
ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ — ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដោយអះអាងថា ការកែប្រែនេះមានគោលបំណងពង្រឹងអភិបាលកិច្ចមូលដ្ឋាន ប្រសិទ្ធភាពរដ្ឋបាល និងការផ្តល់សេវាសាធារណៈ មិនមែនជាវិធានការប្រមូលផ្តុំអំណាចឡើយ។
ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីគណបក្សនយោបាយមួយចំនួន ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មមាត្រា ៣៣ មាត្រា ៣៤ មាត្រា ៣៥ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ តាមក្រសួងមហាផ្ទៃ ការព្រួយបារម្ភដែលត្រូវបានលើកឡើងពាក់ព័ន្ធនឹងប្រព័ន្ធបោះឆ្នោត ការបែងចែកមុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការចូលរួមរបស់គណបក្សនយោបាយនៅថ្នាក់មូលដ្ឋាន។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះត្រូវបានអនុវត្តស្របតាមនីតិវិធីជាធរមាន និងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជុំវិញបញ្ហានេះ គណបក្សក្រៅរដ្ឋាភិបាលចំនួន៥ រួមមាន គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា គណបក្សប្រជាធិបតេយ្យជឿនលឿន និងគណបក្សឆន្ទៈខ្មែរ បានរួមគ្នាដាក់លិខិតចំហរទៅកាន់ប្រធានព្រឹទ្ធសភា ដើម្បីស្នើឱ្យពិនិត្យឡើងវិញនូវខ្លឹមសារ និងផលប៉ះពាល់នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ក្នុងលិខិតចំហរ គណបក្សទាំងប្រាំបានលើកឡើងថា ការកែប្រែច្បាប់អាចប៉ះពាល់ដល់ស្មារតីរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងអាចធ្វើឱ្យបាត់បង់តុល្យភាព និងយន្តការត្រួតពិនិត្យផ្ទៃក្នុងនៅក្នុងក្រុមប្រឹក្សាឃុំ សង្កាត់។ គណបក្សទាំងនេះក៏បានបង្ហាញការព្រួយបារម្ភថា ការកែប្រែអាចប៉ះពាល់ដល់វប្បធម៌សហការ និងសាមគ្គីភាពជាតិ ដោយធ្វើឱ្យការចូលរួមរបស់គណបក្សនយោបាយ និងតំណាងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានមានការថយចុះ។
ពួកគេបានស្នើឱ្យព្រឹទ្ធសភាធានាថា ដំណើរការនីតិប្បញ្ញត្តិមានភាពបើកចំហ តម្លាភាព និងមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ព្រមទាំងស្នើឱ្យមានការបកស្រាយច្បាស់លាស់អំពីការបែងចែកមុខតំណែងក្នុងរដ្ឋបាលឃុំ សង្កាត់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ព្រឹទ្ធសភាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជំនាញឱ្យសិក្សាពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ការប្រគល់ភារកិច្ចនេះធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីមតិ និងការព្រួយបារម្ភផ្សេងៗរបស់គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។ គណៈកម្មាធិការជំនាញត្រូវបានប្រគល់ភារកិច្ចឱ្យពិនិត្យខ្លឹមសារច្បាប់ និងបញ្ហាពាក់ព័ន្ធ ដើម្បីផ្តល់យោបល់ជូនស្ថាប័នមានសមត្ថកិច្ចតាមនីតិវិធី។ ក្រសួងមហាផ្ទៃបានអះអាងថា វិសោធនកម្មនេះមិនបានកែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឡើយ។
តាមការបំភ្លឺរបស់ក្រសួង គណបក្សនយោបាយនីមួយៗនៅតែទទួលបានអាសនៈទៅតាមចំនួនសំឡេងឆ្នោតដែលខ្លួនទទួលបាន។ វិសោធនកម្មក៏មិនដកហូតអាសនៈ ឬកម្រិតសិទ្ធិរបស់ប្រជាពលរដ្ឋ និងគណបក្សនយោបាយដែលចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនោះឡើយ។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាប់ឆ្នោតទាំងអស់ នៅតែមានសិទ្ធិពិភាក្សា អនុម័ត សម្រេច និងត្រួតពិនិត្យការងាររដ្ឋបាលតាមច្បាប់។ ក្រសួងមហាផ្ទៃបានពន្យល់ថា ការកែប្រែរូបមន្តកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ត្រូវបានរៀបចំឱ្យសមស្របទៅនឹងលទ្ធផលបោះឆ្នោត និងឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ ក្រសួងបានសង្កត់ធ្ងន់ថា ការធ្វើវិសោធនកម្មផ្អែកលើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ក្រសួងបានបញ្ជាក់ថា គោលដៅសំខាន់មួយនៃការកែប្រែនេះ គឺការកែលម្អ និងពង្រឹងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់បន្ទាប់ពីការបោះឆ្នោត ដើម្បីធានាប្រសិទ្ធភាពនៃការដឹកនាំ និងការអនុវត្តការងាររដ្ឋបាល។ ចំពោះការព្រួយបារម្ភអំពីការប្រមូលផ្តុំអំណាច ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការពង្រឹងឯកភាពក្នុងការដឹកនាំ មិនមែនជាការប្រមូលផ្តុំអំណាចផ្តាច់មុខឡើយ។
