សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ”

17-វិច្ឆិកា-2023 - ម៉ោង 09:40:AM

(សៀមរាប)៖ ដោយម៉ូវ ស៊ីម៉ីញ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ"អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម ជាពិសេសនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៃចំណងមិត្តភាពដែកថែប កម្ពុជា-ចិន។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់នៅមិនឆ្ងាយប៉ុន្មានពីតំបន់សង្គ្រាមចុងក្រោយដែលត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តទៀតថា ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺឈរលើចក្ខុវិស័យវែងឆ្ងាយចំនួន២ របស់សម្តេចតេជោ ហ៊ុន សែន នោះគឺការអភិរក្ស និងការអភិវឌ្ឍ។

សម្ដេចធិបតីបន្តទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អនុញ្ញាតឱ្យយន្តហោះឡើងចុះបាន២ទិសផ្សេងគ្នា ដែលខុសពីព្រលានយន្តហោះចាស់ ដែលអនុញ្ញាតឱ្យយន្តហោះឡើងចុះបានតែមួយទិសប៉ុណ្ណោះ ដោយសារមួយទិសទៀត ប៉ះចំលើប្រាសាទបុរាណក្នុងតំបន់អង្គរ។ អាកាសយាដ្ឋាននេះបំពាក់ទៅដោយសម្ភារទំនើបៗ និងអាចពង្រីកបានទៅតាមបច្ចេកទេសជំនាញ។

នៅថ្ងៃនេះ សម្តេចធិបតី បានប្រកាសឱ្យដឹងថា ប្រព័ន្ធ E-Arrival សម្រាប់ការបំពេញបែបបទរបស់អ្នកដំណើរតាមយន្តហោះ មកដល់កម្ពុជា នឹងដាក់ឱ្យដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមុនគេ ដើម្បីសម្រួលដល់ការបំពេញបែបបទរបស់អ្នកដំណើរទាំងនោះ ឱ្យកាន់តែងាយស្រួល និងមិនស្មុគស្មាញ ដូចការបំពេញ ដោយប្រើប៊ិកសរសេរ។ ជាមួយគ្នានោះ សៀមរាបនឹងមានរថភ្លើងស្រាល(Autorail) សម្រាប់ធ្វើដំណើរទៅមករវាងក្រុងសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទៀតផង។

សម្ដេចធិបតី បានមានប្រសាសន៍ ថាតាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ «ទស្សនាកម្ពុជាឆ្នាំ២០២៤ » ទេសចរចិននឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ។កម្ពុជាគ្រោងពង្រីកឱ្យប្រើប័ណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទស្សនាខេត្តសៀមរាបដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន(PASSPORT)នោះទេ។ សម្ដេចធិបតីបានជំរុញឲ្យអាជ្ញាធរខិតខំធ្វើយ៉ាងណាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីជាការផ្ដល់ទំនុកចិត្តដល់ពួកគេបន្ថែម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថាឆ្នាំ ២០២៤ ជាឆ្នាំរស់ឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា។ ខណៈពិភពលោកកំពុង មានការគំរាមកំហែងនៃវិបត្តិថាមពល កម្ពុជាបានរក្សាលំនឹងបានដដែលនៃតម្លៃអគ្គិសនី ថែមទាំងមានការបញ្ចុះតម្លៃដល់រោងចក្រ សហគ្រាសនានា រហូតដល់ទៅ១៥ភាគរយផងដែរក្នុងឆ្នាំ២០២៣ នេះ។

ប្រភព៖ឆាណែលតេឡេក្រាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យកូន ចៅ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀនជំនាញដើម្បីទទួលបានការងារល្អប្រសើរ ក្រសួងការងារ ចុះMoUចំនួន ៣ ជាមួយមន្ទីរពេទ្យ Intercare ក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា  តំណាងកម្មករនិយោជិតស្នើបន្ថយមកត្រឹម១០ដុល្លារសម្រាប់ឈ្នួលអប្បរមាឆ្នាំ២០២៥ ខណៈភាគីនិយោជកដំឡើង២ដុល្លារ អាម៉េរិកជាប់លំដាប់លេខ១ ជាប្រទេសដែលកម្ពុជានាំចេញទំនិញបានច្រើនជាងគេក្នុងចំណោម២០ប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទីភ្នាក់ងាមុខរបរ និងការងារ ផ្ដល់ឱកាសឲ្យយុវជនស្វែងរកការងារតាមរយៈវេទិកាការងារជាប្រចាំ ការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) រវាងកម្ពុជា និងសិង្ហបុរី ក្រសួងការងារ ជូនដំណឹងពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉យ & ដាប់បលយូ ហ្គាមេន(Y & W GARMENT CO., LTD.) UNDP អះអាងថាកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកកចម្រើនឆាប់រហ័សជាងគេលើពិភពក្នុងលោករយៈពេល២ទសវត្សចុងក្រោយ ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី បានប្រឹងប្រែងបង្កើតការវិនិយោគដើម្បីអភិវឌ្ឍប្រទេស តាមរយៈជំនួបផ្សេងៗជាមួយក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅប្រទេស!
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម