំណូល សារពើពន្ធ និងមិនមែនសារពើពន្ធ និងដំណោះស្រាយបើកប្រាក់បៀវត្សរ៍ជាដើម ដើម្បីចូលរួមចំណែកក្នុងការ លើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
កិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង នាពេលនេះ គឺជាការបើក ទំព័រថ្មីមួយទៀត ដែលនឹងអនុញ្ញាតឲ្យស្ថាប័នទាំងពីរធ្វើការជំរុញ និងពង្រីកកិច្ចសហការកាន់តែប្រសើរតាមរយៈ ការចែករំលែកចំណេះដឹង បទពិសោធន៍ ការចូលរួមប្រើប្រាស់ថ្នាលឌីជីថលដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ច ឌីជីថល និងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងការគាំទ្រលើសកម្មភាព និងកម្មវិធីផ្សេងៗទៀតទាំងផ្នែក ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ។
ប្រភព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
05-វិច្ឆិកា-2024 - ម៉ោង 11:39:AM
06-កញ្ជា-2024 - ម៉ោង 05:30:PM
12-កក្តដា-2024 - ម៉ោង 06:05:PM
28-មិថុនា-2024 - ម៉ោង 02:59:PM