តាមការបំភ្លឺ ថ្នាក់ដឹកនាំឃុំ សង្កាត់នៅតែស្ថិតក្រោមច្បាប់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ផែនការ និងថវិកាដែលបានអនុម័ត ព្រមទាំងស្ថិតក្រោមយន្តការត្រួតពិនិត្យ សវនកម្ម និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ ក្រសួងបានចាត់ទុកការកែប្រែនេះថា ជាការរៀបចំប្រព័ន្ធដឹកនាំឱ្យមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាពជាងមុន មិនមែនជាការផ្តល់អំណាចដោយគ្មានយន្តការត្រួតពិនិត្យឡើយ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា បទប្បញ្ញត្តិថ្មីនឹងត្រូវអនុវត្តចាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ តទៅ ហើយមិនប៉ះពាល់ដល់សមាសភាព ឬមុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ដែលស្ថិតក្នុងអាណត្តិបច្ចុប្បន្នឡើយ។ ជាសរុប ក្រសួងមហាផ្ទៃអះអាងថា ការធ្វើវិសោធនកម្មច្បាប់មានគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន លើកកម្ពស់គុណភាពសេវាសាធារណៈ និងធានាឱ្យរដ្ឋបាលឃុំ សង្កាត់អាចឆ្លើយតបបានកាន់តែរហ័ស និងមានប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្រសួងបានអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងសាធារណជន ឱ្យសិក្សា និងវាយតម្លៃការធ្វើវិសោធនកម្មដោយផ្អែកលើខ្លឹមសារច្បាប់ពេញលេញ និងព័ត៌មានផ្លូវការ ព្រមទាំងចូលរួមផ្តល់មតិយោបល់ដោយស្ថាបនា ដើម្បីរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍរដ្ឋបាលមូលដ្ឋាន។
បញ្ហាវិសោធនកម្មច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យបន្ថែម បន្ទាប់ពីគណបក្សក្រៅរដ្ឋាភិបាលចំនួន៥បានដាក់លិខិតចំហរទៅកាន់ប្រធានព្រឹទ្ធសភា និងព្រឹទ្ធសភាបានប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការជំនាញសិក្សា។ ខណៈក្រសួងមហាផ្ទៃចាត់ទុកការកែប្រែនេះជាវិធានការពង្រឹងប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំរដ្ឋបាលមូលដ្ឋាន គណបក្សក្រៅរដ្ឋាភិបាលវិញបានលើកឡើងពីការព្រួយបារម្ភពាក់ព័ន្ធនឹងការបែងចែកអំណាច ការចូលរួមនយោបាយ និងការរក្សាតុល្យភាពក្នុងក្រុមប្រឹក្សាឃុំ សង្កាត់។









ក្រសួងមហាផ្ទៃថា វិសោធនកម្មច្បាប់ឃុំ សង្កាត់ ពង្រឹងអភិបាលកិច្ច ខណៈគណបក្សក្រៅរដ្ឋាភិបាលព្រួយបារម្ភពីការប្រមូលផ្តុំអំណាច
ក្រសួងមុខងារសាធារណៈ គ្រោងបើកប្រឡងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា
កម្ពុជា ឈានមួយជំហានទៀតក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ
K01 ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើយុវជនម្នាក់
រដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ
៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជាង៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យបានលឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង
ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០
17-កក្តដា-2026 - ម៉ោង 09:39:AM
11-កក្តដា-2026 - ម៉ោង 02:56:PM
30-មិថុនា-2026 - ម៉ោង 02:50:PM
22-មិថុនា-2026 - ម៉ោង 02:22:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា