អត្ថបទ៖ កែវ រតនៈ
ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ដែលប្រព្រឹត្តិទៅ ក្រោមប្រធានបទ «គាំពារសង្គមសម្រាប់អ្នកលក់ ដូរតាមដងផ្លូវ ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិសា្ថន» កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលេលវិជ្ជាជីវៈបានមានប្រសាសន៍ថា កន្លងមកមានការលើកឡើងថា អ្នកដែលធ្វើការនៅក្រៅប្រព័ន្ធមានភាពលំបាកជាងអ្នកដែលធ្វើការនៅក្នុងប្រព័ន្ធ ហើយអ្នកធ្វើការក្នុងប្រព័ន្ធទទួលបានអត្ថប្រយោជន៍ច្រើនជាងក្នុងប្រព័ន្ធ ដូច្នេះវិធីមួយដែលអាចដោះស្រាយបញ្ហានេះបានគឺទាញអ្នកដែលធ្វើការនៅក្រៅប្រព័ន្ធឱ្យមកធ្វើការនៅក្នុងប្រព័ន្ធវិញ។ ករណីនេះឯកឧត្តមបានលើកឡើងថា សម្រាប់អ្នកដែលកំពុងធ្វើការលើផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានកូន ចៅ លើសពីអាយុ១៥ទៅ១៦ឆ្នាំ អាចបញ្ជូនកូនទៅសិក្សាជំនាញដែលក្រសួងការងារកំពុងបើកបង្រៀនដោយឥតគិតថ្លៃ។ ឯកឧត្តម បញ្ជាក់ថាការរៀនជំនាញជាមួយក្រសួងការងារនេះឬហៅថា TVET គឺមានរយៈពេលតែ៤ខែប៉ុណ្ណោះនឹងអាចទទួលបានចំណេះដឹងពិតប្រាកដ ហើយក្រសួងការងារធានារកការងារជូនសិស្សដែលបានរៀនចប់ទៀតផង។ ដែលនេះគឺជាចំណុចមួយអាចធ្វើឱ្យកូនចៅអ្នកដែលធ្វើការនៅផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចងាកមកបម្រើការក្នុងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធវិញបាន។
ករណីនេះ លោក វន់ ពៅ ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់IDEA បានសាទរចំពោះការជំរុញនេះ ព្រោះវាត្រូវនឹងស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្នព្រោះថាបច្ចុប្បន្នតម្រូវការអ្នកមានជំនាញច្បាស់លាស់គឺមិនអាចខ្វះបាន។ លោកថានេះក៏ជាយន្តការមួយដែលជំរុញឱ្យអ្នកធ្វើការក្នុងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យធ្វើការនៅក្នុងប្រព័ន្ធបានច្រើន ។ តែទោះជាយ៉ាងណាលោកជំរុញឱ្យរាជរដ្ឋាភិបាលបង្កើនថវិកាសម្រាប់ជួយដល់ថ្លៃធ្វើដំណើរ និងថ្លៃហូបចុក បន្ថែមទៀតដើម្បី ការរៀនជំនាញដែលផ្ដល់ដោយក្រសួងការងារកាន់តែទទួលបានលទ្ធផលល្អ ព្រោះប្រសិនបើកូន ចៅអ្នកធ្វើការនៅផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវចំណាយប្រាក់បន្ថែមដើម្បីទៅសិក្សាលើជំនាញទាំងនោះទៀត គឺជាបន្ទុកបន្ថែមដែលអាចឱ្យមានការបោះបង់ចោលការសិក្សា។
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឬហៅថា TVET មានចំនួន ២០៧កន្លែង ដែលក្នុងនោះ មានគ្រឹះស្ថានសាធារណៈចំនួន ៣៧ នៅទូទាំងប្រទេស។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតជាង ២៧ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលជំនាញថ្មីនិងលើកកម្ពស់ជំនាញ។ នេះបើតាមការអះអាងរបស់ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
05-វិច្ឆិកា-2024 - ម៉ោង 11:39:AM
06-កញ្ជា-2024 - ម៉ោង 05:30:PM
12-កក្តដា-2024 - ម៉ោង 06:05:PM
28-មិថុនា-2024 - ម៉ោង 02:59:PM