អត្ថបទ៖ កែវ រតនៈ
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ ដែលចេញនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នេះបានសរសេរថា យោងតាមដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្នលេខ ១៦៦ “ថ” ដ.រ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់ សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការរឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិ និងសម្ភាររបស់ ក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) មានទីតាំងស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដោយមានការតម្កល់ប្រាក់កក់របស់អ្នកដេញថ្លៃតាមនីតិវិធីដេញថ្លៃ ទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុននោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានថវិកាដែលអាចបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត។
ក្នុងសេចក្តីជូនដំណឹង ក្រសួងតម្រូវឱ្យកម្មករនិយោជិត ទៅសាលាខណ្ឌដង្កោ ដែលមានអាសយដ្ឋាន ផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ នេះតទៅ តាមបញ្ជីឈ្មោះ និងលេខរៀងដែលក្រសួងនឹងបិតនៅសាលាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៣ ខែមីនា មុនបើកផ្តល់ ដោយភ្ជាប់ជាមួយនូវឯកសារមួយចំនួនដូចជា ១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
កម្មករនិយោជិតនៅក្រុមហ៊ុនវ៉ាយ&ដាប់បែលយូហ្គាមេន (Y&W Garment Co. Ltd) ដែលផលិតសម្លៀកបំពាក់ទារកនិងកុមារ ក្នុងខណ្ឌដង្កោ បានចេញតវ៉ាទាមទាររកដំណោះស្រាយ បន្ទាប់ពីថៅកែជនជាតិចិនមិនបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករជាង៤ពាន់នាក់ ហើយបានរត់ចោលរោងចក្រ ដោយមិនបានជូនដំណឹង៕
រូបភាពៈ(បណ្ដាញសង្គម)
05-វិច្ឆិកា-2024 - ម៉ោង 11:39:AM
06-កញ្ជា-2024 - ម៉ោង 05:30:PM
12-កក្តដា-2024 - ម៉ោង 06:05:PM
28-មិថុនា-2024 - ម៉ោង 02:59:PM