អត្ថបទ៖ សំនៀង
យោងតាមរបាយការណ៍បណ្ដោះអាសន្នស្ដីពី ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញនិងនាំចូលទំនិញជាមួយទីផ្សារអន្តរជាតិប្រមាណ ២៦ពាន់លានដុល្លារអាម៉េរិក។ ការនាំចេញនាំចូលនេះទៅកាន់ប្រទេសចំនួន២០ រួមមាន ប្រទេសចិន អាម៉េរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូណេស៊ី កាណាដា សិង្ហបុរី អាល្លឺម៉ង់ អេស៉្បាញ អង់គ្លេស ម៉ាឡេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ ហូឡង់ ហុងកុង បារាំង បែលហ្ស៊ិក ឥណ្ឌា និងអ៊ីតាលី ក្រៅពីនោះក៏មានការនាំចេញនិងនាំចូលទៅកាន់ប្រទេសផ្សេងៗទៀតផងដែរ។
របាយការណ៍បង្ហាញថា ក្នុងចំណោមប្រទេសទាំង២០នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសអាម៉េរិកក្នុងលំដាប់ទី១គឺបានរហូតដល់ទៅ៤,៤០១,២១២ពាន់លានដុល្លារសហរដ្ឋអាម៉េរិក និងការនាំចេញលំដាប់ទី២នោះគឺទៅកាន់ប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់២,០២៧,៤៩០ពាន់លានដុល្លារសហរដ្ឋអាម៉េរិកក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ។
ស្របពេលដែលការនាំចេញនិងនាំចូលទំនិញមានការកើនឡើងបែបនេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ បានឲ្យដឹងថា សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បានស្ទុះងើបឡើងវិញ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញកសិកម្ម នៅតែមានភាពធន់ល្អ។
កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិចពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ៕
រូបភាព៖ បណ្ដាញសង្គម
05-វិច្ឆិកា-2024 - ម៉ោង 11:39:AM
06-កញ្ជា-2024 - ម៉ោង 05:30:PM
12-កក្តដា-2024 - ម៉ោង 06:05:PM
28-មិថុនា-2024 - ម៉ោង 02:59:PM