អត្ថបទ៖ សំនៀង
គម្រោង FTC ជាចក្ខុវិស័យរួមរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីគាំទ្រលំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម តាមរយៈពង្រឹងគុណភាព ទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។
យោងតាមចេសក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ នៃកម្ពុជា ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ប្រទេសទាំងពីរបានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។
ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការ FTC នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡរ៉ន ម៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់សាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោង ដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូចនិងមធ្យម នៅប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួលក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាស់ទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ ថ្នាល FTC ត្រូវបានអភិវឌ្ឍឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបង្ហាញថា Proxtera Pte Ltd គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកភាគីកម្ពុជារួមមាន៖ ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារ វឌ្ឍនៈអាស៊ីចំកាត់។ ភាគីសិង្ហបុរីរួមមាន៖ ធនាគារ ANEXT គ្រឹះស្ថាន Liquid Groupt Pte Ltd និងគ្រឹះស្ថាន SingInvestment & Finance Limited' ការចែករំលែកព័ត៌មាន និងការផ្តល់ហិរញ្ញប្បទានតាមរយៈថ្នាល FTC ត្រូវបានផ្តួចផ្តើមចូលរួម ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ដើម្បីដាក់ឱ្យដំណើរការគម្រោងនេះសម្រាប់ដំណាក៏កាលដំបូង។
សម្រាប់ប្រទេសសិង្ហបុរី គ្រឹះស្ថាន Sing Investments & Finance Limited នឹងប្រើប្រាស់ថ្នាល FTC ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមសិង្ហបុរី ដូចជា JR Group ដែលជាសហគ្រាស ផ្គត់ផ្គង់សេវាកម្មម្ហូបអាហារឈានមុខគេ ហើយគ្រោងនឹងទិញវត្ថុធាតុដើម និងទំនិញពីសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។ គ្រឹះស្ថាន Liquid Group Pte Ltd ក៏នឹងប្រើប្រាស់ថ្នាល FTC ដើម្បីពិនិត្យ ភាពចាំបាច់ក្នុងការទូទាត់ជារូបិយប័ណ្ណបរទេស សម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-សិង្ហបុរី។ សម្រាប់ប្រទេសកម្ពុជា ធនាគារស្ថាបនានឹងប្រើប្រាស់ថ្នាល FTC ដើម្បីផ្ដល់ហិរញ្ញប្បទានដល់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដូចជាក្រុមហ៊ុនភូមិខ្មែរ ដែលជាក្រុមហ៊ុននាំចូលសម្ភារៈ សំណង់ពីសហគ្រាសធុនតូច និងមធ្យមជាច្រើននៅសិង្ហបុរី។
ដំណាក់កាលបន្ទាប់នៃគម្រោង FTC គ្រោងនឹងបង្កើនលំហូរពាណិជ្ជកម្ម ចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុវត្តហិរញ្ញប្បទានបៃតង និងហិរញ្ញ-ប្បទានពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ (MOU) កាលពីខែកក្កដា ឆ្នាំ២០២៣ ស្តីពីការអភិវឌ្ឍគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ។
ឯកឧត្តម ជៀ ដឺ ចាយអិន នាយកគ្រប់គ្រង អាជ្ញាធររូបិយវត្ថុសិង្ហបុរី មានប្រសាសន៍ថា "ការ ចាប់ផ្តើមគម្រោង FTC រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងសិង្ហបុរី នឹងគាំទ្រដល់លទ្ធភាពនៃការ ទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្ដូរ ទិន្នន័យហិរញ្ញវត្ថុរបស់ស់ហគ្រាសធុនតូច និងមធ្យម នៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល FTC។ ការណ៍នេះនឹងផ្ដល់កាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម និងគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង"។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា "គម្រោង FTC ជាចក្ខុវិស័យរួមរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីគាំទ លំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាស់ធុនតូចនិងមធ្យម តាមរយៈពង្រឹងគុណភាព ទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេស កម្ពុជា និងសិង្ហបុរី ដែលនឹងផ្តល់លទ្ធភាពសហគ្រាសធុនតូចនិងមធ្យមក្នុងការទទួលបានសេវា ហិរញ្ញវត្ថុកាន់តែប្រសើរ។ ការដាក់ឱ្យដំណើរការគម្រោង FTC បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ កណ្ដាល់ទាំងពីរក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ព្រមទាំងរួម ចំណែកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព”៕
05-វិច្ឆិកា-2024 - ម៉ោង 11:39:AM
06-កញ្ជា-2024 - ម៉ោង 05:30:PM
12-កក្តដា-2024 - ម៉ោង 06:05:PM
28-មិថុនា-2024 - ម៉ោង 02:59:PM